ថ្ងៃពុធ ទី៣០ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ នឹងជួយបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ
Thu,24 November 2022 (Time 02:20 PM)
ដោយ ៖ (ចំនួនអ្នកអាន: 27នាក់)

ភ្នំពេញ ៖ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ (CKFTA) សម្រាប់ការនាំចេញ។

សិក្ខាសាលាផ្សព្វផ្សាយនេះ រៀបចំឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម មានការអញ្ជើញចូលរួម ពីឯកឧត្តម-លោកជំទាវថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម, លោក Lee Hyuk-Sang លេខាទី១ តំណាង ឯកឧត្តម Park Heung-kyeong ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា, លោកស្រី Johwan Choi អគ្គនាយក នៃទីភ្នាក់ងារជំរុញពាណិជ្ជកម្ម-វិនិយោគកូរ៉េ ប្រចាំកម្ពុជា (KOTRA) ព្រមទាំង ឯកឧត្តម-លោកជំទាវ លោក-លោកស្រីដែលជាតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងសភាពាណិជ្ជកម្ម តំណាងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) តំណាងសមាគមស្បែកជើង និងវិស័យឯកជន សរុបប្រមាណ ២០០ រូប។

សិក្ខាសាលាផ្សព្វផ្សាយនេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយអំពីនីតិវិធីនៃការនាំចេញដល់វិស័យឯកជន ដើម្បីជំរុញការនាំចេញ និងការទាញយកអត្ថប្រយោជន៍ជាអតិបរិមាពីការអនុវត្តកិច្ចព្រមព្រៀង CKFTA ធៀបនឹងកិច្ចព្រមព្រៀងនានាដែលមានស្រាប់ ព្រមទាំងមានសមត្ថភាពក្នុងការបំពេញបែបបទនាំចេញ ដោយអនុលោមតាមនីតិវិធីនៃវិធានដើមកំណើតទំនិញ ជាពិសេសជំរុញដល់កំណើនការនាំចេញតាមរយៈការប្រើប្រាស់វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញតាមកិច្ចព្រមព្រៀង CKFTA។

ថ្លែងក្នុងអង្គសិក្ខាសាលានេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី CKFTA នេះ ត្រូវបានផ្តួចផ្តើមឡើងដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តមប្រធានាធិបតី MOON Jae-In នៃសាធារណរដ្ឋកូរ៉េ មកកាន់ព្រះរាជាណាចក្រកម្ពុជា កាលពីខែមីនា ឆ្នាំ២០១៩។

ឯកឧត្តមរដ្ឋមន្ត្រី បន្តថា កិច្ចព្រមព្រៀង CKFTA នេះ នឹងបំពេញបន្ថែមទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-កូរ៉េ និងកិច្ចព្រមព្រៀងអាសិប (RCEP) ដែលមានស្រាប់។ នៅក្រោមកិច្ចព្រមព្រៀង CKFTA កម្ពុជាបាន បើកទីផ្សារ ចំនួន ៨៩.០៩% នៃបន្ទាត់ពន្ធគយសរុប ខណៈដែលភាគីកូរ៉េបានបើកទីផ្សារចំនួន ៩៥.០៣% នៃបន្ទាត់ពន្ធគយសរុប ដែលក្នុងនោះកម្ពុជានឹងអាចនាំចេញទំនិញក្នុងអត្រាពន្ធគយសូន្យភ្លាមៗ បន្ទាប់ពីកិច្ចព្រមព្រៀងចូលជាធរមាននៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ចំនួន ៩២.៣៧% នៃបន្ទាត់ពន្ធគយសរុប។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី មានសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀង CKFTA ដែលនឹងចូលជាធរមាននៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ នឹងបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងងបង្កើត កាលានុវត្តភាពនាំចេញថ្មីៗបន្ថែមទៀត។

គួរបញ្ជាក់ផងដែរថា៖ បន្ទាប់ពីទទួលបានគោលការណ៍ឯកភាព និងសិទ្ធិប្រទានពីរាជរដ្ឋាភិបាលកម្ពុជា កិច្ចព្រមព្រៀង CKFTA នេះត្រូវបានចុះហត្ថលេខាជាផ្លូវការជាបីភាសាគឺភាសាខ្មែរ ភាសាកូរ៉េ និងភាសាអង់គ្លេស ដោយរដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសទាំងពីរកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

កម្ពុជាបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងទ្វេភាគីនេះ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ខណៈភាគីកូរ៉េបានបញ្ចប់នីតិវិធីផ្ទៃក្នុងរបស់ខ្លួន និងបានជូនដំណឹងមកកម្ពុជាតាមរយៈកំណត់ទូត ចុះថ្ងៃទី២ ខែតុលា ឆ្នាំ២០២២។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះ ត្រូវការរយៈពេល ៦០ថ្ងៃ ដើម្បីចូលជាធរមាន បន្ទាប់ពីភាគីជូនដំណឹងទៅវិញទៅមកតាមផ្លូវការទូត អំពីការបញ្ចប់នីតិវិធីផ្ទៃក្នុងនៃការផ្តល់សច្ចាប័នរបស់ខ្លួន ដូចនេះកិច្ចព្រមព្រៀងនេះនឹងចូលជាធរមាននៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយរដ្ឋមន្រ្តីកសិកម្ម, លោកបណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធារ លើការងារកសិកម្ម ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ តែងតាំង និងផ្ទេរមុខតំណែង ប្រធាន-អនុប្រធានតុលាការ និងចៅក្រមសរុប៤៨រូប ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង និងផ្ទេរមុខតំណែង អគ្គព្រះរាជអាជ្ញារង ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង ២៧រូប ()

ព័ត៌មានគួរចាប់អារម្មណ៍

សុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំកិច្ចប្រជុំកំពូលចំនួនពីរទៀត មុនឈានដល់ការបិទបញ្ចប់នៅព្រឹកថ្ងៃនេះ ()

វីដែអូ