ថ្ងៃពុធ ទី០១ ខែកុម្ភៈ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេចតេជោ ហ៊ុន សែន ប្រាប់មូលហេតុដែលដាក់ឈ្មោះផ្លូវ ២ខ្សែនៅភ្នំពេញតាមឈ្មោះមេដឹកនាំឥណ្ឌូនេស៊ី ២រូប
Fri,20 January 2023 (Time 03:39 PM)
ដោយ ៖ (ចំនួនអ្នកអាន: 32នាក់)

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីលោក ស៊ូឌីម៉ាន់ ហាសេង (Sudirman Haseng) ថា មូលហេតុដែលសម្ដេចជ្រើសរើសឈ្មោះលោក ស៊ូកាណូ និងលោកអាឡាតាស់ គឺអ្នកទាំងពីរមានទំនាក់ទំនងល្អជាមួយកម្ពុជា និងបានចូលរួមក្នុងការនាំកម្ពុជាឱ្យមានសន្ដិភាពឡើងវិញ។ ផ្លូវ២ខែ្សដែលដាក់ឈ្មោះមេដឹកនាំឥណ្ឌូនេស៊ីទាំងពីរមានទីតាំងក្នុងខណ្ឌជ្រោយចង្វារ ជាផ្លូវភ្ជាប់ពីផ្លូវជាតិលេខ៦ ទៅមហាវិថីឈ្នះឈ្នះ។

ថ្លែងក្នុងជំនួបជម្រាបលាសម្ដេចតេជោ ហ៊ុន សែន នៅវិមានសន្ដិភាពព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ លោក ស៊ូឌីនម៉ាន់ ហាង បានអរគុណចំពោះសម្ដេចតេជោដែលបានសម្រេចឱ្យសាលារាជធានីភ្នំពេញដាក់ឈ្មោះផ្លូវ២ខ្សែតាមអតីតប្រធានាធិបតីទី១ឥណ្ឌូនេស៊ី លោក ស៊ូកាណូ និងអតីតរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីពីឆ្នាំ១៩៨៨ ដល់ឆ្នាំ១៩៩៩ លោក អាលី អាឡាតាស់។

លោក ស៊ូនឌីន ម៉ាន់ហាង បន្ថែមថា ការដាក់ឈ្មោះនេះនឹងធ្វើឱ្យកូនចៅជំនាន់ក្រោយរបស់កម្ពុជាបានដឹងនឹងសិក្សាពីមេដឹកនាំក៏ដូចជាប្រទេសឥណ្ឌូនេស៊ី ដែលនឹងធ្វើឱ្យទំនាក់ទំនងទ្វេរភាគីរវាងប្រទេសទាំងពីរកាន់តែរឹងមាំបន្ថែមទៀត។

ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ី​ បានអបអរសាទរជូនសម្តេចតេជោ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលទទួលបានជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត។ លោកថា ជោគជ័យនេះ បានលើកទឹកចិត្តដល់ប្រទេសឥណ្ឌូនេស៊ី ដែលបន្តវេនធ្វើជាប្រធានអាស៊ានឆ្នាំនេះ។ លោកបានអបអរសាទរ និងជូនពរដល់កម្ពុជា ឱ្យបន្តទទួលជោគជ័យក្នុងការរៀបចំស៊ីហ្គេម នៅឆ្នាំ២០២៣នេះផងដែរ។

ជាការឆ្លើយតបនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា លោក ស៊ូកាណូ គឺជាមិត្តល្អម្នាក់របស់អតីតអង្គព្រះមហាក្សត្រកម្ពុជា ព្រះបរមរតនកោដ្ឋ ដែលបានបង្កើតឱ្យមានទំនាក់ទំនងល្អរវាងកម្ពុជា និងឥណ្ឌូនេស៊ីចាប់ពីឆ្នាំ១៩៥៧មក ខណៈលោក អាលី អាឡាតាស់ គឺជាអ្នកដែលបានចូលរួមជួយស្វែងរកសន្ដិភាពដល់កម្ពុជាក្នុងពេលដែលកាន់តំណែងដែលបានបង្កើតឱ្យមានកិច្ចប្រជុំរវាងមេដឹកនាំកម្ពុជាសម័យនោះនៅក្នុងប្រទេសឥណ្ឌូនេស៊ីដល់ទី២ដង។ សម្ដេចតេជោបញ្ជាក់ថា មុននឹងសម្រេចឱ្យដាក់ឈ្មោះផ្លូវទាំងពីរខ្សែតាមមេដឹកនាំឥណ្ឌូនេស៊ីនេះ សម្ដេចតេជោក៏បានពិភាក្សាជាមួយប្រធានសភាឥណ្ឌូនេស៊ីផងដែរក្នុងកិច្ចប្រជុំសភាអាស៊ានកាលពីឆ្នាំ២០២២។

សូមជម្រាបថា លោក ស៊ូកាណ គឺជា អតីតប្រធានាធិបតីទី១ នៃប្រទេសឥណ្ឌូនេស៊ីដែលដឹកនាំប្រទេសពីឆ្នាំ១៩៤៥ ដល់ឆ្នាំ១៩៦៧ លោកក៏ជាមិត្តភ័ក្កិដ៏ជិតស្និតរបស់សម្ដេចព្រះនរោត្តម សីហនុ ផងដែរដែលសម្ដេចបានសរសេររៀបរាប់ជាច្រើនក្នុងសៀវភៅរបស់សម្ដេច «សីហនុ និងមេដឹកនាំពិភពលោក» ចំណែកឯលោកអាលី អាឡាតាស់ គឺជារដ្ឋមន្ត្រីការបទេសឥណ្ឌូនេស៊ីពីឆ្នាំ១៩៨៨ ដល់ឆ្នាំ១៩៩៩ ដែលបានចូលរួមជួយដោះស្រាយដល់វិបត្តិសង្គ្រាមនៅកម្ពុជាធ្វើឱ្យកម្ពុជាឈានជើងដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្ដិភាពក្រុងប៉ារីស ២៣ ខែតុលា ឆ្នាំ១៩៩១៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង ស្នើអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន រួមសហការពង្រឹងគុណភាព និងឯកភាពព័ត៌មានក្នុងជួររដ្ឋបាលរាជធានី-ខេត្ត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង ណែនាំដល់អភិបាលរាជធានី-ខេត្ត ត្រូវដោះស្រាយគ្រប់បណ្តឹងទាំងអស់ឱ្យច្បាស់លាស់ និងត្រឹមត្រូវបំផុត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចក្រឡាហោម ស ខេង ៖ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នឹងតម្រូវឱ្យអ្នកបើកបរ យានយន្តធ្វើតេស្ត រកសារធាតុញៀន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង ៖ ការបណ្ដុះបណ្ដាលមន្ដ្រីនគរបាលជាតិ ត្រូវធ្វើឱ្យជាប់ជាប្រចាំ និងគ្មានទីបញ្ចប់ ដើម្បីរក្សាសន្ដិសុខជាតិឱ្យបានរឹងមាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយរដ្ឋមន្រ្តីកសិកម្ម, លោកបណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធារ លើការងារកសិកម្ម ()

វីដែអូ