មនុស្សជាច្រើនចូលរួមកាន់ទុក្ខស្ត្រីម្នាក់ដែលស្លាប់ក្នុងការតវ៉ាប្រឆាំងរដ្ឋប្រហារនៅមីយ៉ាន់ម៉ា
មីយ៉ាន់ម៉ា ៖ មនុស្សយ៉ាងច្រើននៅរដ្ឋធានីណៃពិដោរបស់ប្រទេសមីយ៉ាន់ម៉ាបានចូលរួមពិធីបុណ្យសពរបស់ស្ត្រីវ័យក្មេងម្នាក់ដែលត្រូវបានសម្លាប់នៅក្នុងការតវ៉ាប្រឆាំងនឹងរដ្ឋប្រហារយោធានៅប្រទេសមីយ៉ាន់ម៉ា។ នេះបើយោងតាមប្រភពពីសារព័ត៌មាន BBC។
នាង Mya Thwe Thwe Khaing ត្រូវបានគេបាញ់ចំក្បាលនៅមុនថ្ងៃខួបកំណើតគម្រប់២០ឆ្នាំរបស់នាងដែលជាមនុស្សដំបូងក្នុងចំណោមមនុស្សយ៉ាងតិច ៣ នាក់បានស្លាប់នៅក្នុងការតវ៉ានេះ។
កាលពីថ្ងៃអាទិត្យមនុស្សរាប់ពាន់នាក់បានតម្រង់ជួរដើម្បីគោរពវិញ្ញាណក្ខន្ធរូបនាង ដោយអ្នកខ្លះធ្វើម្រាមដៃបីជាសញ្ញាដែលក្រុមបាតុករបានប្រើ។នាង Mya Thwe Thwe Khaing ជាបុគ្គលិកផ្សារទំនើបបានរងរបួសនៅពេលដែលនគរបាលព្យាយាមបំបែកក្រុមអ្នកតវ៉ាកាលពីដើមខែនេះ។ នាងត្រូវបានជួយសង្គ្រោះជីវិតអស់រយៈពេល ១០ ថ្ងៃប៉ុន្តែបានស្លាប់កាលពីថ្ងៃសុក្រ។
នាងបានក្លាយជាចំណុចផ្ទុះកំហឹងសម្រាប់បាតុករដោយរូបភាពរបស់នាងជារឿយៗត្រូវបានបង្ហាញដោយមនុស្សដែលប្រឆាំងនឹងរដ្ឋប្រហារ។ មឈូសរបស់នាងត្រូវបានដឹកឆ្លងកាត់ផ្លូវនានាតាមរថយន្តដឹកសពពណ៌ខ្មៅ និងពណ៌មាសហែរហមដោយទោចក្រយានយន្តរាប់រយគ្រឿង។
សូមជម្រាបថា ក្រុមអ្នកតវ៉ា បានចេញទៅតវ៉ានៅតាមដងផ្លូវនានាទូទាំងប្រទេសជាថ្មីទៀត កាលពីថ្ងៃអាទិត្យទោះបីជាថ្ងៃកន្លងទៅបានមើលឃើញមានអំពើហិង្សាដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មាននៅក្នុងការតវ៉ាជាច្រើនសប្តាហ៍មកនេះក៏ដោយ៕