ថ្ងៃពុធ ទី០១ ខែកុម្ភៈ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលរងស្រុកបាកាន ខេត្តពោធិ៍សាត់ ចំនួន៤រូប និងនាយករដ្ឋបាលសាលាស្រុក ត្រូវបានប្រកាសឲ្យចូលកាន់មុខតំណែងជាផ្លូវការ
Tue,24 January 2023 (Time 09:47 PM)
ដោយ ៖ (ចំនួនអ្នកអាន: 19នាក់)

(ពោធិ៍សាត់)៖ អភិបាលរងស្រុកបាកាន ខេត្តពោធិ៍សាត់ ចំនួន៤រូប និងនាយករដ្ឋបាលសាលាស្រុក ត្រូវបានប្រកាសឲ្យចូលកាន់មុខតំណែងជាផ្លូវការ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះ ដើម្បីសម្រួលដល់ការផ្ដល់សេវានៅមូល​ដ្ឋាន ឱ្យ​កាន់​តែ​លឿនមានភាពជឿជាក់ និងមានតម្លាភាព។

ពិធីនេះត្រូវបានធ្វើឡើង នៅបរិវេណសាលាស្រុកបាកាន ក្រោមអធិបតីភាព លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ សមាជិក សមាជិកា ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ និងមន្ត្រីអ្នកមុខអ្នកការផ្សេងទៀត។

យោងតាមប្រកាសលេខ ៥៩៥៦ប្រក, ៥៩៥៧ប្រក និង៧៣៩៤ប្រក របស់ក្រសួងមហាផ្ទៃ បានសម្រេចតែងតាំង និងប្រគល់ភារកិច្ចជូន៖

*ទី១៖ លោក អ៊ុំ សុខណា ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ១ ជាអភិបាលរង
*ទី២៖ លោក ជា ហេងឡុង ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៤ ជាអភិបាលរង
*ទី៣៖ លោក ឌឹម ទូច ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ៣ ឲ្យកាន់មុខតំណែងជានាយករដ្ឋបាលសាលាស្រុក
*ទី៤៖ លោក គង់ កំសត់ ឋានន្តរស័ក្តិគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ១ នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម ជាអភិបាលរង
*ទី៥៖ លោក សារី មូស្លីម ឋានន្តរស័ក្តិគ្រូបង្រៀនកម្រិតមូលដ្ឋានដើមខ្សែពិសេស ថ្នាក់លេខ៦ នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតមូលដ្ឋាន ជាអភិបាលរង។

បន្ទាប់ពីលោក ពេជ្រ សុវណ្ណ នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលាខេត្តពោធិ៍សាត់ បានអានប្រកាសតែងមន្ត្រីរាជការនោះរួចមក លោក អ៊ុំ សុខណា ដែលទើបតែងតាំងជាអភិបាលរងនៃគណៈអភិបាលស្រុកបាកាន បានប្តេជ្ញាចិត្តដូចតទៅ៖

*ទី១៖ ប្តេជ្ញាអនុវត្តឲ្យបានល្អប្រសើរ នូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា
*ទី២៖ ប្តេជ្ញាអនុវត្តឲ្យបាននូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដែលមានអភិបាលកិច្ចល្អជាស្នូល
*ទី៣៖ គោរពយ៉ាងខ្ជាប់ខ្ជួន នូវគោលការណ៍ គោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ធនានា របស់រាជរដ្ឋាភិបាល
*ទី៤៖ រឹតចំណងសាមគ្គីភាពផ្ទៃក្នុង ឱ្យបានល្អ មិនបង្ករភាពអសកម្មផ្សេងៗ
*ទី៥៖ បង្កើនការរៀនសូត្រស្រាវជ្រាវ រាល់គន្លឹះអំពីរបៀបរបបធ្វើការងារប្រចាំថ្ងៃរបស់ខ្លួន
*ទី៦៖ ខិតខំថែរក្សា ការពារ និងពង្រឹងពង្រីកស្មារតី សាមគ្គីភាព ទំនាក់ទំនង សហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយលោក លោកស្រី អភិបាល នៃគណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក មន្ត្រីរាជការនៅគ្រប់អង្គភាពជុំវិញស្រុក កងកម្លាំងប្រដាប់អាវុធ និងបណ្ដាអាជ្ញាធរឃុំទាំងអស់ ទូទាំងស្រុក ដើម្បីផ្សារភ្ជាប់កិច្ចអភិវឌ្ឍន៍មូលដ្ឋាន តាមគោលការណ៍របស់រាជរដ្ឋាភិបាល។

