ថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
មណ្ឌលផ្តល់សេវាសាធារណៈក្រសួងសាធារណការនៅផ្សារទំនើប ហេរីថេក វ៉ក ខេត្តសៀមរាប ត្រូវបានបើកដំណើរការជាផ្លូវការ
Wed,21 July 2021 (Time 03:19 PM)
ដោយ ៖ (ចំនួនអ្នកអាន: 34នាក់)

ខេត្តសៀមរាប ៖ ថ្ងៃពុធ ១២កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បាន អញ្ជើញជាអធិបតីភាពក្នុងការបើកឱ្យដំណើរការជាផ្លូវការមណ្ឌលផ្តល់សេវាសាធារណៈក្រសួង សាធារណការ និងដឹកជញ្ជូន នៅផ្សារទំនើប ហេរីថេក វ៉ក ខេត្តសៀមរាប។

ក្នុងបរិបទនៃជំងឺកូវីដ-១៩ ដើម្បីចូលរួមបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ឱ្យស្របតាម គោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ការរៀបចំកម្មវិធីនេះ ត្រូវបានប្រារព្ធឡើងដោយមានការ ចូលរួមត្រឹមតែគណៈប្រតិភូក្រសួង និងគណៈប្រតិភូរដ្ឋបាលខេត្តមួយចំនួនតូចតែប៉ុណ្ណោះ និងបានគោរពតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល រួមមាន៖ ការរក្សាគម្លាត លាងដៃនឹងអាល់កុល ឬ ជែល ពាក់ម៉ាសបានត្រឹមត្រូវ និងបានប្រកាសជូនដល់បងប្អូនប្រជាពលរដ្ឋអំពីការបើកដំណើរការនេះ តាមរយៈបណ្តាញសារព័ត៌មានប៉ុណ្ណោះ។

មណ្ឌលផ្តល់សេវាសាធារណៈថ្មីនេះជាមណ្ឌលទី៥ បង្កើតឡើងក្នុងគោលបំណងដើម្បីជួយសម្រួលដល់ ការផ្តល់សេវាសាធារណៈ កាត់បន្ថយពេលវេលាទទួលសេវា កាត់បន្ថយចំណាយក្រៅផ្លូវការ លុបបំបាត់ នីតិវិធីស្មុគស្មាញ បង្ខិតសេវាឱ្យទៅជិតប្រជាពលរដ្ឋ ព្រមទាំងអាចគ្រប់គ្រងតាមដានពង្រឹងប្រសិទ្ធភាព និងតម្លាភាពនៃការផ្តល់សេវាឱ្យកាន់តែមានភាពប្រសើរឡើង។

បងប្អូនប្រជាពលរដ្ឋអាចមកទទួលសេវាប្តូរបណ្ណបើកបរយានយន្ត ចុះបញ្ជីរថយន្ត ផ្ទេរកម្មសិទ្ធិរថយន្ត និងដាក់ពាក្យស្នើសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)តាមរយៈមណ្ឌលផ្តល់សេវាសាធារណៈថ្មីនេះ ជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង ៨យប់ ស្ថិតនៅជាន់ទី២ នៃផ្សារទំនើប ហេរីថេក វ៉ក (The Heritage Walk) មានអាសយដ្ឋានឋិតនៅអាគារលេខ ១៥៨ ផ្លូវជាតិលេខ៦ ភូមិ មណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។

ថ្លែងក្នុងកម្មវិធីបើកដំណើរការនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា បងប្អូន ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តសៀមរាប អាចមកទទួលសេវាប្តូរបណ្ណបើកបរ យានយន្ត ចុះបញ្ជី រថយន្ត ផ្ទេរកម្ម សិទ្ធិរថយន្ត និងដាក់ពាក្យស្នើសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) នៅ មណ្ឌលផ្តល់សេវាសាធារណៈថ្មី នៅក្នុងផ្សារទំនើប ហេរីថេក វ៉ក ជាន់ទី២ ចាប់ពីថ្ងៃបើកឱ្យដំណើរការនេះតទៅ និងបានបន្ថែមថា៖ បងប្អូនប្រជាពលរដ្ឋនឹងកាន់តែមានភាពងាយស្រួល និងអាចមកទទួល សេវាសាធារណៈប្រកបដោយតម្លាភាព ប្រសិទ្ធិភាព និងគណនេយ្យភាព តាមរយៈកំណែទម្រង់តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឆ្លើយតបទៅនឹងសំណួររបស់ក្រុមអ្នកសារព័ត៌មានទាក់ទងនឹងការដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ដោយច្បាប់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើសុំក្រុមអ្នកតវ៉ាលើការដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ ឱ្យមានការយល់ចំពោះការអនុវត្តច្បាប់ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ពីព្រោះក្រសួងសាធារណការ និងដឹកជញ្ជូនគ្មានសិទ្ធិរំលោភច្បាប់ដែលសភាជាតិ និងព្រឹទ្ធសភាជាតិបាន អនុម័ត និងឡាយព្រះហស្ថលេខាប្រកាសឱ្យប្រើដោយព្រះមហាក្សត្រនោះបានទេ។

បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនថា៖ បច្ចុប្បន្នក្រុមការងារជំនាញក្រសួង និងអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានសហការរៀបចំកម្មវិធីដកពិន្ទុប័ណ្ណបើកបរ និងពិន័យបទល្មើសចរាចរណ៍ផ្លូវគោក អាចចាប់យករូបភាពយានយន្តដែលបើកបរល្មើសច្បាប់ តាមរយៈការស្កេនលើប័ណ្ណបើកបរ ដើម្បីកាត់បន្ថយពិន្ទុចំពោះអ្នកបើកបរយានយន្តខុសច្បាប់ទៅតាមស្ថាននៃបទល្មើស ដូចជា៖ មិនពាក់ខ្សែក្រវាត់សុវត្ថិភាព បើកបរលើសល្បឿនកំណត់ បើកបរក្នុងស្ថានភាពស្រវឹង ផ្ទុកមនុស្សលើសកំណត់ ឬល្មើសភ្លើងសញ្ញា ជាដើម ហើយកម្មវិធីនេះ(App)គ្រោងនឹងគោរពរាយការណ៍ជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនាពេលឆាប់ៗនេះ ដើម្បីស្នើសុំការឯកភាព និងអាចដាក់ឱ្យប្រើប្រាស់ផ្លូវការនៅដើមឆ្នាំ២០២២ខាងមុខ។

ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានពន្យល់បន្ថែមទៀតថា កម្មវិធីដកពិន្ទុបណ្ណបើកបរនេះ បង្កើតឡើងដើម្បីឱ្យអ្នកបើកបរគោរពច្បាប់ចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដោយហេតុថា ជារៀងរាល់ឆ្នាំ រដ្ឋបានខាតបង់ថវិកាជាតិប្រមាណ៣៥០លានដុល្លារអាមេរិកដោយសារគ្រោះថ្នាក់ ចរាចរណ៍ និងបានបង្កឱ្យប្រជាពលរដ្ឋរងរបួស ស្លាប់ ខូចខាតទ្រព្យសម្បត្តិឯកជន និងចំណាយលើការ បង់ថ្លៃព្យាបាល និងបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមជាមួយរាជរដ្ឋាភិបាលគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកសាងប្រទេសជាតិមាតុភូមិយើងឱ្យបានរុងរឿងប្រកបដោយមោទនភាពជាតិខ្មែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានសំណូមពរផងដែរដល់មនុស្សបួនប្រភេទ រួមមាន ៖ អ្នកថា អ្នកធ្វើ អ្នក ឈរមើល និងអ្នកទិទៀន ឱ្យចូលរួមជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីកសាងប្រទេសជាតិយើងឱ្យ បានរុងរឿងថែមទៀត និងបានរម្លឹកនូវពាក្យស្លោកមួយឃ្លាថា៖ សំដីអត់ប្រយោជន៍នាំគ្រោះដល់ជាតិ ការងារមានប្រសិទ្ធភាពនាំជាតិរុងរឿង។

ទាក់ទងនឹងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវមោទនភាព ជាអនែក ដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចនាយករដ្ឋមន្ត្រី បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដោយគិតថ្លៃបានចំនួន ៦ លាននាក់ ស្មើនឹង ៦០%នៃប្រជាពលរដ្ឋដែលត្រូវទទួលវ៉ាក់សាំង៕

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ សំណូមពរដល់ពលរដ្ឋជួយថែរក្សាសម្បត្តិជាតិឱ្យបានគង់វង្ស កុំដឹកជញ្ជូនលើសទម្ងន់កំណត់ដែលបង្កឱ្យផ្លូវឆាប់ខូច ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់តំណែងអភិបាលរងខេត្តព្រះវិហារ, លោក យ៉ុង គឹមហ៊ាន ជំនួសលោក គោ ស៊ុប៊ុនសឿត ដែលផ្ទេរភារកិច្ចទៅកាន់តំណែងជាអភិបាលរងខេត្តប៉ៃលិន ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី កើត រិទ្ធ ប្រកាសផ្ទេរតែងតាំង និងចូលកាន់មុខតំណែង ប្រធានសាលាដំបូងខេត្តពោធិ៍សាត់, ប្រធានសាលាដំបូងខេត្តឧត្តរមានជ័យ, ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាខេត្តប៉ៃលិន, ព្រះរាជអាជ្ញាខេត្តបាត់ដំបង, ព្រះរាជអាជ្ញាខេត្តបន្ទាយមានជ័យ និងព្រះរាជអាជ្ញាខេត្តសៀមរាប ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក្រើនរំលឹកជាថ្មីដល់ចៅក្រម ព្រះរាជអាជ្ញា មន្រ្តីតុលាការ និងមន្រ្តីរាជការទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ និងគោរពឱ្យបានត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពង់ចាមសម្រេចបន្តអនុវត្តន៍នូវវិធានការរដ្ឋបាលក្នុងភូមិសាស្ត្រខេត្តរយៈពេល០២សប្តាហ៍ទៀត ()

វីដែអូ