ភ្នំពេញ៖ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងឯកឧត្តមបណ្ឌិត ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី (Thani bin Ahmed Al Zeyoudi) រដ្ឋមន្រ្តីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិនៃក្រសួងសេដ្ឋកិច្ចអេមីរ៉ាតអារ៉ាប់រួម បានប្រកាសរួមគ្នា អំពីការបញ្ចប់ការចរចាផ្លូវការ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (Cambodia-UAE CEPA) តាមរយៈប្រព័ន្ធវីដេអូ។ ការប្រកាសនេះ បានធ្វើឡើងនារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ដោយ មានការចូលរួមពីប្រធានក្រុមចរចា តំណាងក្រុមការងារចរចា និងអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធនៃភាគីទាំងពីរ។ឯកឧត្តម ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ថា សមិទ្ធផលជាប្រវត្តិសាស្រ្ត និងមានសារៈសំខាន់មួយនេះត្រូវបានផ្តួចផ្តើម និងបង្កើតស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភា ក្នុងការធ្វើពិពិធកម្មទីផ្សារនាំចេញ និងបន្តជំរុញសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាចូលទៅក្នុងតំបន់និងពិភពលោក។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ជាលទ្ធផល ភាគីទាំងពីរបានឯកភាព និងចុះហត្ថលេខាលើលក្ខន្តិកៈយោងនៃការបង្កើតកិច្ចព្រមព្រៀង Cambodia-UAE CEPA កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ រវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ហើយបានប្រកាសបើកការចរចាជុំទី១ នៅថ្ងៃទី២៤-២៦ ខែតុលា ឆ្នាំ២០២២ នៅរដ្ឋធានីអាប៊ុយដាប៊ី អេមីរ៉ាតអារ៉ាប់រួម។ ឯកឧត្ដមបន្ដថា បន្ទាប់មក ភាគីទាំងពីរបានរៀបចំការចរចាជុំទី២ នៅថ្ងៃទី១៩-២១ ខែធ្នូ ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា និងការចរចាជុំទី៣(ជុំចុងក្រោយ) នៅថ្ងៃទី២០-២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងឌុយបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម ប្រកបដោយសមិទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈ។ ចំពោះការចរចានេះ បានដឹកនាំដោយលោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមចរចាពាណិជ្ជកម្មសម្រាប់ភាគីកម្ពុជា និងឯកឧត្តម ជូម៉ា ម៉ូហាមេដ អាល់ កាត (Juma Mohammed AI Kait) អនុរដ្ឋមន្រ្តីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានក្រុមចរចាពាណិជ្ជកម្មសម្រាប់ភាគីអេមីរ៉ាតអារ៉ាប់រួម។ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា ដោយទទួលស្គាល់ពីថាមវ័ន្តសេដ្ឋកិច្ចនៃប្រទេសទាំងពីរ ប្រទេសកម្ពុជានិងប្រទេសអេមីរ៉ាតអារ៉ាប់រួម នឹងអាចទាញយកអត្ថប្រយោជន៍ជាអតិបរមាក្រោមក្របខណ្ឌនេះ ដើម្បីជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចសម្រាប់ប្រជាជននៃភាគីទាំងពីរ តាមរយៈការលើកកម្ពស់ខ្សែច្រវាក់តម្លៃ កិច្ចសម្រួលពាណិជ្ជកម្ម ការជំរុញវិនិយោគទ្វេភាគី និងការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសក្តានុពលនានា ដែលជាកាលានុវត្តភាពថ្មីៗ ផ្តល់ដោយអាស៊ាន និងតំបន់មជ្ឈឹមបូព៌ា។ ឯកឧត្តមបានថ្លែងបញ្ជាក់ថា កិច្ចព្រមព្រៀងដ៏មានសារៈសំខាន់នេះគ្របដណ្តប់លើពាណិជ្ជកម្មទំនិញ វិធានដើមកំណើតទំនិញ នីតិវិធីគយនិងកិច្ចសម្រួលពាណិជ្ជកម្ម អនាម័យនិងភូតគាមអនាម័យ របាំងបច្ចេកទេសពាណិជ្ជកម្ម ឧបាស្រ័យ ពាណិជ្ជកម្ម វិនិយោគ ពាណិជ្ជកម្មសេវា ពាណិជ្ជកម្មឌីជីថល កម្មសិទ្ធិបញ្ញា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកទេស សហគ្រាសធុនតូចនិងមធ្យម តម្លាភាព យន្តការដោះស្រាយវិវាទ អញត្រកម្ម រដ្ឋបាលកិច្ចនៃកិច្ចព្រមព្រៀង និងអវសានប្បញ្ញត្តិ។ជាមួយគ្នានេះដែរ ទំនិញកសិកម្មនិងឧស្សាហកម្មសក្តានុពលដែលកម្ពុជានឹងទទួលបានទីផ្សាររួមមាន៖ អង្ករ បន្លែ ចេក ស្វាយចន្ធី ស្វាយ ពោត ម្រេច ធុរេន នំធ្វើពីអង្ករ ដំណាប់ផ្លែឈើ កង់ គ្រឿងបង្គុំអេឡិចត្រូនិក រថយន្តអគ្គិសនី កាបូបធ្វើដំណើរ ស្បែកជើង សម្លៀកបំពាក់ជាដើម។-ល-។ រីឯទីផ្សារសេវាដែលកម្ពុជាទទួលបានសំខាន់ៗរួមមាន៖ សេវាកម្មអាជីព និងសេវាកម្មធុរកិច្ច សេវាកម្មសំណង់និងវិស្វកម្ម និង សេវាកម្មបរិស្ថាន។-ល-។សូមបញ្ជាក់ថា បន្ទាប់ពីពិធីប្រកាសបញ្ចប់ការចរចាជាផ្លូវការនៃកិច្ចព្រមព្រៀងនេះ ភាគីទាំងពីរនឹងពន្លឿននីតិវិធីបន្តដើម្បីអាចឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់នេះ តាមកាលបរិច្ឆេទសមស្របនាពេលឆាប់ៗខាងមុខ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង ស្នើអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន រួមសហការពង្រឹងគុណភាព និងឯកភាពព័ត៌មានក្នុងជួររដ្ឋបាលរាជធានី-ខេត្ត ()
សម្ដេចក្រឡាហោម ស ខេង ណែនាំដល់អភិបាលរាជធានី-ខេត្ត ត្រូវដោះស្រាយគ្រប់បណ្តឹងទាំងអស់ឱ្យច្បាស់លាស់ និងត្រឹមត្រូវបំផុត ()
សម្តេចក្រឡាហោម ស ខេង ៖ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នឹងតម្រូវឱ្យអ្នកបើកបរ យានយន្តធ្វើតេស្ត រកសារធាតុញៀន ()
សម្ដេចក្រឡាហោម ស ខេង ៖ ការបណ្ដុះបណ្ដាលមន្ដ្រីនគរបាលជាតិ ត្រូវធ្វើឱ្យជាប់ជាប្រចាំ និងគ្មានទីបញ្ចប់ ដើម្បីរក្សាសន្ដិសុខជាតិឱ្យបានរឹងមាំ ()
សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយរដ្ឋមន្រ្តីកសិកម្ម, លោកបណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធារ លើការងារកសិកម្ម ()
វីដែអូ