ថ្ងៃអាទិត្យ ទី១១ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
កូរ៉េផ្តល់ហិរញ្ញប្បទានឥតសំណងលើកដំបូងនូវទឹកប្រាក់១០លានដុល្លារ សម្រាប់វិស័យសកម្មភាពមីននៅកម្ពុជាពីឆ្នាំ២០២១-២០២៥
Mon,15 March 2021 (Time 01:45 PM)
ដោយ ៖ (ចំនួនអ្នកអាន: 71នាក់)

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២១ ឯកឧត្ដមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន លោក Nick Beresford អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNDP) និង លោក Rho Hyunjun នាយកប្រចាំប្រទេសនៃភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា (KOICA) បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងត្រីភាគីតាមប្រព័ន្ធវីដេអូលើការប្រគល់-ទទួលហិរញ្ញប្បទានឥតសំណងចំនួន១០លានដុល្លារសហរដ្ឋអាមេរិករបស់សាធារណរដ្ឋកូរ៉េដល់គម្រោងបោសសម្អាត មីនដើម្បីលទ្ធផលដំណាក់កាលទី៤ (CFR IV) សម្រាប់រយៈពេល៥ឆ្នាំ (២០២១ ដល់ ២០២៥) ដើម្បីគាំទ្រវិស័យសកម្មភាពមីននៅកម្ពុជា។

ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន បានលើកឡើងថា ការចុះហត្ថលេខាលើការប្តេជ្ញាចិត្តត្រីភាគីនាថ្ងៃនេះ គឺជាគំរូដ៏ប្រសើរមួយសម្រាប់កិច្ចសហប្រតិបត្តិការនិងក៏ជាសក្ខីភាពនៃការតាំងចិត្តខ្ពស់រួមគ្នាក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីធ្វើឱ្យប្រទេសកម្ពុជាឈានដល់គោលដៅក្លាយជាប្រទេសគ្មានមីនឆ្នាំ២០២៥។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្ថែមទៀតថា ជាមួយនឹងជំនួយប្រកបដោយសប្បុរសរបស់រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋកូរ៉េសម្រាប់វិស័យសកម្មភាពមីននៅកម្ពុជានេះ នឹងនាំមកនូវការជួយសង្រ្គោះជីវិតប្រជាជនបានយ៉ាងច្រើនកាត់បន្ថយគ្រោះថ្នាក់ និងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមរយៈការចូលរួមផ្តល់ដីមានសុវត្ថិភាពដែលលោកទេសរដ្ឋមន្រ្តីបានចាត់ទុកសកម្មភាពបោសសម្អាត មីន គឺស្ថិតនៅជួរមុខនៃកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារ និងកសាងជីវិតនិងសហគមន៍ដែលបានបាត់បង់ឱកាស និងរងគ្រោះដោយសារជម្លោះ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងថា បន្ទាប់ពីភ្ជាប់ចំណងការទូតជាប្រវត្តិសាស្រ្តឡើងវិញនៅឆ្នាំ១៩៩៧ទំនាក់ទំនងទ្វេភាគីរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េពិតជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់លើវិស័យកិច្ចសហប្រតិបត្តិការនយោបាយសេដ្ឋកិច្ចការអភិវឌ្ឍ និងវប្បធម៌ហើយសាធារណរដ្ឋកូរ៉េគឺជាប្រទេសមួយក្នុងចំណោមប្រទេសដទៃទៀតដែលជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់កម្ពុជាលើវិស័យជាច្រើន។ លោកបន្តទៀតថា ដោយឡែកសម្រាប់វិស័យសកម្មភាពមីនសាធារណរដ្ឋកូរ៉េបានចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងជាសកលដើម្បីការពារជនស៊ីវិលពីការរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមតាំងពីឆ្នាំ១៩៩៧។

លោក Nick Beresford តំណាងUNDPប្រចាំកម្ពុជា បានថ្លែងថា «សាធារណរដ្ឋកូរ៉េគឺជាអ្នកផ្ដល់ជំនួយជាយូរមកហើយដល់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា។ ថ្ងៃនេះយើងបានមើលឃើញនូវការបន្តការគាំទ្រនេះតាមរយៈការសន្យាផ្ដល់ថវិកាចំនួន១០លានដុល្លារអាមេរិក សម្រាប់សកម្មភាពបោសសម្អាតគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ ការចូលរួមបដិភាគថ្មីបន្ថែមទៀតរបស់សាធារណរដ្ឋកូរ៉េ ដល់គម្រោងបោសសម្អាតមីនដើម្បីលទ្ធផលតាមរយៈកិច្ចសហការក្នុងភាពជាដៃគូជាមួយ UNDP គឺជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍ភូមិសន្តិភាពមេគង្គដែលជួយកម្ពុជាក្នុងការបោសសម្អាតមីនការផ្ដល់ជំនួយដល់ជនរងគ្រោះ និងការអប់រំគ្រោះថ្នាក់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម។ សកម្មភាពទាំងនេះជួយសង្គ្រោះជីវិតការពារសហគមន៍ និងគាំទ្រដល់ការលើកកម្ពស់វិបុលភាពសម្រាប់សហគមន៍កសិករនៅជនបទ»។

