ថ្ងៃពុធ ទី០៥ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្ដេចក្រឡាហោម ស ខេង ណែនាំមន្ដ្រីប្រឹងប្រែងឲ្យអស់ពីលទ្ធភាព នៅពេលទទួលបណ្ដឹងពីពលរដ្ឋ ត្រូវដោះស្រាយភ្លាមៗ កុំកប់ទុកបញ្ហាចោល
Wed,07 September 2022 (Time 01:54 PM)
ដោយ ៖ (ចំនួនអ្នកអាន: 61នាក់)

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឲ្យមន្ដ្រីមានសមត្ថកិច្ចទាំងអស់ នៅពេលទទួលបានបណ្ដឹង សំណើ សំណូមពរពីប្រជាពលរដ្ឋ ប្រសិនបើករណីណាមួយមិនមែនជារឿងពិត មន្រ្តីមានសមត្ថកិច្ច ក៏អាចបោះបង់ចោល ឬបំភ្លឺថាវាមិនមែនជាការពិតនោះទេ ប៉ុន្តែប្រសិនបើបញ្ហានោះ គឺជាបញ្ហាពិត មន្រ្តីមានសមត្ថកិច្ចត្រូវខិតខំដោះស្រាយឲ្យអស់ពីលទ្ធភាព មិនត្រូវកប់ទុកបញ្ហាចោលឡើយ។

ការណែនាំរបស់សម្ដេចក្រឡាហោម ស ខេង ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីប្រកាសផ្ទេរភារកិច្ច និងតែតាំងមុខតំណែង លោកឧត្តមសេនីយ៍ឯក ឯម វិចិត្រ ជាអគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ជំនួសលោក អ៉ីវ លាង ដែលត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា រាល់បណ្ដឹង សំណើរ សំណូមពររបស់ប្រជាពលរដ្ឋ ឬសាធារណៈមតិ គឺជាកញ្ចក់ដ៏ភ្លឺថ្លាសម្រាប់មន្រ្តីឆ្លុះមើលបញ្ហាដើម្បីកែលម្អរ ដូច្នេះហើយបានជាសម្ដេចណែនាំប្រមូលបញ្ហាទាំងអស់នោះមកពិនិត្យមើលដើម្បីដឹងថាពិត ឬមិនពិត និងមានវិធានការដោះស្រាយ។

សម្ដេចបានបន្តសង្កត់ធ្ងន់អំពីការខិតខំប្រមូល និងទទួលយកសំណើរសំណូមពរ និងក្ដីកង្វល់នានារបស់ប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងសមត្ថកិច្ចក្រសួងមហាផ្ទៃ ទោះមានប្រភពចេញពីប្រជាពលរដ្ឋផ្ទាល់ ឬចេញពីប្រព័ន្ធផ្សព្វផ្សាយ និងមកតាមច្រកណាក៏ដោយ។ សម្ដេចបានណែនាំឲ្យអគ្គាធិការថ្មី និងរដ្ឋលេខាធិការទទួលបន្ទុក បង្កើនការយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះឲ្យបានលឿន រហ័ស និងប្រកបដោយប្រសិទ្ធភាព ត្បិតមានបណ្ដឹង សំណើរ សំណូមពរជាច្រើនទៀតនៅមិនទាន់បានដោះស្រាយចប់នៅឡើយ។

សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងពាក់ព័ន្ធអំពីកិច្ចប្រតិបត្តិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សដែលនៅក្នុងរយៈពេលចុងក្រោយនេះ ក្រសួងមហាផ្ទៃបានទទួលបណ្ដឹងចំនួន១១៧ករណី។ សម្ដេចបានសង្កត់ធ្ងន់ថា រាល់កិច្ចប្រតិបត្តិការត្រូវតែប្រកាន់យកគោលការណ៍សំខាន់ៗ៣ គឺសង្គ្រោះជនរងគ្រោះ បង្ក្រាបទីតាំងខុសច្បាប់ និងផ្ដន្ទាទោសជនល្មើស ព្រោះបញ្ហាជួញដូរមនុស្សជាបញ្ហាដែលអន្តរជាតិយកចិត្តទុកដាក់ ហើយកម្ពុជាក៏ត្រូវយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាដែរ។

សម្ដេចបានគូសបញ្ជាក់ថា ក្រសួងមហាផ្ទៃមានភារកិច្ចធំៗ២ គឺទី១៖ ការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈដែលជាកិច្ចការដ៏មានសារៈសំខាន់ និងមានយន្តការគាំទ្រដូចជាអគ្គស្នងការដ្ឋាននគរបាល អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងពន្ធនាគារជាដើម។ ចំណែកភារកិច្ចធំទី២៖ គឺកិច្ចការរដ្ឋបាលមូលដ្ឋាន ឬរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលក្នុងនោះអគារធិការដ្ឋាននេះ ក៏មានភារកិច្ចស្នូលដើម្បីគាំទ្រដល់ការងារធំៗទាំងពីរខាងលើដែរ ពោលគឺទាំងការងាររក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងកិច្ចការរដ្ឋបាលមូលដ្ឋាន៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីភាពប្រកាសជ័យលាភីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ឆ្នាំ២០២០-២១ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់មុខតំណែង និងផ្ទេរភារកិច្ចមន្រ្តីរាជការតាមក្រុងស្រុកមួយចំនួនក្នុងខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកបណ្ឌិត ហ៊ុន ម៉ាណែត ចាត់ទុកការសាបព្រោះរបស់ ខឹម វាសនា រហូតកាត់កាលបងប្អូន ម្តាយឪពុក ជារឿងហួសព្រំដែនហើយ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង រំលឹកឲ្យកម្លាំងសមត្ថកិច្ចឈរជើងនៅតំបន់ព្រំដែន ពង្រឹងការយកចិត្តទុកដាក់ និងរួមគ្នាបង្ក្រាបបទល្មើស ពិសេសបទល្មើសគ្រឿងញៀន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ()

វីដែអូ