ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឱ្យសារមន្ទីរ ស្ថាប័ននានា និងអ្នកដែលកំពុងរក្សាទុកវត្ថុបុរាណខ្មែរ ប្រគល់មកឱ្យកម្ពុជាដោយស្ម័គ្រចិត្តវិញ។ថ្លែងនៅក្នុងពិធីប្រគល់វត្ថុបុរាណខ្មែរដែលធ្វើនៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នៅវិមានសន្តិភាពសម្តេចតេជោ ហ៊ុន សែន ដូច្នេះថា៖ «រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកការប្រគល់វត្ថុបុរាណខ្មែរដែលជាម្ចាស់ដើម គឺជាកាយវិការដ៏ថ្លៃថ្លាគួរឱ្យគោរព ជាការបង្ហាញក្រមសីលធម៌ចូលរួមលើកកម្ពស់វប្បធម៌នៃជាតិសាសន៍មួយដែលបានរួមចំណែកដ៏ឧដុង្គឧត្តមផ្សេះផ្សារ និងព្យាបាលរបួសរបស់ប្រជាជនកម្ពុជាដែលបានឆ្លងកាត់សង្គ្រាមដ៏រ៉ាំរ៉ៃ និងសោកនាដកម្មនៃប្រល័យពូជសាសន៍»។សម្តេចគូសបញ្ជាក់ថា ពិធីប្រគល់វត្ថុបុរាណនៅថ្ងៃនេះ គឺជាពិធីដ៏ឧដុង្គឧត្តម ពោលមិនមែនសម្រាប់កម្ពុជាដែលជាម្ចាស់វត្ថុបុរាណនោះទេ ប៉ុន្តែឆ្លុះបញ្ជាំងឱ្យឃើញពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសនានា និងការខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិនៅក្នុងយុទ្ធនាការសកលប្រយុទ្ធទប់ស្កាត់អំពើចោរកម្ម និងការចរាចរជួញដូរខុសច្បាប់នៃសម្បត្តិវប្បធម៌។សម្តេចបន្តថា បច្ចុប្បន្នកម្ពុជាកំពុងតែប្រមូលភស្តុតាងដែលបរទេសលួចវត្ថុបុរាណខ្មែរយកទៅដោយខុសច្បាប់ ខណៈកម្ពុជាកំពុងតែធ្វើនិតីវិធីចរចាជាមួយគ្រប់ភាគីពាក់ព័ន្ធទាមទារវត្ថុបុរាណខ្មែរត្រឡប់មកវិញ។ ទន្ទឹមនោះ សម្តេចតេជោ ក៏បានកោតសរសើរចំពោះរដ្ឋាភិបាលនៃប្រទេសនានា និងភាគីពាក់ព័ន្ធដែលបានរួមចំណែកធ្វើឱ្យសម្រេចបាននូវសមិទ្ធផលដ៏វិសេសវិសាលទាំងនេះ។លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា គ្រឿងអលង្ការបុរាណដែលធ្វើអំពីមាសទាំងធំ និងទាំងតូចចំនួន ៧៧គ្រឿង ត្រូវបាននាំពីប្រទេសអង់គ្លេស ហើយបានមកដល់កម្ពុជាវិញ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។លោកជំទាវបន្តថា មានរូបបដិមាចំនួន ៩អង្គត្រូវបានលួចចេញពីប្រាសាទចិន ស្ថិតក្នុងប្រាសាទកោះកេរ អតីតរាជធានីខ្មែរសតវត្សរ៍ទី១០នៃគ.ស ក្នុងអំឡុងនៃសម័យសង្គ្រាមស៊ីវិល និងអសន្តិសុខក្នុងស្រុក។ គិតមកពេលនេះរូបបដិមាចំនួន ៧អង្គត្រូវបានប្រគល់ឱ្យកម្ពុជាវិញ ក្នុងនោះមានរូបបដិមាចំនួន ២អង្គទៀតកម្ពុជាកំពុងតែធ្វើការស្រាវជ្រាវរកប្រភពដើមដែលលួចយកទៅដើម្បីវិលត្រឡប់មកកម្ពុជាវិញ។បើតាមលោកជំទាវ ភឿង សកុណា បច្ចុប្បន្នកម្ពុជាកំពុងតែធ្វើការជាមួយប្រទេសអាមេរិក ប្រទេសដទៃទៀត និងបុគ្គលឯកជនដើម្បីធ្វើនិតីវិធីទាមទារវត្ថុបុរាណជាច្រើនទៀតត្រឡប់មកកម្ពុជាវិញ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង ស្នើអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន រួមសហការពង្រឹងគុណភាព និងឯកភាពព័ត៌មានក្នុងជួររដ្ឋបាលរាជធានី-ខេត្ត ()
សម្ដេចក្រឡាហោម ស ខេង ណែនាំដល់អភិបាលរាជធានី-ខេត្ត ត្រូវដោះស្រាយគ្រប់បណ្តឹងទាំងអស់ឱ្យច្បាស់លាស់ និងត្រឹមត្រូវបំផុត ()
សម្តេចក្រឡាហោម ស ខេង ៖ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នឹងតម្រូវឱ្យអ្នកបើកបរ យានយន្តធ្វើតេស្ត រកសារធាតុញៀន ()
សម្ដេចក្រឡាហោម ស ខេង ៖ ការបណ្ដុះបណ្ដាលមន្ដ្រីនគរបាលជាតិ ត្រូវធ្វើឱ្យជាប់ជាប្រចាំ និងគ្មានទីបញ្ចប់ ដើម្បីរក្សាសន្ដិសុខជាតិឱ្យបានរឹងមាំ ()
សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយរដ្ឋមន្រ្តីកសិកម្ម, លោកបណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធារ លើការងារកសិកម្ម ()
វីដែអូ