ថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក្រើនរំលឹកជាថ្មីដល់ចៅក្រម ព្រះរាជអាជ្ញា មន្រ្តីតុលាការ និងមន្រ្តីរាជការទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ និងគោរពឱ្យបានត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈ
Fri,21 May 2021 (Time 09:27 PM)
ដោយ ៖ (ចំនួនអ្នកអាន: 194នាក់)

(ត្បូងឃ្មុំ)៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានក្រើនរំលឹកជាថ្មីដល់ចៅក្រម ព្រះរាជអាជ្ញា មន្រ្តីតុលាការ និងមន្រ្តីរាជការទាំងអស់នៃសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ត្រូវប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ និងគោរពឱ្យបានត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជានិច្ចស្របតាមបរិបទ នៃកំណែទម្រង់ថ្មី ដើម្បីធានាឱ្យការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋធ្វើឡើងបាន «លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ» និងដើម្បីលើកកម្ពស់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អង្គចៅក្រមបន្ថែមទៀត។

ការក្រើនរំលឹកនេះ បានធ្វើឡើងនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ខណៈលោករដ្ឋមន្រ្តី បានអញ្ជើញពិធីប្រកាសផ្ទេរ តែងតាំង និងចូលកាន់មុខតំណែងជាផ្លូវការរបស់ប្រធានសាលាដំបូង និងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តចំនួន៣ ដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់សាលាឧទ្ធរណ៍ត្បូងឃ្មុំ រួមមាន៖ ប្រធានសាលាដំបូងខេត្តព្រះវិហារ, ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តក្រចេះ និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី។

សមាសភាពដែលត្រូវបានប្រកាសផ្ទេរ តែងតាំង និងចូលកាន់មុខតំណែងនៅក្នុងពិធីនេះ រួមមាន៖

*ទី១៖ លោក យុត ពន្លឺ ត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តព្រះវិហារ ជំនួសលោក អៀង គឹមថុល ដែលត្រូវបានចូលនិវត្តន៍
*ទី២៖ លោក គឺ ប៊ុណ្ណារ៉ា ត្រូវបានផ្ទេរមកជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តក្រចេះ ជំនួសលោក កែវ សុជាតិ ដែលត្រូវផ្ទេរមកទៅជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង
*ទី៣៖ លោក ម៉ម វ៉ាន់ដា ត្រូវបានតែងតាំងជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ជំនួសលោក ហៀង សុភក្រ្ត ដែលត្រូវបានតែងតាំងជាអគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ។

ថ្លែងក្នុងពិធីនេះ លោករដ្ឋមន្រ្តីបានសំដែងនូវការអបអរសាទរយ៉ាងកក់ក្តៅដល់ប្រធានសាលាដំបូង និងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ដែលទើបត្រូវបានតែងតាំងថ្មី ដោយលោកបានកត់សម្គាល់ថា ការតែងតាំងជាប្រធានសាលាដំបូង និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងនេះ ត្រូវបានធ្វើឡើងផ្អែកលើចំណេះដឹង សមត្ថភាព និងកេរ្តិ៍ឈ្មោះ ព្រមទាំងមានស្នាដៃល្អក្នុងការដឹកនាំនិងបំពេញការងារ ប្រកបដោយប្រសិទ្ធភាព គុណភាព ក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ និងការទទួលខុសត្រូវខ្ពស់។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តីក៏បានផ្តល់ការណែនាំដល់ពួកគាត់ ឱ្យបន្តខិតខំយកចិត្តទុកដាក់ក្នុងការដឹកនាំស្ថាប័នតុលាការ និងស្ថាប័នអយ្យការឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត និងធានាឱ្យបាននូវសាមគ្គីភាពផ្ទៃក្នុង ព្រមទាំងកិច្ចសហការកាន់តែល្អប្រសើរជាមួយអាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ សំដៅពង្រឹងការអនុវត្តច្បាប់ និងប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ។

ប្រធានសាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តី ត្រូវពង្រឹងនូវវិន័យការងារប្រចាំថ្ងៃរបស់ចៅក្រម ព្រះរាជអាជ្ញាដែលបម្រើការនៅក្នុងស្ថាប័នក្រោមសមត្ថកិច្ចរបស់ខ្លួន ជាពិសេស ការគ្រប់គ្រងវត្តមានប្រចាំថ្ងៃ និងផលិតភាពការងារឱ្យបានត្រឹមត្រូវ ហើយត្រូវចាត់វិធាននានាស្របតាមច្បាប់ចំពោះអ្នកដែលមិនគោរពវិន័យការងារ ជាពិសេសវិធានការដែលមានចែងក្នុងមាត្រា ៥២ នៃច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រមនិងព្រះរាជអាជ្ញា។ នេះជាការដាស់តឿនបន្ថែមរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌៕

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ សំណូមពរដល់ពលរដ្ឋជួយថែរក្សាសម្បត្តិជាតិឱ្យបានគង់វង្ស កុំដឹកជញ្ជូនលើសទម្ងន់កំណត់ដែលបង្កឱ្យផ្លូវឆាប់ខូច ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់តំណែងអភិបាលរងខេត្តព្រះវិហារ, លោក យ៉ុង គឹមហ៊ាន ជំនួសលោក គោ ស៊ុប៊ុនសឿត ដែលផ្ទេរភារកិច្ចទៅកាន់តំណែងជាអភិបាលរងខេត្តប៉ៃលិន ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី កើត រិទ្ធ ប្រកាសផ្ទេរតែងតាំង និងចូលកាន់មុខតំណែង ប្រធានសាលាដំបូងខេត្តពោធិ៍សាត់, ប្រធានសាលាដំបូងខេត្តឧត្តរមានជ័យ, ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាខេត្តប៉ៃលិន, ព្រះរាជអាជ្ញាខេត្តបាត់ដំបង, ព្រះរាជអាជ្ញាខេត្តបន្ទាយមានជ័យ និងព្រះរាជអាជ្ញាខេត្តសៀមរាប ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក្រើនរំលឹកជាថ្មីដល់ចៅក្រម ព្រះរាជអាជ្ញា មន្រ្តីតុលាការ និងមន្រ្តីរាជការទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ និងគោរពឱ្យបានត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពង់ចាមសម្រេចបន្តអនុវត្តន៍នូវវិធានការរដ្ឋបាលក្នុងភូមិសាស្ត្រខេត្តរយៈពេល០២សប្តាហ៍ទៀត ()

វីដែអូ