ថ្ងៃពុធ ទី០១ ខែកុម្ភៈ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា៖ សាលាជាតិវិជ្ជាជីវៈទេសចរណ៍​ ជាសាលារដ្ឋជំនាញទេសចរណ៍ដំបូងគេ និងជាមជ្ឈមណ្ឌលឧត្តមភាព​ ដោយប្រើស្តង់ដាជាតិ និងអន្តរជាតិ
Fri,25 November 2022 (Time 08:12 AM)
ដោយ ៖ (ចំនួនអ្នកអាន: 64នាក់)

ភ្នំពេញ ៖ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានថ្លែងបញ្ជាក់ថា សាលាជាតិវិជ្ជាជីវៈទេសចរណ៍​ នឹងក្លាយជាសាលារដ្ឋជំនាញទេសចរណ៍ដំបូងគេនៅកម្ពុជា ដែលដើរតួជាគ្រឹះស្ថានសាធារណៈរដ្ឋបាលបណ្តុះបណ្តាលជំនាញទេសចរណ៍ និងជាមជ្ឈមណ្ឌលឧត្តមភាព(Center of Excellence)​ ក្នុងវិស័យទេសចរណ៍ដោយប្រើប្រាស់ស្តង់ដារជាតិ និងអន្តរជាតិ។

លើកឡើងនាឱកាសតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋម​ន្រ្តី​​​នៃកម្ពុជា ក្នុងពិធីបើកការដ្ឋានសាងសង់សាលាជា​តិ​​វិជ្ជាជីវៈទេសចរណ៍ នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានអះអាងថា សាលានេះក៏នឹងក្លាយមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ និងបដិសណ្ឋារកិច្ច ប្រកបដោយគុណភាពកម្រិតខ្ពស់ ឆ្លើយតបនឹងតម្រូវការនៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ក្រោយវិបត្តិជំងឺកូវីដ-១៩។

ពិធីបើកការដ្ឋានសាងសង់សាលាជា​តិ​​វិជ្ជាជីវៈទេសចរណ៍ បានធ្វើឡើងនៅទីតាំងជិតផ្សារទំនើប អ៉ីអន ២ រាជធានីភ្នំពេញ និងដោយមានការចូលរួមពី លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកស្រី សង់ឌ្រីន ប៊ូស្សេ នាយិកានៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំកម្ពុជា រួមទាំងមានភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូបទៀតផងដែរ។

ជាមួយគ្នានោះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានបង្ហាញជំនឿជាក់ថា សាលាជាតិទាំងពីរទីតាំងនេះ នឹងក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលទេសចរណ៍ស្របតាមស្តង់ដារជាតិ និងអន្តរជាតិ ដែលជាតម្រូវការ និងវាយតម្លៃជំនាញវិជ្ជាជីវៈចាំបាច់សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាទាំងក្នុងពេល បច្ចុប្បន្ន និងទៅអនាគត ចូលរួមអនុវត្តតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលដែលបានកំណត់យកធនធានមនុស្សជាអាទិភាពទី១ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

បន្ថែមពីនេះឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យក្រសួងទេសចរណ៍ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ត្រូវសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមុខងារសាធារណៈរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងសាលាជាតិទាំងពីរទីតាំងនេះឱ្យបានសមស្រប។ ទន្ទឹមនេះសាលាជាតិត្រូវសហការជាមួយផ្នែកឯកជន ដើម្បីរៀបចំកម្មវិធីសិក្សា ផែនការប្រតិបត្តិ និងផែនការបណ្តុះបណ្តាលរបស់សាលា សំដៅធានាដល់ដំណើរការរបស់សាលាឱ្យទទួលបានជោគជ័យ ប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាព។

