ថ្ងៃអង្គារ៍ ទី២៥ ខែមករា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្ដេច ស ខេង កោតសរសើរកម្លាំងនគរបាលជាតិ ក្នុងការអនុវត្តរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដែលទទួលបានលទ្ធផលល្អប្រសើរ
Thu,23 December 2021 (Time 05:58 PM)
ដោយ ៖ (ចំនួនអ្នកអាន: 91នាក់)

ខេត្តកំពង់ចាម ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកងកម្លាំងនគរបាលជាតិគ្រប់ជាន់ថ្នាក់ ក្នុងការអនុវត្តរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នាឆ្នាំ២០២០ និង២០២១ ទទួលបានលទ្ធផលល្អប្រសើ ទោះបីមានប្រជាពលរដ្ឋមួយចំនួនរិះគន់ ក្នុងការអនុវត្តច្បាប់ចរាចរណ៍ នៅដំណាក់កាលជំងឺកូវីដ-១៩នេះក៏ដោយ។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៦ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម។

សម្ដេចក្រឡាហោម បានបញ្ជាក់ថា «សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះពលីកម្ម និងសព្វបែបយ៉ាងរបស់មន្ដ្រីមានសមត្ថកិច្ចអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក គ្រប់លំដាប់ថ្នាក់នៅទូទាំងប្រទេសកម្ពុជា ដែលបានបំពេញភារៈកិច្ច ដោយមិនខ្លាចនឿយហត់ ប្រកបដោយស្មារតីទទួលខុសត្រូវនិងវិជ្ជាជីវៈខ្ពស់ ក្នុងការរឹតបន្ដឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ព្រមទាំងរក្សាសណ្ដាប់ធ្នាប់ចរាចរណ៍ផ្លូវគោក, ផ្សព្វផ្សាយអបរំច្បាប់, កសាងជួសជុលកែលម្អស្ថានភាពផ្លូវថ្នល់, សង្គ្រោះជនរងគ្រោះ និងកិច្ចការសំខាន់ជាច្រើនទៀត ទទួលបានលទ្ធផលល្អប្រសើរ ក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១នេះ»។ សម្ដេចក្រឡាហោម បានបន្ដថា ជាពិសេស កងកម្លាំងនគរបាលគ្រប់ជាន់ថ្នាក់ បានជួយសង្គ្រោះជីវិតប្រជាពលរដ្ឋឱ្យរួចផុតពីការបាត់បងជីវិត និងរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍។

លើសពីនេះទៀត សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បន្ថែមថា «ទាំងនេះជាសមិទ្ធផលបន្ទាប់ពីយើងបានរឹតបន្ដឹងច្បាប់ចរាចរណ៍នេះ យើងនៅចាំបានថា នៅពេលគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដាក់ចេញនូវការដឹកនាំក្នុងការរឹតបន្ដឹងច្បាប់ តាមអនុក្រឹត្យដែលបានធ្វើវិសោធនកម្ម ពេលនោះក៏មានប្រតិកម្ម ចំនួនពីរធំៗ គឺ៖ទីមួយ ប្រតិកម្មអបអរសាទរ និងទីពីរ ប្រតិកម្មមិនគាំទ្រ។ ដោយលើកហេតុផលថា ក្នុងស្ថានភាពជំងឺកូវីដ-១៩ មិនគួររឹតបន្ដឹងនាំឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពេលផាកពិន័យ ប្រជាពលរដ្ឋមិនមានលុយបង់»។

សម្ដេចក្រឡាហោម ក៏បានចាត់ទុកថា ទាំងនេះក៏ជាយោបល់មួយ ប៉ុន្ដែត្រូវគិតថា បើសិនគោរពច្បាប់ចរាចរណ៍ ថវិកាទាំងឡាយមិនត្រូវបាត់បងឡើយ ហើយការពារអាយុជីវិតរបស់ពួកគាត់បានផងដែរ។ ប៉ុន្ដែផ្ទុយទៅវិញ បើពួកគាត់មិនគោរពច្បាប់ ថវិកាក៏បាត់បង់ ជីវិតក៏បាត់បង់ ឬរងរបួស ជាដើម។ សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា សម្តេច បានយល់ឃើញបែបនេះ ទើបបន្ដរឹតបន្ដឹងច្បាប់ចរាចរណ៍ ហើយទទួលបានលទ្ធផលល្អប្រសើរ។

ជាងនេះទៅទៀត ប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បានសង្កេតឃើញថា ប្រជាពលរដ្ឋធ្វើដំណើរតាមម៉ូតូនាពេលបច្ចុប្បន្ន ជិត១០០ភារយ បានពាក់មួកការពារ និងពាក់ម៉ាស ដើម្បីការពារនៅពេលជួបគ្រោះថ្នាក់ចរាចរណ៍ និងការពារសុខភាព ជាពិសេស ការពារកូវីដ-១៩ ដូច្នេះការពាក់មួកការពារ និងពាក់ម៉ាស មានសារប្រយោជន៍ខ្លាំងសម្រាប់ប្រជាពលរដ្ឋគ្រប់រូប៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ ជប៉ុនប្រគល់រថយន្តពន្លត់អគ្គិភ័យ៤គ្រឿង ជូនរដ្ឋបាលរាជធានីភ្នំពេញ ដោយមានទាំងរថយន្តបំពាក់ជណ្តើរកម្ពស់៤០ម៉ែត្រផងដែរស្របពេលដែលរាជធានីភ្នំពេញកាន់តែមានភាពរីកចម្រើន ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសាធារណការប្តេជ្ញាជំរុញការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីឱ្យបានទូលំទូលាយ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសផែនដី ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ហ៊ុន ម៉ាណែត ផ្ញើសារជូនពរនាយទាហាន នាយទាហានរង និងពលទាហានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង ប្រកាសគាំទ្រចំពោះការសម្រេចជាឯកច្ឆន្ទរបស់ អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ដែលជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ប្រកាសគាំទ្រចំពោះការសម្រេចជាឯកច្ឆន្ទរបស់ អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ដែលជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត ()

វីដែអូ