ថ្ងៃច័ន្ទ ទី០៥ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេច ស ខេង ស្នើអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន រួមសហការពង្រឹងគុណភាព និងឯកភាពព័ត៌មានក្នុងជួររដ្ឋបាលរាជធានី-ខេត្ត
Fri,13 January 2023 (Time 12:15 PM)
ដោយ ៖ (ចំនួនអ្នកអាន: 428នាក់)

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានស្នើអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន រួមនឹងមន្ទីរអង្គភាពជំនាញជុំវិញរាជធានី-ខេត្ត ចូលរួមសហការដោយឆន្ទៈខ្ពស់ ដើម្បីពង្រឹងគុណភាព និងឯកភាពព័ត៌មានក្នុងជួររដ្ឋបាលរាជធានី-ខេត្ត ក្នុងន័យរៀចំយន្តការច្រកព័ត៌មានទុកតែមួយ ហើយបញ្ចេញតាមច្រកតែមួយ តាមរយៈការបំផុសការផ្សព្វផ្សាយ (វេទិកាសាធារណៈ និងការឆ្លើយឆ្លងតាមរលកអាកាសវិទ្យុ និងបណ្តាញសង្គមនានា) នូវរាល់សមិទ្ធផលជាក់ស្តែងដែលកើតចេញពីការប្រឹងប្រែងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតប ទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ការស្នើបែបនេះ របស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពបិទកិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយស្តីពី «យុទ្ធសាស្រ្តនយោបាយព័ត៌មាន» នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ម្សិលមិញ។

កិច្ចប្រជុំដែលបានធ្វើឡើងរយៈពេល ១ថ្ងៃពេញនេះ មានគោលបំណងស្នូល ក្នុងកិច្ចពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មានថ្នាក់ក្រោមជាតិ ដើម្បីធ្វើយុទ្ធនាការ រួមគ្នាប្រមូលផ្ដុំ ផ្សព្វផ្សាយ បំផុសឱ្យប្រជាពលរដ្ឋ យល់ដឹងកាន់តែច្បាស់នូវសមិទ្ធផល ដែលជាការ ប្រឹងប្រែងរបស់រដ្ឋបាលរាជធានី-ខេត្ត និងជំរុញការផ្តល់សេវាសាធារណៈឱ្យទៅគៀកផ្ទាល់ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងបរិយាបន្នផងដែរ។ ការផ្សព្វផ្សាយបំផុសស្មារតីនយោបាយ និងប្រសិទ្ធភាពនៃការដឹកនាំ គឺជាការបង្ហាញចេញនូវដំណោះស្រាយនៃបញ្ហាប្រឈមនានា តាមរយៈដោយផ្ទាល់ (វេទិកាសាធារណៈ) និងដោយប្រយោល តាម (រលកអាកាស វិទ្យុ អេឡិចត្រួនិក) ដែលជាគោលនយោបាយក្នុងកិច្ចបង្កើនគុណភាព បង្កើតបាននូវលំហប្រជាធិបតេយ្យជាមូលដ្ឋានគ្រឹះ នៃកិច្ចផ្តល់សេវាកម្ម និងការចូលរួមរបស់ប្រជាពលរដ្ឋ។

បន្ទាប់ពី លោក ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យ ធ្វើរបាយការណ៍បូកសរុប។

សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយឈ្នះ-ឈ្នះ នាំមកនូវសន្តិភាព ស្ថិរភាពនយោបាយ ឯកភាពជាតិ ការអភិវឌ្ឍលើគ្រប់វិស័យ និងអភិបាលកិច្ចល្អ។