លោក ខូយ រីដា បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ជុំវិញការខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលខិតខំប្រឹងប្រែង លះបង់អស់កម្លាំងកាយចិត្ត ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ទទួលបានលទ្ធផលល្អប្រសើរ។

លោកបានណែនាំដល់អភិបាលរងស្រុកថ្មីទាំង៤រូប និងនាយករដ្ឋបាលសាលាស្រុក ត្រូវមានភាពស្មោះត្រង់ជាមួយមន្ត្រីក្រោមឱវាទ និងថ្នាក់លើ ជាពិសេសជាមួយរាជរដ្ឋាភិបាល និងត្រូវគោរពតាមការប្តេជ្ញាចិត្ត ដូចក្នុងពេលប្រកាសឡើងកាន់តំណែងថ្មីនេះ ព្រមទាំងបានស្នើឲ្យលោកទាំងអស់ ខិតខំធ្វើការងារ ដោយសហការ និងពង្រឹង​សាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អជាមួយសហការី អង្គភាពពាក់ព័ន្ធ និងកងកម្លាំងទាំងបី​។

លោក​សូមលើកទឹកចិត្ត ដល់​លោកអភិបាលរងស្រុក និងលោកនាយករដ្ឋបាលសាលាស្រុក ត្រូវខិតខំប្រឹងប្រែងលះបង់ពេលវេលា​ កម្លាំងកាយចិត្ត​ និងស្មារតី​ ដោយត្រូវអនុវត្តការងារ ឈរលើជំហរច្បាប់ជាកត្តាចំបង​ ​ជាពិសេសធ្វើយ៉ាងណាឲ្យការងាររដ្ឋបាលទូទៅ​ ការងារផ្ដល់សេវាសាធារណៈ​ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ឲ្យដំណើរការបានយ៉ាងល្អប្រសើរ​ ដើម្បីឆ្លើយតបនូវសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ​ប្រកបដោយគុណភាព​ និងប្រសិទ្ធភាពខ្ពស់ ដើម្បីឲ្យស្រុកបាកាន មានការរីកចម្រើនលូតលាស់ បានយ៉ាងល្អប្រសើរបន្ថែមទៀត។

ជាមួយគ្នានោះ អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវចូលរួម និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឲ្យចូលរួមសម្អាតបរិស្ថាន និងតុបតែងលម្អភ្លើងព័ណ៌ ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីយជាតិខ្មែរ ដែលនឹងខិតជិតមកដល់នាពេលខាងមុខ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង ស្នើអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន រួមសហការពង្រឹងគុណភាព និងឯកភាពព័ត៌មានក្នុងជួររដ្ឋបាលរាជធានី-ខេត្ត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង ណែនាំដល់អភិបាលរាជធានី-ខេត្ត ត្រូវដោះស្រាយគ្រប់បណ្តឹងទាំងអស់ឱ្យច្បាស់លាស់ និងត្រឹមត្រូវបំផុត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចក្រឡាហោម ស ខេង ៖ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នឹងតម្រូវឱ្យអ្នកបើកបរ យានយន្តធ្វើតេស្ត រកសារធាតុញៀន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង ៖ ការបណ្ដុះបណ្ដាលមន្ដ្រីនគរបាលជាតិ ត្រូវធ្វើឱ្យជាប់ជាប្រចាំ និងគ្មានទីបញ្ចប់ ដើម្បីរក្សាសន្ដិសុខជាតិឱ្យបានរឹងមាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយរដ្ឋមន្រ្តីកសិកម្ម, លោកបណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធារ លើការងារកសិកម្ម ()

វីដែអូ