ភ្នំពេញ៖ ដើម្បីឆ្លើយតបកាន់តែមានប្រសិទ្ធភាព និងជំរុញការចូលរួមអនុវត្តឱ្យទទួលបានជោគជ័យនូវកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដាក់ចេញនូវយុទ្ធសាស្ត្រ សំខាន់ៗចំនួន ៩ចំណុច ជំរុញលើកកម្ពស់គុណភាពថែទាំសុខភាព ទាំងសេវាសាធារណៈ និងឯកជន ជាមួយនឹងការពង្រឹងនិយ័តកម្មសេវាសុខាភិបាល។ឯកឧត្តមរដ្ឋមន្ត្រីក៏បានដាក់ការងារបន្ទាន់នេះ ជូនឯកឧត្តមសាស្រ្តាចារ្យ ហ៊ុន ចំរើន ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី ដើម្បីដឹកនាំប្រជុំ ដែលធ្វើឡើងនៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ នាទីស្តីការក្រសួងសុខាភិបាល។កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល,លោក ង៉ូវ កាង រដ្ឋលេខាធិកាក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល និងមន្រ្តីបច្ចេកទេស រួមទាំងលោក រស់ ប្រាជ្ញ ពន្លឺ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាតំណាងគណៈគ្រូពេទ្យកម្ពុជា។បើតាមការបញ្ជាក់របស់ឯកឧត្តម ហ៊ុន ចំរើន ការចូលរួមពីគណៈគ្រូពេទ្យកម្ពុជានេះ ដើម្បីពិនិត្យមើល «ប្រកាស ស្តីពីការផ្សព្វផ្សាយលក្ខណៈវិជ្ជាជីវៈសុខាភិបាល» ក្នុងគោលបំណង ធ្វើឲ្យសាធារណៈជន បានទទួលនូវព័ត៌មានដែលអាចជឿជាក់បានយកទៅពិចារណា ក្នុងការស្វែងរកសេវាសុខាភិបាលសមស្របណាមួយ ទៅតាមសេចក្តីត្រូវការ និងដើម្បីធ្វើឲ្យអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់មានសេចក្តីថ្លៃថ្នូរ គោរពអនុវត្តតាមលិខិតបទដ្ឋានគតិយុទ្ធដែលចូលជាធរមាន។សូមជម្រាបថាក្នុងពេលថ្មីៗនេះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់មូលដ្ឋានសុខាភិបាលទាំងអស់ ត្រូវអនុវត្តបទដ្ឋានបច្ចេកទេស គោរពក្រមសីលធម៌វិជ្ជាជីវៈ និងលិខិតបទដ្ឋានគតិយុទ្ធជាធរមាន ក្នុងការផ្តល់សេវាសុខាភិបាលជូនអ្នកជំងឺ ក៏ដូចជាប្រជាពលរដ្ឋទូទៅប្រកបដោយគុណភាព សុវតិ្តភាព ប្រសិទ្ធភាព និងសមធម៌៕
ព័ត៌មានគួរចាប់អារម្មណ៍
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលបានភេសជ្ជៈចំនួន៥,៥៥៥កេស ពីក្រុមហ៊ុន ជីប ម៉ុង ()
លទ្ធផលនៃជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក ឡាន ធានលី (Lan Tianli) អភិបាលនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ()
រដ្ឋមន្ត្រីការងារស្នើទីភ្នាក់ងារ JICA បន្តការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យឈានដល់៧%ឡើងវិញ ()
ក្រសួងមហាផ្ទៃ បដិសេធសំណើ សុំបង្កើត «គណបក្សអាយ៉ងខ្មែរ» ()
សម្ដេចក្រឡាហោម ស ខេង ប្រាប់ជនអគតិបញ្ឈប់ ជាបន្ទាន់រាល់ទង្វើទាំងឡាយណា ប៉ះពាល់ដល់សន្តិភាព ()
វីដែអូ