ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា វិស័យឯកជនគឺជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាល នៅក្នុងការនាំយកសក្តានុពលរបស់កម្ពុជាឱ្យពិភពលោកបានស្គាល់ច្បាស់ និងចាប់អារម្មណ៍ រួមទាំងការរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចជាតិ តាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ច ការបង្កើនភាពប្រកួតប្រជែង និងការបង្កើតការងារជូនប្រជាពលរដ្ឋ។ថ្លែងក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយសហគ្រិនវ័យក្មេងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិតបានផ្ដល់ជាទស្សនវិស័យផ្ទាល់ខ្លួន អំពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន និងការលើកកម្ពស់វិស័យឯកជន ក្នុងនោះមានកត្តាអាទិភាពចំនួន ៣ ដែលមានដូចជា៖ទី១.ក្របខណ្ឌគោលនយោបាយ៖ សំដៅទៅលើចក្ខុវិស័យជួយសម្រួលដល់ប្រតិបត្តិការ និងការរីកចម្រើនរបស់វិស័យឯកជន ហើយរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានធ្វើការងារយ៉ាងច្រើនសន្ធឹកសន្ធាប់ បម្រើដល់ការរីកលូតលាស់មកដល់សព្វថ្ងៃនេះ ហើយក៏នឹងបន្តវាយតម្លៃ និងកែសម្រួលដាក់ចេញនូវគោលនយោបាយជាបន្តបន្ទាប់ទៀត ដើម្បីធ្វើយ៉ាងណាឱ្យបរិយាកាសធុរកិច្ចនៅកម្ពុជាកាន់តែមានភាពប្រកួតប្រជែង ងាយស្រួល និងមានថ្លៃដើមទាប។ទី២.ក្របខណ្ឌយន្តការអនុវត្ត៖ សំដៅទៅលើការលើកទឹកចិត្តឱ្យវិស័យឯកជនដើរតួនាទីក្នុងការអនុវត្តផ្ទាល់ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល។ទី៣.ការអនុវត្តជាក់ស្តែង៖ សំដៅទៅលើការធានាឱ្យបាននូវការអនុវត្តជាក់ស្តែងដោយរលូន ជាការឆ្លុះបញ្ចាំងទៅនឹងផែនការដែលបានគូសវៀស ហើយការអនុវត្តនេះទាមទារនូវនីតិវិធីច្បាស់លាស់ ងាយស្រួល រស់រវើក និងតម្លាភាព រួមជាមួយនឹងកត្តាមនុស្សដែលមានការយល់ដឹង និងមានបទពិសោធន៍ជាក់ស្តែង ជាពិសេសកត្តាតុល្យភាពរវាងមន្ត្រីរដ្ឋ និងផ្នែកឯកជន។ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតបានគោរពថ្លែងអំណរគុណចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចក្រទ្បាហោម ឧបនាយករដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំនៃក្រុមការងារចំពោះកិច្ច ព្រមទាំងស្ថាប័នមានសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំយ៉ាងសស្រាក់សស្រាំបំពេញការងារនេះ ដោយពុំគិតពីការនឿយហត់រហូតសម្រេចបាននូវការនាំមក នូវភាពស្អាតស្អំរបស់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ។ ការណ៍នេះពិតជានឹងចូលរួមចំណែកក្នុងការផ្តល់ នូវផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចដ៏សំខាន់ដល់កម្ពុជា ជាពិសេសសម្រាប់វិស័យឯកជនផ្ទាល់ ក្នុងការរក្សាលំនឹងនៃរំហូរហិរញ្ញវត្ថុ និងការដោះដូរពាណិជ្ជកម្មនានាទៅកាន់ទូទាំងសាកលលោក។ឯកឧត្ដម ក៏បានកោតសរសើរចំពោះសហគ្រិនវ័យក្មេងកម្ពុជាទាំងអស់ ដែលបានដឹកនាំ និងរក្សាបាននូវវឌ្ឍនភាពអាជីវកម្ម-ធុរកិច្ចល្អប្រសើរ និងថែមទាំងបានទាក់ទាញរំហូរវិនិយោគពីបរទេសនាពេលកន្លងមក ទោះបីជាត្រូវប្រឈមនឹងផលវិបាកជាច្រើនក្នុងអំឡុងពេលវិបត្តិនៃជំងឺកូវីដ-១៩ ក៏ដោយ។ ឯកឧត្ដមក៏បានចូលរួមសាទរ ដែលអង្គការឃ្លាំមើលការលាងសម្អាតប្រាក់ និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុអន្តរជាតិ(FATF) បានប្រកាសជាផ្លូវការក្នុងការដកប្រទេសកម្ពុជាចេញពីបញ្ជីប្រផេះ នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់។ឯកឧត្ដមក៏ក្នុងពិធីនោះដែរឯកឧត្ដមក៏បានអំពាវនាវដល់សហគ្រិនទាំងអស់ បន្តចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការពង្រីកការវិនិយោគ នៅក្នុងវិស័យសំខាន់ៗដែលមានតម្លៃបន្ថែមខ្ពស់ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងបន្តបង្កើតឱកាសការងារបន្ថែមជូនប្រជាពលរដ្ឋ ជាពិសេសសម្រាប់យុវជនស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ទន្ទឹមនោះ ឯកឧត្ដមក៏បានលើកទឹកចិត្តឱ្យសហគ្រិនទាំងអស់ឱ្យបង្កើនសមត្ថភាព, ពង្រឹងភាពប្រកួតប្រជែង និងសូមខិតខំទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមាពីគោលនយោបាយ ក៏ដូចជាវិធានការលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាលចំពោះវិស័យឯកជន ជាពិសេសតាមរយៈការវិនិយោគនៅក្នុងវិស័យអាទិភាព ដើម្បីទទួលបានការលើកទឹកចិត្តផ្នែកសារពើពន្ធ, ការទទួលបានការបណ្តុះបណ្តាលសហគ្រិនភាព, ការអភិវឌ្ឍជំនាញ, និងការទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយបណ្តាប្រទេសនានាជាដើម។ឯកឧត្ដមបន្តថា ក្រៅពីការបង្កើតទ្រព្យ និងរកប្រាក់ចំណេញ, សហគ្រិនទាំងអស់ក៏ត្រូវបណ្តុះគំនិតចូលរួមចំណែកក្នុងកិច្ចការសង្គម ព្រមជាមួយនឹងការចាប់យកបច្ចេកវិទ្យាឌីជីថលនៅក្នុងអាជីវកម្មប្រកប ដោយភាពច្នៃប្រឌិត និងនវានុវត្តន៍ ដែលអាចនាំមកនូវផលិតភាពខ្ពស់ និងតម្លៃបន្ថែមកាន់តែច្រើនដល់សេដ្ឋកិច្ចជាតិ។ជាមួយគ្នានេះ ឯកឧត្ដមបានស្នើដល់សភាពាណិជ្ជកម្មកម្ពុជាបន្តផ្តល់ការគាំទ្រ និងកិច្ចសហការជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសសហគ្រាសថ្មីៗ ដើម្បីពង្រឹង និងពង្រីកបណ្តាញទំនាក់ទំនងការងារ, ចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ ព្រមទាំងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពឱ្យកាន់តែមានភាពរឹងមាំ ទូលំទូលាយ រស់រវើក និងប្រកបដោយបរិយាបន្ន៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង ស្នើអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន រួមសហការពង្រឹងគុណភាព និងឯកភាពព័ត៌មានក្នុងជួររដ្ឋបាលរាជធានី-ខេត្ត ()
សម្ដេចក្រឡាហោម ស ខេង ណែនាំដល់អភិបាលរាជធានី-ខេត្ត ត្រូវដោះស្រាយគ្រប់បណ្តឹងទាំងអស់ឱ្យច្បាស់លាស់ និងត្រឹមត្រូវបំផុត ()
សម្តេចក្រឡាហោម ស ខេង ៖ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នឹងតម្រូវឱ្យអ្នកបើកបរ យានយន្តធ្វើតេស្ត រកសារធាតុញៀន ()
សម្ដេចក្រឡាហោម ស ខេង ៖ ការបណ្ដុះបណ្ដាលមន្ដ្រីនគរបាលជាតិ ត្រូវធ្វើឱ្យជាប់ជាប្រចាំ និងគ្មានទីបញ្ចប់ ដើម្បីរក្សាសន្ដិសុខជាតិឱ្យបានរឹងមាំ ()
សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយរដ្ឋមន្រ្តីកសិកម្ម, លោកបណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធារ លើការងារកសិកម្ម ()
វីដែអូ