លោក Rho Hyunjun នាយកKOICAប្រចាំកម្ពុជា បានថ្លែងថា «នេះគឺជាឆ្នាំមួយប្រកបដោយអត្ថន័យថ្លៃថ្លាបំផុតដែលសាធារណរដ្ឋកូរ៉េក្លាយជាអ្នកផ្ដល់ជំនួយថ្មីនៅក្នុងវិស័យសកម្មភាពបោសសម្អាតមីននៅកម្ពុជា។ថវិកាដែលបានពីKOICA និងអ្នកផ្ដល់ជំនួយដទៃទៀតនឹងជួយពង្រីកផ្ទៃដីដែលបានបោសសម្អាតគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ធ្វើឱ្យជីវិតរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាកាន់តែមានសុវត្ថិភាពនិងផ្ដល់ដីសម្រាប់ប្រើប្រាស់ជាប្រយោជន៍ដល់ការស្ដារសេដ្ឋកិច្ចរបស់កម្ពុជាឡើងវិញពីជំងឺកូវីដ-១៩»។

ឆ្លៀតក្នុងឱកាសនោះក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមប្រជាជនដែលរស់នៅក្នុងសហគមន៍រងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសម្ចាស់ជំនួយនិងដៃគូអភិវឌ្ឍន៍ដទៃទៀត រួមមាន៖ សហរដ្ឋអាមេរិក អូស្រ្តាលី អង់គ្លេស ជប៉ុន អាល្លឺម៉ង់ ស្វីស ចិន ន័រវែស កាណាដា នូវែលហ្សឺឡង់ អៀរឡង់ UNDPនិងUNICEF ព្រមទាំងមូលនិធិអង្គការសង្គមស៊ីវិល និងសប្បុរសជនផងដែរ។ ទន្ទឹមនោះ ឯកឧត្តមទេសរដ្ឋមន្រ្តីសង្ឃឹមយ៉ាងមុតមាំថា ប្រទេសជាមិត្តនិងដៃគូទាំងអស់នឹងបន្តឈរជាមួយរាជរដ្ឋាភិបាលកម្ពុជារហូតដល់ការងារត្រូវបានបញ្ចប់និងធ្វើឲ្យសុបិន្តប្រទេសកម្ពុជាដែលគ្មានគ្រាប់មីនក្លាយជាការពិតឆ្នាំ២០២៥។

ក្នុងរយៈពេលជិតបីទសវត្សនេះ ចាប់ពីឆ្នាំ១៩៩២តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងមានការគាំទ្រពី សហគមន៍ម្ចាស់ជំនួយផ្ទៃដីរងការគម្រាមដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាមប្រមាណ២,១៤៩គីឡូម៉ែត្រក្រឡា ត្រូវបាន បោសសម្អាតសម្រាប់ប្រើប្រាស់ និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋជាង៦លាននាក់ នៃជនក្រីក្រងាយរងគ្រោះនិងសហគមន៍ហើយកម្ពុជានៅសល់ផ្ទៃដីប្រមាណ២.១៥៧គីឡូម៉ែត្រក្រឡា

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងលោក បើកយុទ្ធនាការផ្សព្វផ្សាយសារសុវត្ថិភាពចរាចរណ៍ និងវិធានការទបស្កាត់ការរីករាលដាលកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យគោលដៅអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល លើការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ()

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តព្រះវិហារ ចុះត្រួតពិនិត្យគោលដៅអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល លើការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្នរយៈពេល ១៤ថ្ងៃ ()

ព័ត៌មានគួរចាប់អារម្មណ៍

ធនាគារវឌ្ឍនៈ សាខាខេត្តបាត់ដំបង បានផ្តល់ម៉ាស់ ចំនួន ១២ម៉ឺន ៥ពាន់ ម៉ាស់ និងអាកុលចំនួន ៦០០លីត្រ ដល់រដ្ឋបាលខេត្តបាត់ដំបង សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន ចុះសាកសួរសុខទុក្ខ និងនាំយកស្បៀងអាហារទៅឧបត្ថម្ភដល់កងកម្លាំង ដែលកំពុងឈរជើងការពារតាមគោលដៅ ខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ ពីក្រៅប្រទេស ()

វីដែអូ