ថ្ងៃពុធ ទី០១ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជំរុញឱ្យក្រុមហ៊ុននៅអាមេរិកពិចារណាចូលរួមក្នុងដំណើរការ ដេញថ្លៃកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា
Fri,12 November 2021 (Time 04:05 PM)
ដោយ ៖ (ចំនួនអ្នកអាន: 45នាក់)

ភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានជំរុញឱ្យក្រុមហ៊ុននានានៅសហរដ្ឋ អាមេរិក ពិចារណាចូលរួមក្នុងដំណើរការ ដេញថ្លៃដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីបានកត់សម្គាល់ថា ដំណើរការ ដេញថ្លៃគោរពតាមនីតិវិធីរបស់ធនាគារពិភពលោក និងទីភ្នាក់ងារ JICA ស្របតាមស្តង់ដាអន្តរជាតិ។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកទឹកចិត្តដល់វិស័យឯកជនឱ្យចូលរួមក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយគុណភាពនៅកម្ពុជា ដោយផ្អែកលើគោលការណ៍ PPP និង BOT។

ការជំរុញរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានកិច្ចប្រជុំ រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន ក្នុងឱកាសអញ្ជើញអង្គុយសម្ភាសន៍ជាមួយទូរទស្សន៍CNBC អំពីផែនការបច្ចុប្បន្ន ការតភ្ជាប់ និងអនាគតនៃការដឹកជញ្ជូននៅកម្ពុជា នាព្រឹកថ្ងៃសុក្រ ៨កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងពន្យល់ថា ការដាក់ឱ្យប្រើប្រាស់រថយន្តអគ្គិសនី (EV) កំពុងឋិតក្នុងដំណាក់ កាលដំបូងនៃការអភិវឌ្ឍនៅកម្ពុជា។ កម្ពុជាបានរៀបចំសេចក្តីព្រាងគោលនយោបាយដឹកជញ្ជូនផ្លូវគោកដើម្បីលើកទឹកចិត្តប្រជាជនកម្ពុជាឱ្យប្រើប្រាស់រថយន្ត EV។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា៖ យើងកំពុងស្វែងរកអ្នកវិនិយោគមកវិនិយោគស្ថានីយសាកថ្មនេះផងដែរ។ សព្វថ្ងៃនេះយើងមិនទាន់មាន ស្ថានីយសាកថ្មទេ ដូច្នេះមានការពិបាកក្នុងការបញ្ចុះបញ្ចូលប្រជាជនយើងឱ្យទិញរថយន្តEVនេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមទៀតថា រដ្ឋាភិបាលនឹងធ្វើការរួមគ្នាជាមួយវិស័យឯកជន លើគោលការណ៍ភាពជាដៃគូរដ្ឋនិងឯកជន (PPP) ដើម្បីធានាដល់ការដំឡើងស្ថានីយ៍សាកថ្មឱ្យបានគ្រប់ គ្រាន់ និងធានាថាការបោះចោលអាគុយចាស់ត្រូវបានធ្វើឡើងត្រឹមត្រូវ។ បច្ចុប្បន្នក្រសួងកំពុងធ្វើការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីកាត់បន្ថយអត្រាពន្ធសម្រាប់រថយន្តអគ្គិសនីឱ្យបាន៥០%។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្តោតការពិភាក្សាជាសំខាន់លើការវិនិយោគផ្ទាល់ពីបរទេស (FDI) និងកំណើននៃការអភិវឌ្ឍរបស់កម្ពុជា ដោយគូសបញ្ជាក់ថា ជាទូទៅ FDI ជាមធ្យមមានប្រហែលបីពាន់ លានដុល្លារក្នុងមួយឆ្នាំនៅក្នុងគម្រោងផ្សេងៗ។

ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនទស្សនិកជនផងដែរថា ចាប់តាំងពីកម្ពុជាទទួល បានសន្តិភាព និងស្ថិរភាពពេញលេញនៅក្នុងឆ្នាំ១៩៩៨ កម្ពុជាបានកសាងផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវជនបទ ក្រាលកៅស៊ូបានប្រវែង១៥.០០០គីឡូម៉ែត្រ បានសាងសង់ស្ពានចំនួន២០កន្លែងឆ្លងកាត់ទន្លេមេគង្គ ទន្លេ បាសាក់ និងទន្លេសាប បានលើកកម្ពស់ព្រលានយន្តហោះចំនួនបីតាមស្តង់ដាអន្តរជាតិនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ និងបន្តអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិចំនួនបីកន្លែងដោយឈរលើ គោលការណ៍កសាង ប្រតិបត្តិ ផ្ទេរ (BOT) នៅភ្នំពេញ ខេត្តសៀមរាប និងខេត្តកោះកុង។

ជាងនេះទៅទៀត ផ្លូវល្បឿនលឿនមួយខ្សែតម្លៃជាង២ពាន់លានដុល្លារអាមេរិក ជិតនឹងបញ្ចប់ការភ្ជាប់ពីទីក្រុងភ្នំពេញទៅកាន់កំពង់ផែសមុទ្រទឹកជ្រៅ ខេត្តព្រះសីហនុ ដោយផ្អែកលើគោលការណ៍BOT ការផ្តល់ ហិរញ្ញប្បទានដល់ហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាបានមកពីដៃគូអភិវឌ្ឍន៍ជាច្រើន រួមមាន ៖ ប្រទេសចិន ជប៉ុន កូរ៉េ ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី ថៃ វៀតណាម និងប្រភពថវិកាជាតិផងដែរ។ ដូច្នេះកម្ពុជាមិនពឹងផ្អែកលើប្រទេសចិនសម្រាប់ការផ្តល់ហិរញ្ញប្បទាន១០០%ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនឡើយ។

ទាក់ទងនឹងគោលនយោបាយវិនិយោគ ឯកឧត្តមទេសរដ្ឋមន្ត្រី បានក្រើនរំលឹកឡើងវិញថា កម្ពុជាជាប្រទេសតូច មានប្រព័ន្ធសេដ្ឋកិច្ចបើកចំហប្រកបដោយរបបវិនិយោគសេរីនៅតំបន់អាស៊ី ក្នុងនោះរាជរដ្ឋាភិបាលដើរតួនាទីជាអ្នកសម្របសម្រួលសម្រាប់វិស័យឯកជន មិនមែនអ្នកគ្រប់គ្រងវិស័យឯកជន នោះទេ។ ជោគជ័យរបស់វិស័យឯកជនគឺជាជោគជ័យរបស់ប្រទេស៕

ព័ត៌មានគួរចាប់អារម្មណ៍

សារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនជនរួមជាតិ ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២១ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន៖ ការបើកដំណើរការ ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក ត្រូវរង់ចាំពិនិត្យក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពង់ក្នុង ពិធីសំណេះសំណាល និងកច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២១ របស់ក្រុមការងារយុវជនគណបក្សខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ សំណេះសំណាលជាមួយរដ្ឋបាលក្រុង ស្រុក ដើម្បីប្រគល់ថវិកាឧបត្ថម្ភរបស់រាជដ្ឋាភិបាលជូនដល់គ្រួសារសព ដែលទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ចំនួន ១៦៦ សព នៅក្នុងខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពង់ធំ ចុះត្រួតពិនិត្យឡសម្ងួត និងឃ្លាំងស្តុកស្រូវរោងម៉ាស៊ីនកិនស្រូវ២កន្លែង ក្នុងស្រុកស្ទោង និងស្រុកកំពង់ស្វាយ ()

វីដែអូ