ឯកឧត្ដមក៏បានស្នើឱ្យគណៈគ្រប់គ្រងសាលាជាតិវិជ្ជាជីវៈទេសចរណ៍ ត្រូវផ្តល់លទ្ធភាពដល់យុវជន សិស្ស-និស្សិតក្រីក្រ ងាយរងគ្រោះ និងជនពិការឱ្យមានឱកាសបានចូលរៀន ទទួលបានការបណ្តុះបណ្តាលជំនាញទេសចរណ៍ក្នុងតម្លៃសិក្សាសមរម្យ ក្នុងនោះក្រសួងទេសចរណ៍ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ត្រូវសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) រៀបចំយន្តការទ្រទ្រង់ ដូចជាកម្មវិធីកម្ចីសិស្សសម្រាប់ជំនាញទេសចរណ៍ និងការផ្តល់អាហារូបករណ៍។

បើតាមឯកឧត្ដម ថោង ខុន គម្រោងបង្កើតសាលាជាតិវិជ្ជាជីវៈទេសចរណ៍នេះ ប្រើប្រាស់ទំហំវិនិយោគដំបូងរបស់រាជរដ្ឋាភិបាលសរុបប្រមាណ ២៦,៥ លានដុល្លាអាមេរិក ក្នុងនោះតម្លៃដីនៅភ្នំពេញទំហំ ៤,០០០ ម៉ែត្រការ៉េ ស្មើនឹងប្រមាណ ១០លានដុល្លា និងតម្លៃដីនៅខេត្តព្រះសីហនុទំហំ ១,៧៧៥ ម៉ែត្រការ៉េ ស្មើនឹងប្រមាណ ៤,៥ លានដុល្លា បូកបញ្ចូលនឹងកម្ចីពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ ១២លានដុល្លារ សម្រាប់ការសាងសង់ បំពាក់សម្ភារ ទីប្រឹក្សា និងចំណាយផ្សេងទៀតពាក់ព័ន្ធនឹងការគ្រប់គ្រងគម្រោង។

សំណង់អគារសាលាជាតិវិជ្ជាជីវៈទេសចរណ៍នៅរាជធានីភ្នំពេញនេះគ្រោងសាងសង់កម្ពស់ ៤ជាន់ មានផ្ទៃក្រឡាសំណង់សរុប ៧៣២៦ម៉ែត្រការ៉េ លើផ្ទៃដីចំនួន ៤០០០ម៉ែត្រការ៉េ គ្រោងចំណាយថវិកា ៣ ៤៥១ ៩៧២.១១ដុល្លារ និងនៅខេត្តព្រះសីហនុគ្រោងសាងសង់កម្ពស់៤ជាន់ដូចគ្នាមានផ្ទៃក្រឡាសំណង់សរុប ៦៧១៣ម៉ែត្រការ៉េលើទីតាំងមន្ទីរទេសចរណ៍ខេត្តបច្ចុប្បន្ន គ្រោងចំណាយថវិកា ៣ ០៨៨ ១៨៣.១៧ ដុល្លារ។

ស្ថាបត្យកម្មសំណង់អគារសាលាទាំងពីរត្រូវបានរចនាឡើងយ៉ាងល្អប្រសើរស្របតាមលក្ខណៈស្តង់ដា និងដោយផ្អែកតាមប្លង់ដែលបានកំណត់រួមមាន៖

ទីតាំងទី១៖ សាលាជាតិវិជ្ជាជីវៈទេសចរណ៍នៅរាជធានីភ្នំពេញ៖ សំណង់មាន ០២អាគារ ខាងមុខមានកំពស់២ជាន់ ខាងក្រោយកំពស់៤ជាន់ ក្នុងនោះរួមមានបន្ទប់រៀន បន្ទប់ធ្វើការ បន្ទប់សាស្ត្រាចារ្យ បន្ទប់កុំព្យូទ័រ បន្ទប់ប្រជុំ បន្ទប់អនុវត្តគំរូ សម្រាប់សេវាកម្មសណ្ឋាគារ សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ សេវាកម្មធ្វើដំណើរ និងទេសចរណ៍ មានបណ្ណាល័យ ភោជនីយដ្ឋាន និងបន្ទប់សង្គ្រោះបថម បន្ទប់ដាក់សម្ភារចំណតរថយន្ត ប្រព័ន្ធការពារហានិភ័យ និងលំហបៃតងជាដើម។

