ថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ក្រុមការងារត្រួតពិនិត្យទប់ស្កាត់ការចេញចូលប្រជាពលរដ្ឋដែលមានហានិភ័យ បើកកិច្ចប្រជុំរឹតបន្តឹងចំពោះអ្នកលួចឆ្លងចូលក្រុងសែនមនោរម្យ
Thu,22 April 2021 (Time 09:51 AM)
ដោយ ៖ (ចំនួនអ្នកអាន: 110នាក់)

ខេត្តមណ្ឌលគិរី ៖ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ជាពិសេសក្រុងសែនមនោរម្យ នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ក្រុមការងារដឹកនាំត្រួតពិនិត្យទប់ស្កាត់ការចេញចូលប្រជាពលរដ្ឋដែលមានហានិភ័យឆ្លងរាល ដាលជំងឺកូវីដ១៩ ក្រុងសែនមនោរម្យ បានបើកកិច្ចប្រជុំមួយ ក្នុងគោលបំណងដើម្បីរឹតបន្តឹង គ្រប់គ្រង និងការដាក់ចេញនូវវិធានការនានា ចំពោះអ្នកដែលបានលួចឆ្លងចូលមកក្រុងសែនមនោរម្យ។

កិច្ចប្រជុំនេះដឹកនាំដោយ លោក សាយ ម៉េងគីម អភិបាលរងខេត្ត និងជាប្រធានក្រុមការងារក្រុងសែនមនោរម្យ ដោយមានការចូលរួមពីសមាជិក១៤រូប ជាអភិបាលក្រុង ប្រធានមន្ទីរ ចៅសង្កាត់ និង មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង២ប្រភេទផងដែរ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំសាលាក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

លោក សាយ ម៉េងគីម មានប្រសាសន៍ថា ប៉ុន្មានថ្ងៃចុងក្រោយនេះ មានអ្នកលួចធ្វើដំណើរឆ្លងពីរាជធានី ខេត្ត ចូលមកកាន់ក្រុងសែនមនោរម្យជាបន្តបន្ទាប់ តាមរយៈការធ្វើដំណើរតាមផ្លូវវាងឬ ការចុះដើរគេចពីនៅកន្លែងត្រួតពិនិត្យជាដើម ដែលករណីនេះបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីហានិភ័យដែលអាចឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងក្រុងសែនមនោរម្យ។

ប្រឈមមុខនឹងបញ្ហាខាងលើនេះ ឯកឧត្តមអភិបាលខេត្តមណ្ឌលគិរីបានចេញសេចក្ដីសម្រេចលេខ០២៣ ស្ដីពី ការចាត់តាំងក្រុមការងារដើម្បីដឹកនាំត្រួតពិនិត្យទប់ស្កាត់ការចេញចូលពលករ កម្មករ និង ប្រជាពលរដ្ឋដែលមានហានិភ័យឆ្លងរាលដាលជំងឺកូវីដ១៩ និង សម្របសម្រួលការចាក់វ៉ាក់សាំងកូវី១៩ នៅតាមក្រុង-ស្រុកក្នុងខេត្តមណ្ឌលគិរី។

លោកអភិបាលរងខេត្តបានបន្តថា អាជ្ញាធរខេត្ត កងកម្លាំងប្រដាប់អាវុធ និងក្រុមការងារសុខាភិបាល បានខិតខំយ៉ាងខ្លាំងក្នុងការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងខេត្ត តាមរយៈការចុះផ្សព្វផ្សាយពីជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋជាប្រចាំការដាក់កងកម្លាំងតាមព្រំប្រទល់ខេត្ត ដើម្បីទប់ស្កាត់ប្រជាពលរដ្ឋពីខេត្តផ្សេងលួចឆ្លងចូលមកខេត្តមណ្ឌលគិរី និងការចុះហាមឃាត់ប្រជាពលរដ្ឋជួបជុំផឹកស៊ី ព្រមទាំងការតាមដាន ប្រមូលអ្នកដែលទើបចូលមកខេត្តយកទៅធ្វើចត្តាឡីស័កនៅមណ្ឌល ឬនៅតាមផ្ទះ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍។

