ថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេចតេជោ ហ៊ុន សែន ចាត់ទុកការទទួលពហុកីឡដ្ឋានជាតិមរតកតេជោ ជាសមិទ្ធផលដើមរដូវ នៃទំនាក់ទំនងដែកថែប ដែលផ្តល់ដោយប្រធានាធិបតីចិន ស៊ី ជិនពីង
Sun,12 September 2021 (Time 07:22 PM)
ដោយ ៖ (ចំនួនអ្នកអាន: 42នាក់)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកថា ការទទួលនូវពហុកីឡដ្ឋានជាតិមរតកតេជោ នាពេលនេះ គឺគ្រាន់តែជាសមិទ្ធផលដើមរដូវ នៃទំនាក់ទំនងដែកថែបកម្ពុជា-ចិន ដែលផ្តល់ដោយប្រធានាធិបតីចិន ស៊ី ជិនពីង តែប៉ុណ្ណោះ។

ការចាត់ទុកបែបនេះ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេច និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញធ្វើជាអធិបតីក្នុងពិធីប្រគល់-ទទួល ជាផ្លូវការនូវពហុកីឡដ្ឋានជាតិមរតកតេជោ នៅរសៀល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមិទ្ធដែលកម្ពុជាទទួលបាននាពេលនេះ គឺមិនមែនជាការចៃដន្យនោះទេ ដែលបានកើតឡើងនូវសមិទ្ធផលពហុកីឡដ្ឋានមរតកតេជោ នាពេលនេះ សម្រាប់សមិទ្ធផលនេះ គ្មានអ្នកណា និងសូម្បីតែសម្តេចផ្ទាល់ក៏មិនដែលនឹកស្មានថា មានសមិទ្ធផលបែបនេះនោះទេ។

សម្តេចតេជោ ប៉ុន្តែ ក្រោមជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន យើងមានឱកាសថ្ងៃនេះគ្រាន់តែជាពិធី ដើម្បីប្រគល់ និងទទួលក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីកម្ពុជា និងទីប្រឹក្សារដ្ឋ និងរដ្ឋមន្ត្រីក្រសួងការបរទេសចិន តែប៉ុណ្ណោះ ប៉ុន្តែ យើងត្រូវធ្វើពិធីសម្ពោធមួយទៀតដោយសង្ឃឹមថាមានថ្នាក់នាំជាន់ខ្ពស់របស់ចិន មកចូលរួមដើម្បីអបអរសាទរនូវសមិទ្ធផលដែលចេញមកពីការខិតខំប្រឹងប្រែង និងផ្លែផ្កានៃចំណងមិត្តភាពរវាងកម្ពុជា-ចិន។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំអាចចាត់ទុកថានេះគ្រាន់តែជាការទទួលផលដើមរដូវ នៃចំណងមិត្តភាពដែកថែបដែលប្រធានាធិបតី ស៊ី ជិនពីង បានប្រសិទ្ធនាមឡើង ហេតុអ្វីបានជាខ្ញុំនិយាយថា វាជាការទទួលផលដើមរដូវ យើងមិនមែនទាក់ទងជាមួយចិន ត្រឹមតែថ្ងៃនេះ ឬថ្ងៃស្អែកបន្ទាប់ពីទទួលស្តារនេះរួចហើយនោះទេ យើងត្រូវធ្វើជាមួយមិត្តចិន ច្រើនឆ្នាំតទៅទៀត»។

បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកព្រះគុណ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯក រាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ដែលព្រះអង្គបានកសាងទំនាក់ទំនង ជាមួយនឹងសាធារណៈរដ្ឋប្រជាមានិតចិន តាំងពីជំនួបដំបូងរវាងព្រះករុណា ព្រះមហាក្សត្រ ដែលពេលនោះព្រះអង្គដឹកនាំប្រទេសកម្ពុជា ជាមួយនិងអតីតនាយករដ្ឋមន្ត្រីចិន ជូ អេងឡាយ នៅទីក្រុងបានឌុង ប្រទេសឥណ្ឌូនេស៊ី ដែលចំណុចនោះវាជាការចាប់ផ្តើមនាំមកនូវទំនាក់ទំនងដ៏ល្អរវាងកម្ពុជា-ចិន។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា សម្រាប់ទំនាក់ទំនងកម្ពុជា-ចិននាពេលនេះ មិនមែនជាការចៃដន្យ កើតឡើងនោះទេ ប៉ុន្តែ មានការត្រួសត្រាយផ្លូវពីព្រះករុណា «ព្រះបរមរតនកោដ្ឋ» របស់យើង ជាមួយមេដឹកនាំជំនាន់ដើមរបស់ចិន កម្ពុជាបានទទួួលស្គាល់សាធារណៈរដ្ឋប្រជាមានិតចិន តាំងពីប្រទេសចិនមិនទាន់ចូល ជាសមាជិករបស់អង្គការសហប្រជាជាតិមកម្ល៉េះ នេះជាចំណុចដែលត្រូវចងចាំ។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា៖ «ដែលមុននេះចិន មិនមែនជាតំណាងនៅអង្គការសហប្រជាជាតិ ទេដោយសារមានចិនពីរ ប៉ុន្តែ ក្រោយមកហើយពេលនោះសម្តេចព្រះ នរោត្តម សីហនុ ព្រះអង្គសម្រេចព្រះទ័យ ទទួលស្គាល់សាធារណៈរដ្ឋប្រជាមានិតចិន ដែលមិនមានអាសនៈនៅអង្គការសហប្រជាជាតិ មានន័យថា ព្រះអង្គបានចាប់យកនូវចំណុចគន្លឹះដែលព្រះអង្គមានព្រះរាជចក្ខុវិស័យវែងឆ្ងាយ គឺទៅថ្ងៃអនាគតច្បាស់ជាសាធារណៈរដ្ឋប្រជាមានិតចិន ហើយភាពប្រាកដប្រជារបស់ព្រះអង្គ គឺបានកើតឡើងពិតប្រាកដ»។

បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានបន្តថា បន្ទាប់សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលទ្រង់ខិតខំផ្សារភ្ជាប់ទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងចិន គឺព្រះរាជបុត្ររបស់ទ្រង់ដែលកំពុងគ្រងរាជ្យសម្បត្តិសព្វថ្ងៃ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក៏ដូចកូនចៅរបស់ព្រះអង្គ រួមមានទាំងសម្តេចផ្ទាល់ផងដែរ ដែលបន្តអនុវត្តនយោបាយចិនមួយ និងបន្តការគ្រប់គ្រងទំនាក់ទំនងដ៏ល្អរវាងកម្ពុជា-ចិន បន្ថែមទៀត។

ទន្ទឹមនេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បន្តិចម្តងៗកម្ពុជា-ចិន បានក្លាយជាមិត្តដែលមានការជឿទុកចិត្ត យើងក្លាយទៅជាមិត្តក្នុងក្របខ័ណ្ឌដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ បន្ទាប់ទៅប្រធានាធិបតី ស៊ី ជិនពីង ផ្ទាល់បានហៅថា នេះជាមិត្តភាពដែកថែប។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ៗថា «មិត្តដែកថែប បើតាមនិយមន័យដែលខ្ញុំកាត់យល់ ហើយការយល់ដឹងរបស់ខ្ញុំ គឺនៅត្រង់ការជឿទុកចិត្តគ្នា ដែលបន្ថែមន័យសង្កត់ទៅលើទំនាក់ទំនងក្របខ័ណ្ឌដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ មិនតិចទេប្រទេសដែលមានកិច្ចសហប្រតិបត្តិការភាពជាដៃគូរ យុទ្ធសាស្ត្រ ឬភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងប្រទេសដទៃ។

ក៏ប៉ុន្តែ នៅទីនេះឯកឧត្តម ស៊ី ជិនពីង បានបន្ថែមពាក្យ គឺមិត្តដែកថែប ចំណុចដែលខ្ញុំយល់ន័យនេះ គឺការជឿទុកចិត្តគ្នាខាងនយោបាយពិតប្រាកដ ដែលគ្មានពេលណារង្គោះរង្គើរ រវាងភាគីទាំងពីរ ទោះបីទទួលសម្ពាធពីអ្នកនេះ ទទួលសម្ពាធពីអ្នកនោះ ក៏ប៉ុន្តែ យើងមិនបានដោយរោយទៅតាមការគំរាម ដោយរោយទៅតាមការលោមលួង របស់អ្នកណាទាំងអស់ ព្រោះយើងត្រូវគោរពជាមួយនឹងការស្មោះត្រង់ ក្នុងទំនាក់ទំនងជាមួយគ្នា នោះហើយជាគោលនយោបាយការបរទេស បើនិយាយជារួមគឺរបស់គណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសដែលមានកុងស្យង់ស៊ីសខាងនយោបាយក្នុងទំនាក់ទំនងជាមួយសាធារណៈរដ្ឋប្រជាមានិតចិន»៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ដឹកនាំកិច្ចប្រជុំពីលទ្ធផលការងាររយៈពេល៩ខែ​ឆ្នាំ​២០​២​១​និងទិសដៅបន្តសម្រាប់អនុវត្តនាពេលខាងមុខ ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ឧបត្ថម្ភគ្រឿងសម្ភារបរិក្ខារ ជូនរដ្ឋបាលខេត្ត ដើម្បីចូលរួមក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ១៩ ()

ព័ត៌មានគួរចាប់អារម្មណ៍

កងកម្លាំងជួរមុខទិសយោធភូមិភាគទី៥ ចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៣ ()

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ សំណូមពរដល់ពលរដ្ឋជួយថែរក្សាសម្បត្តិជាតិឱ្យបានគង់វង្ស កុំដឹកជញ្ជូនលើសទម្ងន់កំណត់ដែលបង្កឱ្យផ្លូវឆាប់ខូច ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់តំណែងអភិបាលរងខេត្តព្រះវិហារ, លោក យ៉ុង គឹមហ៊ាន ជំនួសលោក គោ ស៊ុប៊ុនសឿត ដែលផ្ទេរភារកិច្ចទៅកាន់តំណែងជាអភិបាលរងខេត្តប៉ៃលិន ()

វីដែអូ