ទីតាំងទី២៖ សាលាជាតិវិជ្ជាជីវៈទេសចរណ៍នៅខេត្តព្រះសីហនុ៖ សំណង់អគារមានចំនួន ០១ ផ្នែកខាងមុខមានកម្ពស់ ១ជាន់ និងខាងក្រោយមាន ៤ជាន់ ក្នុងនោះរួមមានការិយាល័យមន្ទីរទេសចរណ៍ បន្ទប់រៀន បន្ទប់ធ្វើការ បន្ទប់សាស្ត្រាចារ្យ បន្ទប់កុំព្យូទ័រ បន្ទប់ប្រជុំ បន្ទប់អនុវត្តគំរូសម្រាប់សេវាកម្មសណ្ឋាគារ សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ សេវាកម្មធ្វើដំណើរ និងទេសចរណ៍ មានបណ្ណាល័យ ភោជនីយដ្ឋាន បន្ទប់សង្គ្រោះបថម បន្ទប់ដាក់សម្ភារ ចំណតរថយន្ត និងប្រព័ន្ធការពារហានិភ័យជាដើម។

ឯកឧត្ដម ថោង ខុន បានបន្ថែមថា បន្ទាប់ពីសំណង់អគារសាលាត្រូវបានសាងសង់រួចរាល់ សាលាគ្រោងនឹងទទួលសិស្សចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈទេសចរណ៍ និងវគ្គផ្សេងៗទៀតនៅឆ្នាំសិក្សា ២០២៤-២០២៥ ចំនួន ៣០០នាក់នៅភ្នំពេញ និងចំនួន ២០០នាក់នៅខេត្តព្រះសីហនុ។ សាលាជាតិវិជ្ជាជីវៈទេសចរណ៍នឹងដាក់ចេញកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ចំនួន ០៤ផ្នែក សំខាន់ៗរួមមាន៖ (១)ផ្នែកសេវាកម្មសណ្ឋាគារនិងសេវាកម្មស្នាក់នៅទេសចរណ៍ (២)ផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ (៣)ផ្នែកសេវាកម្មធ្វើដំណើរ និង (៤)ផ្នែកសេវាកម្មទេសចរណ៍ និងផ្តល់កម្រិតគុណវុឌ្ឍវិជ្ជាជីវៈចាប់ពីវិញ្ញាបនបត្រកម្រិត១ ទៅកម្រិត៣ រៀនរយៈពេល១ឆ្នាំ និងឌីប្លូមកម្រិតខ្ពស់រៀនរយៈពេល២ឆ្នាំ និងមានវគ្គបណ្តុះបណ្តាលបន្ត និងខ្លី និងជាមជ្ឈមណ្ឌលវាយតម្លៃស្របតាមស្តង់ដាជាតិ និងអាស៊ានផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង ស្នើអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន រួមសហការពង្រឹងគុណភាព និងឯកភាពព័ត៌មានក្នុងជួររដ្ឋបាលរាជធានី-ខេត្ត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង ណែនាំដល់អភិបាលរាជធានី-ខេត្ត ត្រូវដោះស្រាយគ្រប់បណ្តឹងទាំងអស់ឱ្យច្បាស់លាស់ និងត្រឹមត្រូវបំផុត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចក្រឡាហោម ស ខេង ៖ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នឹងតម្រូវឱ្យអ្នកបើកបរ យានយន្តធ្វើតេស្ត រកសារធាតុញៀន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង ៖ ការបណ្ដុះបណ្ដាលមន្ដ្រីនគរបាលជាតិ ត្រូវធ្វើឱ្យជាប់ជាប្រចាំ និងគ្មានទីបញ្ចប់ ដើម្បីរក្សាសន្ដិសុខជាតិឱ្យបានរឹងមាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយរដ្ឋមន្រ្តីកសិកម្ម, លោកបណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធារ លើការងារកសិកម្ម ()

វីដែអូ