សម្ដេចក្រឡាហោម ស ខេង បានលើកឡើងអំពីសវតា និងបច្ចុប្បន្នភាពនៃកំណែទម្រង់វិមជ្ឈការ និងវិសហម្ឈការនៅកម្ពុជា ដោយបានឆ្លងកាត់ដំណាក់កាលជាច្រើនមកទល់បច្ចុប្បន្ន កម្ពុជាបានដើរដល់របត់មួយថ្មី នៃការធ្វើកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិធ្វើឱ្យរាជរដ្ឋាភិបាលទទួលបាននូវសមិទ្ធផលដ៏ធំធេងជាប្រវត្តិសាស្ត្រ តាមរយៈការធ្វើប្រតិភូកម្មអំណាច ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។ កំណែទម្រង់នេះ គឺមានគោលបំណងលើកកម្ពស់ការផ្តល់សេវាសាធារណៈឱ្យទៅដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ក៏ដូចជាជំរុញឱ្យប្រជាពលរដ្ឋចូលរួមធ្វើការអភិវឌ្ឍ មូលដ្ឋានដែលខ្លួនរស់នៅប្រកបដោយការទទួលខុសត្រូវ តម្លាភាព គណនេយ្យភាពជាមួយរដ្ឋបាលមូលដ្ឋានរបស់ខ្លួន។

ទាក់ទងវិស័យព័ត៌មាន សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា វិស័យនេះត្រូវបានចាត់ទុកជាវិស័យមួយយ៉ាងសំខាន់សម្រាប់ជួយលើកកម្ពស់ប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ប្រកបដោយបរិយាបន្ន ក្នុងការធ្វើកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងថាព័ត៌មាន គឺជាមធ្យោបាយសម្រាប់ធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយដែលរដ្ឋបានដាក់ចេញ ឬសេវាសាធារណៈនានាដែលរដ្ឋត្រូវផ្ដល់ជូនប្រជាពលរដ្ឋ។

បន្ថែមពីនេះ សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា «ព័ត៌មាន» ជាមធ្យោបាយផ្សព្វផ្សាយអំពីសមិទ្ធផល និងស្នាដៃនានា ដែលរាជរដ្ឋាភិបាលបានកសាងជូនជាតិ មាតុភូមិ ហើយទន្ទឹមនេះ រាជរដ្ឋាភិបាលក៏ត្រូវការព័ត៌មានត្រឡប់ពីប្រជាពលរដ្ឋវិញផងដែរ ដើម្បីដឹងពីតម្រូវការ និងបញ្ហាប្រឈមការលំបាក ក៏ដូចជាសំណូមពរផ្សេងៗ ដើម្បីទុកជាមូលដ្ឋាន ក្នុងរៀបចំគោលនយោបាយ ដោះស្រាយ និងឆ្លើយតបជូនប្រជាពលរដ្ឋវិញ។

កន្លងមកនេះ មានតំណាងក្រសួងស្ថាប័នទាំងថ្នាក់ជាតិ ក៏ដូចជា ថ្នាក់ក្រោមជាតិបានខិតខំផ្សព្វផ្សាយព័ត៌មានទាំងក្នុងក្របខណ្ឌរបស់អង្គភាពខ្លួន និង តាមវេទិកាសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដើម្បីបញ្ជ្រាបសមិទ្ធផល និងស្នាដៃរបស់អង្គភាព និងស្ថាប័នរបស់ខ្លួនជូនចំពោះប្រជាពលរដ្ឋ ហើយសម្ដេចបានលើកទឹកចិត្តឱ្យខិតខំប្រឹងប្រែងបន្ថែមទៀត ទៅតាមយុទ្ធសាស្ត្រនយោបាយព័ត៌មាននេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចក្រឡាហោម ស ខេង អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការនី និងក្រុមអ្នកជំនាញដែលកំពុងសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង ស្នើអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន រួមសហការពង្រឹងគុណភាព និងឯកភាពព័ត៌មានក្នុងជួររដ្ឋបាលរាជធានី-ខេត្ត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង ណែនាំដល់អភិបាលរាជធានី-ខេត្ត ត្រូវដោះស្រាយគ្រប់បណ្តឹងទាំងអស់ឱ្យច្បាស់លាស់ និងត្រឹមត្រូវបំផុត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចក្រឡាហោម ស ខេង ៖ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នឹងតម្រូវឱ្យអ្នកបើកបរ យានយន្តធ្វើតេស្ត រកសារធាតុញៀន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង ៖ ការបណ្ដុះបណ្ដាលមន្ដ្រីនគរបាលជាតិ ត្រូវធ្វើឱ្យជាប់ជាប្រចាំ និងគ្មានទីបញ្ចប់ ដើម្បីរក្សាសន្ដិសុខជាតិឱ្យបានរឹងមាំ ()

វីដែអូ