(បាត់ដំបង)៖ លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សាខាខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្ដល់ជូន មាតា ទារក ដែលទើបសម្រាលកូនតូច និងស្រ្តីមានផ្ទៃពោះចំនួន៨០នាក់ មកពីភូមិចំនួន៩ ក្នុងឃុំបួ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ពិធីនេះបានធ្វើឡើងនិងប្រារព្វធ្វើនៅបរិវេណវត្តអូរដា ឃុំ បួរ ស្រុកភ្នំព្រឹក ដោយមន្រ្តីពាក់ព័ន្ធអមដំណើរជាច្រើននាក់ចូលរួមផងដែរ។លោក សុខ លូ លើកឡើងថា ថ្ងៃនេះយើងធ្វើពិធីនេះ ក្នុងគោលបំណងគាំទ្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិដើមី្បសុខភាពស្ត្រី និងកុមារ។លោកឱសថបណ្ឌិត វឿង ប៊ុនរេត អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានអានសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការ សកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្រ្តី និងកុមារ ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២៣ ក្នុងខ្លឹមសារបានបញ្ជាក់ពីអត្ថន័យនៃទិវាជាតិសុខភាពមាតា ទារក និង កុមារ ឲ្យស្ថិតនៅជាស្មារតីនៃការប្រុងប្រយ័ត្នប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០ និងសូមអំពាវនាវនូវចំណុចមួយចំនួនដូចខាងក្រោម៖*ទី១៖ សូមស្ត្រីមានផ្ទៃពោះទាំងអស់៖*ទៅពិនិត្យសុខភាព និងពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ឱ្យបានទៀងទាត់ចំនួន ៤ដង តាមពេលវេលាកំណត់ ទៅទទួលថ្នាំបង្ការជំងឺតេតាណូស និងទៅ ចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ទៅទទួលយកសេវាបង្ការ/ព្យាបាលទាំងអស់ពិសេសការស្ម័គ្រចិត្ត ធ្វើតេស្តឈាមរកមេរោគអេដស៍ ស្វាយ រលាកថ្លើមប្រភេទបេ ដើម្បីទប់ស្កាត់ការចម្លងមេរោគពី ម្ដាយទៅកូន។*ទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យមានគ្រូពេទ្យជំនាញដែលទទួលបានការបណ្តុះ បណ្តាលត្រឹមត្រូវ។*ទៅពិនិត្យសុខភាពក្រោយពេលសម្រាលទាំងម្តាយ ទាំងកូន យកកូនទៅចាក់វ៉ាក់សាំងបង្ការជំងឺ ១១មុខ តាមពេលវេលាកំណត់ ត្រូវយកចិត្តទុកដាក់ពិនិត្យតាមដានសុខភាពនិងការលូត លាស់ របស់កូន រហូតដល់កូនមានអាយុពីរឆ្នាំ។*បំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ ចាប់ពីពេលកើតភ្លាមរហូតដល់ទារក មានអាយុ៦ខ និងផ្ដល់អាហារបន្ថែមគ្រប់មុខ គ្រប់ជីវជាតិ (បបរខាប់គ្រប់គ្រឿង) រួមជាមួយការបន្តបំបៅ ទឹកដោះម្តាយរហូតដល់កុមារមានអាយុយ៉ាងតិច២ឆ្នាំ។*ត្រូវប្រញាប់យកទារកទៅមន្ទីរពេទ្យភ្លាម នៅពេលឃើញសញ្ញាគ្រោះថ្នាក់ណាមួយ នៃជំងឺរលាកផ្លូវ ដង្ហើម ជំងឺរាក ឬជំងឺផ្សេងទៀត និងយកទារក/កុមារតូចទៅពិគ្រោះយោបល់ និងទទួលការ ព្យាបាលនៅមន្ទីរពេទ្យ ប្រសិនបើទារក/កុមារតូច មានរាងកាយស្គម ឬមិនឡើងទម្ងន់សោះ។*សូមជ្រើសរើសការពន្យារកំណើត ដើម្បីសុខភាពរបស់ម្តាយ និងទារក។*ទី២៖ សូមយុវតី ឬស្ត្រីក្នុងវ័យបន្តពូជដែលមានអាយុ ១៥ ទៅ ៤៩ឆ្នាំ ដែលមានបញ្ហាសុខភាពទៅពិគ្រោះ យោបល់ ទទួលការថែទាំ ឬការព្យាបាលជំងឺនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ឬគ្លីនិក មានគ្រូពេទ្យ ជំនាញច្បាស់លាស់ ដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវពីក្រសួងសុខាភិបាល ដើម្បីចៀសវាងគ្រោះថ្នាក់ និងពិការភាព។*ទី៣៖ សូមថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាល និងអ្នកផ្តល់សេវាទាំងអស់ចូលរួមគាំទ្រការអនុវត្ត គោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពខ្ពស់។*ទី៤៖ សូមគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងជាតិ-អន្តរជាតិ បន្តវិនិយោគក្នុងការងារសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ យុវវ័យ និងអាហារូបត្ថម្ភ ពិសេសសូមជួយឧបត្ថម្ភគាំទ្រដល់ការងារ បណ្តុះបណ្តាលជំនាញ និងវិក្រឹតការដល់មន្ត្រី/បុគ្គលិកសុខាភិបាល រួមទាំងអាជ្ញាធរមូលដ្ឋាន អ្នកអប់រំផ្សព្វផ្សាយនៅសហគមន៍ ឱ្យទទួលបានចំណេះដឹង និងជំនាញពិតប្រាកដ។សំណេះសំណាលនាឱកាសនោះ លោក សុខ លូ បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្រ្តី និងកុមារ នៅកម្ពុជានោះ សម្តេច ប្រធាន តែងតែមានសន្តានចិត្តប្រោសប្រណី និងគិតគូរចំពោះទុក្ខលំបាករបស់បងប្អូនប្រជា ពលរដ្ឋជាស្ត្រីដែលកំពុងមានផ្ទៃពោះ ស្រ្តីបំបៅដោះកូន ស្រ្តីមានកូនច្រើន និងស្ត្រីដែលមានផ្ទុកមេរោគអេដស៍/ជំងឺអេដស៍។ទិវាជាតិសុខភាពមាតា ទារកនិងកុមារ ឆ្នាំ២០២៣នេះប្រព្រឹត្តទៅក្រោមប្រធានបទ «រួមគ្នាពង្រឹងសេវាសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ យុវវ័យ និងអាហាររូបត្ថម្ភដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ ប្រកបដោយចិរភាព នៅឆ្នាំ២០៣០» ដែលក្នុងនាមជា មាតា និងជាជីដូនម្នាក់នោះ នាងខ្ញុំមានការចាប់អារម្មណ៍ និងកោតសរសើរជាខ្លាំង ចំពោះស្មារតី ទទួលខុសត្រូវរបស់មាតាគ្រប់រូបក្នុងការចិញ្ចឹម និងថែទាំកូនតាំងពីទារក រហូតដល់ពេញវ័យ ដោយមិនមានពោលពាក្យនឿយហត់បន្តិចសោះឡើយ ដែលនេះបង្ហាញឱ្យឃើញពីព្រហ្មវិហារធម៌ របស់មាតារួមទាំងបិតាផងដែរ ចំពោះបុត្រធីតាគ្រប់រូប។បច្ចុប្បន្ននេះទោះបីអត្រាមរណៈភាពរបស់មាតា និងទារកបានថយចុះក៏ដោយ ប៉ុន្តែសុខ ភាពមាតា ទារក និងកុមារនៅតែជាកង្វល់របស់រាជរដ្ឋាភិបាលកម្ពុជាយើង ដែលទាមទារឱ្យមាតា គ្រប់រូបយកចិត្តទុក្ខដាក់បន្ថែមទៀត ទៅលើការថែទាំសុខភាពផ្ទាល់ខ្លួន និងកូនៗរបស់យើង។ ទាំងអស់នេះអ្នកម្ដាយគ្រប់រូបត្រូវស្វែងរកការផ្ដល់ប្រឹក្សាពីមន្ត្រីសុខាភិបាល អ្នកគ្រូពេទ្យឆ្មប ដែលបំរើការនៅមណ្ឌលសុខភាពជិតផ្ទះរបស់យើង ដូចជា ការបំបៅដោះកូន ការតាមដានភាព លូតលាស់នៃទារក ការចាក់វ៉ាក់សាំងបង្ការជំងឺ និងការប្រើប្រាស់អាហាររូបត្ថម្ភជាដើម។អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនបងប្អូនស្ត្រីកូនតូចៗមា្នក់ៗទទួលបាន៖អង្ករ២៥គីឡូក្រាម ទឹកបរិសុទ្ធ១កេសមី១កេស ត្រីខ១យួរ ទឹកត្រី១យួ ទឹកស៊ីអ៉ីវ១យួ,មុង១,ក្រមារ១ និងថវិកា៥ម៉ឺន ផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង ស្នើអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន រួមសហការពង្រឹងគុណភាព និងឯកភាពព័ត៌មានក្នុងជួររដ្ឋបាលរាជធានី-ខេត្ត ()
សម្ដេចក្រឡាហោម ស ខេង ណែនាំដល់អភិបាលរាជធានី-ខេត្ត ត្រូវដោះស្រាយគ្រប់បណ្តឹងទាំងអស់ឱ្យច្បាស់លាស់ និងត្រឹមត្រូវបំផុត ()
សម្តេចក្រឡាហោម ស ខេង ៖ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នឹងតម្រូវឱ្យអ្នកបើកបរ យានយន្តធ្វើតេស្ត រកសារធាតុញៀន ()
សម្ដេចក្រឡាហោម ស ខេង ៖ ការបណ្ដុះបណ្ដាលមន្ដ្រីនគរបាលជាតិ ត្រូវធ្វើឱ្យជាប់ជាប្រចាំ និងគ្មានទីបញ្ចប់ ដើម្បីរក្សាសន្ដិសុខជាតិឱ្យបានរឹងមាំ ()
សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយរដ្ឋមន្រ្តីកសិកម្ម, លោកបណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធារ លើការងារកសិកម្ម ()
វីដែអូ