ថ្ងៃពុធ ទី៣០ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេច ហេង សំរិន ៖ ដំណើរទស្សនកិច្ច ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាម មិនត្រឹមបានរួមចំណែកដល់ការពង្រឹងទំនាក់ទំនងប្រទេសទាំងពីរនោះទេ ថែមទាំងធ្វើឱ្យកិច្ចប្រជុំកំពូលអាស៊ានទទួលបានជោគជ័យទៀតផង
Wed,09 November 2022 (Time 07:38 AM)
ដោយ ៖ (ចំនួនអ្នកអាន: 51នាក់)

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យ ឯកឧត្ដម ផាម ម៉ិញ ជិញ (Pham Minch Chinh) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ។

សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា ដំណើរទស្សនកិច្ចឯកឧត្តមនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមមកកាន់កម្ពុជានាពេលនេះ មិនត្រឹមតែបានរួមចំណែក ដល់ការបន្តពង្រឹង ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី នៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញច្បាស់ពីឆន្ទៈគាំទ្រដល់កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ហើយជាការរួមវិភាគទានមួយដ៏សំខាន់ដល់ភាពជោគជ័យនៃកិច្ចប្រជុំកំពូលនេះ។

សម្តេចបានបញ្ជាក់ថា វត្តមានឯកឧត្តមនាយករដ្ឋមន្រ្តី នាពេលនេះបានឆ្លុះបញ្ចាំងពីវឌ្ឍភាពថ្មីៗ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ជាពិសេសក្នុងក្របខណ្ឌនីតិប្រតិបត្តិ ដែលរដ្ឋាភិបាល នៃប្រទេសទាំងពីរតែងបានសហការគ្នាយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកទាំងក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ។

ឯកឧត្ដម ផាម ម៉ិញជិញ បានវាយតម្លៃខ្ពស់ចំពោះតួនាទីប្រធានអាស៊ានរបស់រាជរដ្ឋាភិបាលកម្ពុជា និងតួនាទីប្រធាន AIPA របស់សភាកម្ពុជា ហើយឯកឧត្តមជឿជាក់ថា កិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធ រួមនឹងមហាសន្និបាត AIPA លើកទី ៤៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅក្នុងវិច្ឆិកានេះ នឹងទទួលបានជោគជ័យ។

ឯកឧត្តមយករដ្ឋមន្រ្តី ក៏បានអបអរសាទរផងដែរចំពោះការបោះឆ្នោតឃុំសង្កាត់ នៅកម្ពុជាកាលពីថ្មីៗនេះទទួលបានជោគជ័យ ហើយជោគជ័យនេះជាមូលដ្ឋានដ៏សំខាន់ដែលនឹងនាំឱ្យកម្ពុជាឈានទៅសម្រេចបានជោគជ័យនៅក្នុងការរៀបចំបោះឆ្នោតសកលនាឆ្នាំ២០២៣ខាងមុខ។

ជាមួយគ្នានេះ ឯកឧត្តម ផាម ម៉ិញជិញ បានជម្រាបជូនសម្តេចប្រធានរដ្ឋសភា ពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តមនៅកម្ពុជា ពិសេសលទ្ធផលនៃជំនួបរវាងឯកឧត្តម និងសម្តេចតេជោនាយករដ្ឋមន្រ្តី កាលពីព្រឹកមិញនេះ ដែលឯកឧត្តមនិងសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន១១ ស្តីពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរបន្តទៀតលើច្រើនវិស័យ ដែលនេះបង្ហាញពីភាពរីកចម្រើនឥតឈប់ឈរនៃទំនាក់ទំនងដ៏ល្អរវាងកម្ពុជានិងវៀតណាម។

ឯកឧត្តមបានសង្កត់ធ្ងន់ថាកម្ពុជា និងវៀតណាមនឹងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងគ្នាលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ឱ្យមានការរីកចម្រើនដូចវិស័យនយោបាយដែរ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានវាយតំលៃខ្ពស់ចំពោះវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ ដែលបានអនុវត្តយ៉ាងមានប្រសិទ្ធភាពលើគ្រប់វិស័យ មានវិស័យនយោបាយការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ សុខាភិបាល និងវប្បធម៌ ជាដើម។

សម្តេចបានបញ្ជាក់ថា រដ្ឋសភាកម្ពុជា ជានិច្ចជាកាល តែងបានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសភាវៀតណាម និងគាំទ្រគ្នាទៅវិញទៅមក ទាំងក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី តាមរយៈវេទិកាអន្តរសភានានា ជាអាទិ៍ AIPA, IPU,APPF, APF និងវេទិកាភាពជាដៃគូសភាអាស៊ីអឺរ៉ុប (ASEP )ជាដើម៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយរដ្ឋមន្រ្តីកសិកម្ម, លោកបណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធារ លើការងារកសិកម្ម ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ តែងតាំង និងផ្ទេរមុខតំណែង ប្រធាន-អនុប្រធានតុលាការ និងចៅក្រមសរុប៤៨រូប ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង និងផ្ទេរមុខតំណែង អគ្គព្រះរាជអាជ្ញារង ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង ២៧រូប ()

ព័ត៌មានគួរចាប់អារម្មណ៍

សុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំកិច្ចប្រជុំកំពូលចំនួនពីរទៀត មុនឈានដល់ការបិទបញ្ចប់នៅព្រឹកថ្ងៃនេះ ()

វីដែអូ