ថ្ងៃអាទិត្យ ទី០១ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
បារាំងប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ លើវិស័យ TVET និង ប.ស.ស.
Thu,14 September 2023 (Time 08:03 AM)
ដោយ ៖ (ចំនួនអ្នកអាន: 110នាក់)

ភ្នំពេញ៖ រដ្ឋាភិបាលសាធារណរដ្ឋបារាំង និងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) បានបង្ហាញនូវការប្ដេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពិសេសលើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងវិស័យរបបសន្តិសុខសង្គម (ប.ស.ស.)ដែលផ្នែកទាំង២នេះគឺស្របទៅនឹងអនុសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ការប្ដេជ្ញានេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យឯកឧត្តម ហ្សាក ប៉ឺលឡេ (Jacques PELLET) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងលោកស្រី សង់ឌ្រីន ប៊ូស្សេ (Sandrine BOUCHER) នាយិកាប្រចាំប្រទេសនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ព្រមទាំងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅទីស្ដីការក្រសួងការងារ នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។

នាឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានសម្ដែងនូវការអបអរសាទរចំពោះឯកឧត្តម ហេង សួរ ដែលទទួលបានតំណែងជារដ្ឋមន្ត្រីថ្មីនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ឯកឧត្តមក៏បានកោតសរសើរចំពោះវឌ្ឍនភាពរបស់ប្រទេសកម្ពុជា ដែលកំពុងមានការអភិវឌ្ឍរីកចម្រើនឆាប់រហ័ស គិតចាប់ពីពេលដែលឯកឧត្តមបានមកដល់ប្រទេសកម្ពុជាដំបូងតាំងពីឆ្នាំ១៩៩៥។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីថា រដ្ឋាភិបាលបារាំង តាមរយៈទីភ្នាក់ងារ AFD នៅតែប្ដេជ្ញាបន្តគាំទ្រលើការអភិវឌ្ឍកម្ពុជា ដែលក្នុងនោះមានកិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័ននានា។ សម្រាប់កិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គឺមានការពាក់ព័ន្ធនឹងវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងរបបសន្តិសុខសង្គម។

ទន្ទឹមនឹងនេះ លោកស្រីនាយិកា AFD បានបញ្ជាក់ពីការបន្តទំនាក់ទំនងយ៉ាងជិតស្និទ្ធលើការអនុវត្តគម្រោង និងសកម្មភាពពាក់ព័ន្ធនានារបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពិសេសផ្តោតលើវិស័យ TVET និង ប.ស.ស.។ ចំពោះវិស័យ TVET មានដូចជា គម្រោងស្ដីពីការអភិវឌ្ឍវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងគម្រោងស្ដីពីជំនាញសម្រាប់ការប្រកួតប្រជែង ហើយបច្ចុប្បន្នក៏គ្រោងអនុវត្តគម្រោងថ្មីមួយទៀត គឺគម្រោងស្ដីពីជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត ដែលបានពិភាក្សាគ្នាកម្រិតបច្ចេកទេសរួចរាល់មកហើយ ហើយក៏គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាពេលខាងមុខ។ ចំពោះវិស័យ ប.ស.ស. គឺគម្រោងសាកល្បងស្ដីពីរបបធានារ៉ាប់រងសុខភាព សម្រាប់កម្មករនិយោជិតនៅតាមរោងចក្រកាត់ដេរក្នុងប្រទេសកម្ពុជា។ នាពេលខាងមុខ ទីភ្នាក់ងារ AFD នឹងផ្ដល់ជំនួយហិរញ្ញវត្ថុឆ្នាំ២០២៣ ស្ថិតក្រោមមូលនិធិសម្រាប់អ្នកជំនាញការបច្ចេកទេស និងការផ្លាស់ប្ដូរបទពិសោធន៍ សម្រាប់ផ្ដល់ជំនាញបច្ចេកទេសទៅលើការកសាងសមត្ថភាពមន្ត្រី និងបុគ្គលិកនៃ ប.ស.ស. ឬអ្នកជំនាញការជាដើម។

លោកស្រីបានបន្តថា ទីភ្នាក់ងារ AFD ក៏មានគោលដៅសម្រាប់គម្រោងទំនើបភាវូបនីយកម្មរបស់ ប.ស.ស. ផងដែរ ដែលក្នុងនោះរួមមានការអភិវឌ្ឍនិងគ្រប់គ្រងធនធានមនុស្ស និងការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន (ICT) នៃ ប.ស.ស. ឱ្យស្របទៅនឹងការរីកចម្រើននៃវិស័យសន្តិសុខសង្គមក្នុងប្រទេសកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានថ្លែងអំណរគុណដល់ឯកឧត្តមឯកអគ្គរដ្ឋទូតបារាំង និងលោកស្រីនាយិកា AFD ដែលបានមកពិភាក្សាពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ខាងលើ។ កិច្ចសហប្រតិបត្តិការទាំងនេះក៏ស្របទៅនឹងអនុសាសន៍ទាំង៦ចំណុចរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏ដូចជាយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលរាជរដ្ឋាភិបាលនីតិកាលទី៧ទើបនឹងដាក់ឱ្យប្រើប្រាស់កាលពីពេលថ្មីៗនេះ។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះភាគីបារាំងដែលបានសហការ និងគាំទ្រលើវិស័យពាក់ព័ន្ធខាងលើនេះ និងបានប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលបារាំង ពិសេសជាមួយគម្រោងរបស់ទីភ្នាក់ងារ AFD ដើម្បីសម្រេចឱ្យបាននូវលទ្ធផលជាអតិបរមា៕

ព័ត៌មានគួរចាប់អារម្មណ៍

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលបានភេសជ្ជៈចំនួន៥,៥៥៥កេស ពីក្រុមហ៊ុន ជីប ម៉ុង ()

ព័ត៌មានគួរចាប់អារម្មណ៍

លទ្ធផលនៃជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក ឡាន ធានលី (Lan Tianli) អភិបាលនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីការងារស្នើទីភ្នាក់ងារ JICA បន្តការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យឈានដល់៧%ឡើងវិញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងមហាផ្ទៃ បដិសេធសំណើ សុំបង្កើត «គណបក្សអាយ៉ងខ្មែរ» ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេច​ក្រឡាហោម ស​ ខេង​ ប្រាប់ជនអគតិបញ្ឈប់ ជាបន្ទាន់រាល់ទង្វើទាំងឡាយណា ប៉ះពាល់ដល់សន្តិភាព ()

វីដែអូ