ថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទទួលជួបសម្តែងការគួរសម និងផ្ដល់អនុសាសន៍ដល់បេក្ខជនអាហារូបករណ៍ ២៤រូប មុនទៅសិក្សានៅប្រទេសជប៉ុន
Thu,22 July 2021 (Time 09:34 PM)
ដោយ ៖ (ចំនួនអ្នកអាន: 79នាក់)

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ បានទទួលជួបសម្តែងការគួរសម និងផ្ដល់អនុសាសន៍តាមប្រព័ន្ធវីដេអូពីចម្ងាយ ដល់បេក្ខជនជ័យលាភីអាហារូបករណ៍ឆ្នាំ២០២១ ចំនួន២៤រូប មុនចេញដំណើរទៅបន្តការសិក្សានៅប្រទេសជប៉ុន។

ជំនួបនេះធ្វើឡើងដើម្បីផ្ដល់អនុសាសន៍ ចំណេះដឹង បទពិសោធន៍ល្អៗ ក៏ដូចជាបង្ហាញនូវគោលនយោ បាយ និងចក្ខុវិស័យរបស់ក្រសួង ដែលជាទស្សនទានដ៏មានតម្លៃបំផុតសម្រាប់បេក្ខជន ក្នុងការយកទៅ ផ្សព្វផ្សាយវប្បធម៌ អរិយធម៌ និងការអភិវឌ្ឍរបស់ជាតិ ក្នុងគោលបំណងឱ្យពិភពលោកបានដឹងបានយល់ និងមកទស្សនាកម្ពុជា ដើម្បីស្វែងរកកាលានុវត្តភាពក្នុងការវិនិយោគផងដែរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងនូវការកោតសរសើរ និងអបអរសាទរដល់បេក្ខជនជ័យលាភីទាំងអស់ ដែលបានទទួលអាហារូបករណ៍ទៅបន្តការ សិក្សានៅប្រទេសជប៉ុន និងជឿជាក់ថា បេក្ខជនជ័យលាភីទាំងអស់ នឹងខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្រេបយកចំណេះដឹង និងបទពិសោធន៍ថ្មីៗនៅប្រទេសជប៉ុន ដើម្បីចូលរួមជួយអភិវឌ្ឍប្រទេសជាតិ មាតុភូមិយើងឱ្យបានរុងរឿងថែមទៀត។

លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា ធនធានមនុស្សជាកត្តាសំខាន់ដែលត្រូវតែខិតខំប្រឹងប្រែង បណ្ដុះបណ្ដាលដើម្បីចូលរួមកសាងប្រទេស ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែបានក្រើនរម្លឹកថា ដើម្បីកសាងប្រទេសជាតិមាតុភូមិឱ្យបានរុងរឿង យើងត្រូវមាន ផ្លូវ ភ្លើង ទឹក និងធនធានមនុស្ស។

ជាមួយគ្នានេះផងដែរ លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ក្រសួង ក្នុងការស្វែងរកជំនួយកសាងវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន នៃក្រសួង សាធារណការ និងដឹកជញ្ជូន ដើម្បីផ្ដល់ការបណ្ដុះបណ្ដាលវិស្វករកម្ពុជាឱ្យមានចំណេះលើការកសាង ហេដ្ឋារចនាសម្ព័ន្ធ ហើយបានចាប់ផ្តើមដំបូងរបស់វិទ្យាស្ថាននេះមាននិស្សិតចំនួន១៩១រូបសិក្សាតាមប្រព័ន្ធអនឡាញក្នុងបរិបទជំងឺកូវីដ-១៩។