បន្ថែមពីលើវិធានការដែលកំពុងអនុវត្តនេះអភិបាលរងខេត្តបានស្នើឲ្យចៅសង្កាត់ទាំងបួន ចុះណែនាំម្ចាស់ផ្ទះជួល ឬបន្ទប់ជួល ត្រូវសហការជាមួយអាជ្ញាធរ ដោយត្រូវរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន ក្នុងករណីដែលមានអ្នកចំណូលថ្មី។ អាជ្ញាធរពាក់ព័ន្ធ ត្រូវចិត្តទុកដាក់ឃ្លាំមើល អ្នកធ្វើចត្តាឡីសក័នៅតាមផ្ទះ ត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ចំពោះរថយន្តដឹកទំនិញ លោកអភិបាលរងខេត្តនឹងស្នើសុំគោលការណ៍ពីឯកឧត្តមអភិបាលខេត្ត ដើម្បីកំណត់អត្តសញ្ញាណអ្នកបើកបរ និង ព្រូឡានឲ្យបានច្បាស់លាស់ ចៀសវាងការលួចលាក់ដឹកមនុស្សចូលដោយខុសច្បាប់។

លោក សាយ ម៉េងគីម បានសង្កត់ធ្ងន់ថា ចំពោះអ្នកលួចចូល ឬ អ្នកបើកបរណាដែលហ៊ានលួចដឹកមនុស្សចូលមកខេត្តមណ្ឌលគិរីដោយខុសច្បាប់ អាជ្ញាធរខេត្ត នឹងអនុវត្តវិធានការរដ្ឋបាល ឬចាប់បញ្ជូនទៅតុលាការតែម្ដង។

លោក សាយ ម៉េងគីម បានស្នើដល់ក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ឲ្យបន្តចុះផ្សព្វផ្សាយអប់រំពីជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋ និងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ រាយការណ៍ដល់អាជ្ញាធរមូលដ្ឋានក្នុងករណីដែលមានអ្នកចំណូលស្រុកថ្មី ព្រមទាំងជំរុញឲ្យប្រជាពលរដ្ឋចូលរួមចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ឲ្យបានគ្រប់គ្នា៕

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ សំណូមពរដល់ពលរដ្ឋជួយថែរក្សាសម្បត្តិជាតិឱ្យបានគង់វង្ស កុំដឹកជញ្ជូនលើសទម្ងន់កំណត់ដែលបង្កឱ្យផ្លូវឆាប់ខូច ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់តំណែងអភិបាលរងខេត្តព្រះវិហារ, លោក យ៉ុង គឹមហ៊ាន ជំនួសលោក គោ ស៊ុប៊ុនសឿត ដែលផ្ទេរភារកិច្ចទៅកាន់តំណែងជាអភិបាលរងខេត្តប៉ៃលិន ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី កើត រិទ្ធ ប្រកាសផ្ទេរតែងតាំង និងចូលកាន់មុខតំណែង ប្រធានសាលាដំបូងខេត្តពោធិ៍សាត់, ប្រធានសាលាដំបូងខេត្តឧត្តរមានជ័យ, ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាខេត្តប៉ៃលិន, ព្រះរាជអាជ្ញាខេត្តបាត់ដំបង, ព្រះរាជអាជ្ញាខេត្តបន្ទាយមានជ័យ និងព្រះរាជអាជ្ញាខេត្តសៀមរាប ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក្រើនរំលឹកជាថ្មីដល់ចៅក្រម ព្រះរាជអាជ្ញា មន្រ្តីតុលាការ និងមន្រ្តីរាជការទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ និងគោរពឱ្យបានត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពង់ចាមសម្រេចបន្តអនុវត្តន៍នូវវិធានការរដ្ឋបាលក្នុងភូមិសាស្ត្រខេត្តរយៈពេល០២សប្តាហ៍ទៀត ()

វីដែអូ