ជាងនេះទៀត វិទ្យាស្ថានកំពុងត្រៀមចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយសាកលវិទ្យាល័យប្រទេសចិនដែលឈ្មោះល្បីល្បាញលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបណ្ដុះបណ្ដាលនិស្សិត ក្រៅពីនោះវិទ្យាស្ថានត្រៀមបណ្ដុះ បណ្ដាលមន្ត្រីក្រសួង ដើម្បីឱ្យមានចំណេះដឹងចូលរួមកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាផងដែរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានណែនាំបេក្ខជនជ័យលាភីឱ្យខិតខំប្រឹងប្រែងរៀនសូត្រ បំពេញកាតព្វកិច្ចជាកូនខ្មែរ រក្សាអាកប្បកិរិយាល្អ ប្ដេជ្ញាចិត្តក្រេបជញ្ជក់ចំណេះដឹង អនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមច្បាប់ទម្លាប់ និងវិន័យរបស់សាលា ត្រូវរៀនឱ្យចេះ រៀនឱ្យចប់ ដើម្បីយកចំណេះដឹង និងបទពិសោធន៍មកជួយកសាង ប្រទេសជាតិមាតុភូមិ មិនត្រឹមតែសិក្សានៅលើតែក្រដាស និងសាលារៀនប៉ុណ្ណោះទេ ប៉ុន្តែត្រូវស្វែងយល់ បទពិសោធន៍ក្នុងសង្គម និងការរស់នៅរបស់ប្រទេសគេ និងបានផ្តាំផ្ញើឱ្យបេក្ខជនជ័យលាភីទាំងអស់ ធ្វើខ្លួនជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈជួយផ្សព្វផ្សាយអំពីប្រទេសកម្ពុជាផងដែរ។

បន្ថែមពីនេះ លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីការងារដែលសម្រេចបាន និងការងារកំពុងបន្តទាក់ទងនឹងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដែលក្នុងនោះរួមមាន គម្រោងសាងសង់ពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦ គម្រោងសាងសង់ផ្លូវ ល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គម្រោងផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ គម្រោងផ្លូវដែក និងបណ្តាញផ្លូវជាតិសំខាន់មួយចំនួនទៀត រួមទាំងគម្រោងអភិវឌ្ឍន៍កម្មវិធី Port EDI ជាពិសេសការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មានវិទ្យាដើម្បីផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។

លោលទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានលើកឡើងនូវពាក្យស្លោកថា «សំដីឥតប្រយោជន៍ នាំគ្រោះដល់ ជាតិ ការងារមានប្រសិទ្ធភាពនាំជាតិរុងរឿង» និងបានសង្កត់ធ្ងន់ថា ការតិះដៀលគ្នាទៅវិញទៅមកមិននាំ ចំណេញដល់ជាតិទេ ប៉ុន្តែត្រូវធ្វើការឱ្យមានប្រសិទ្ធភាព រៀនសូត្រឱ្យមានចំណេះដឹង យកបទពិសោធន៍ មកជួយជាតិទើបជាពលរដ្ឋល្អរស់នៅក្នុងសង្គម៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ដឹកនាំកិច្ចប្រជុំពីលទ្ធផលការងាររយៈពេល៩ខែ​ឆ្នាំ​២០​២​១​និងទិសដៅបន្តសម្រាប់អនុវត្តនាពេលខាងមុខ ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ឧបត្ថម្ភគ្រឿងសម្ភារបរិក្ខារ ជូនរដ្ឋបាលខេត្ត ដើម្បីចូលរួមក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ១៩ ()

ព័ត៌មានគួរចាប់អារម្មណ៍

កងកម្លាំងជួរមុខទិសយោធភូមិភាគទី៥ ចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៣ ()

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ សំណូមពរដល់ពលរដ្ឋជួយថែរក្សាសម្បត្តិជាតិឱ្យបានគង់វង្ស កុំដឹកជញ្ជូនលើសទម្ងន់កំណត់ដែលបង្កឱ្យផ្លូវឆាប់ខូច ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់តំណែងអភិបាលរងខេត្តព្រះវិហារ, លោក យ៉ុង គឹមហ៊ាន ជំនួសលោក គោ ស៊ុប៊ុនសឿត ដែលផ្ទេរភារកិច្ចទៅកាន់តំណែងជាអភិបាលរងខេត្តប៉ៃលិន ()

វីដែអូ