ថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្ត្រី​កសិកម្ម​នាំយក​កូនឈើ​ហូប​ផ្លែ​ពូជ​មាន់​និង​ចំណី​មក​ចែកជូន​ពលរដ្ឋ​ចំនួន​២០០​គ្រួសារ នៅ​ស្រុក​​តា​លោសែន​ជ័យ​
Fri,07 August 2020 (Time 04:47 PM)
ដោយ ៖ (ចំនួនអ្នកអាន: 73នាក់)

ខេត្តពោធិ៍សាត់ ៖ នាព្រឹកថ្ងៃសុក្រ ៣រោច ខែស្រាពណ៏ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែសីហាឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តមម៉ៅ ធនិន អភិបាលនៃគណអភិបាលខេត្តពោធិ៍សាត់ អមដំណើរជាមួយដោយឯកឧត្តម លោក ជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គ នាយកនៃអគ្គនាយកដ្ឋានកសិកម្ម ឯកឧត្តមអភិបាលរងខេត្ត មន្ត្រីជំនាញ និស្សិតនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញមកជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងនាំយកកូនឈើហូបផ្លែ (ដូង ខ្មុរ មាន ឫស្សី ស្វាយ ត្របែក និងស្តៅ) ពូជមាន់ និងចំណីមាន់មកចែកជូនប្រជាពលរដ្ឋចំនួន ២០០គ្រួសារសម្រាប់អនុវត្តន៍ប្រព័ន្ធកសិកម្មចំរុះ ដែលពិធីនេះបានរៀបចំធ្វើនៅផ្ទះកសិករ ហាច ហៀត នៅភូមិផ្ទុះរុង ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។

ឯកឧត្តម ង៉ោ ប៉ុនថាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) បានរាយការណ៍ដោយសង្ខេបអំពីគម្រោងដែលមានខ្លឹមសារដូចតទៅ៖ គម្រោងស្តីពី “ការពង្រីកបច្ចេក ទេសកសិកម្មដែលធន់នឹងអាកាសធាតុ ហៅកាត់ថា SUCRA” គឺជាអនុសមាសភាគ ៣.២ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ដែលគំាទ្រថវិកាដោយមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍកសិកម្ម (IFAD) និងរាជរដ្ឋាភិបាលកម្ពុជា។ គម្រោងនេះសហការអនុវត្តជាមួយវិទ្យាស្ថានអន្តរជាតិស្តារជនបទឡើងវិញ (IIRR) ដែលជាដៃគូប្រតិបត្តិនៅមូលដ្ឋាន មន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង និងមជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍនិងបរិស្ថាននៃសាកលវិទ្យាល័យប៊ើនប្រទេសស្វីស។

គម្រោង SUCRA មានគោលបំណង- បង្កើនភាពធន់ទៅនឹងការប្រែ ប្រួលអាកាសធាតុ ដល់កសិករខ្នាតតូចដែលងាយរងគ្រោះ តាមរយៈការជំរុញឱ្យកសិករអនុវត្តគំរូល្អៗនៃប្រព័ន្ធកសិកម្មចំរុះ – ធ្វើឲ្យប្រសើរឡើងនូវសន្ដិសុខស្បៀង និងអាហារូបត្ថម្ភ – បង្កើនប្រាក់ចំណូល និងពង្រឹងមុខងារប្រព័ន្ធអេកូឡូស៊ីដី – លើកកម្ពស់ចំណេះដឹងអំពីហានិភ័យនៃការប្រែប្រួលអាកាស ធាតុ និងអំពីមធ្យោបាយដែលធ្វើឲ្យ សម្រេចបានភាពធន់ប្រកបដោយចីរភាព។ គម្រោងអនុវត្តក្នុងភូមិគោលដៅចំនួន ២៣ នៅក្នុងខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង និងមានប្រជាកសិករទទួលផលផ្ទាល់ពីគម្រោងសរុបចំនួន ១៥០០គ្រួសារ។ ដោយទ្បែកសម្រាប់ខេត្តពោធិ៍សាត់ មានភូមិគោលដៅចំនួន១១ នៅក្នុងឃុំផ្ទុះរុង និងឃុំតាលោ ស្រុកតាលោសែនជ័យ និងមានកសិករគោលដៅសរុបចំនួន ៧៥០គ្រួសារ។

មានមតិស្វាគមន៍នាឱកាសនេះ ឯកឧត្តម ម៉ៅ ធនិន បានមានចំណាប់អារម្មណ៍យ៉ាងយកចិត្តទុកដាក់ និងវាយតម្លៃខ្ពស់លើលទ្ធផលនៃការអនុវត្តគម្រោង ដូចអ្វីដែលឯកឧត្តមសាកលវិទ្យាធិការបានរាយការណ៍ជូនជ្រាបខាងលើ។ លោកក៏បានជម្រាបជូនពិធីអំពីសក្តានុពលវិស័យកសិកម្មនៅមូលដ្ឋានរបស់លោកផងដែរ ដោយមានការវិវឌ្ឍន៍រីកចម្រើនគួរជាទីមោទន បើទោះបីស្ថានភាពសេដ្ឋកិច្ចជារួមកំពុងជួបបញ្ហាដោយសារជំងឺឆ្លងកូវីដ-១៩។

ជាថ្មីម្តងទៀត ឯកឧត្តមអភិបាលខេត្តបានផ្តល់ការគាំទ្រពេញទំហឹងចំពោះរាល់សកម្មភាពដែលជួយ ឧបត្ថម្ភ គាំទ្រ និងជំរុញដល់ការអភិវឌ្ឍវិស័យកសិកម្មនៅក្នុងមូលដ្ឋានរបស់លោកតាមគ្រប់រូបភាព ធ្វើយ៉ាងណាចូលរួមបង្កើតការងារ បង្កើនប្រាក់ចំណូល ធានាបាននូវសន្តិសុខស្បៀងក្នុងគ្រួសារ និងឈានជាជំហានៗទៅធ្វើការនាំចេញនាពេលអនាគត។

មានមតិសំណេះសំណាលជាមួយប្រជាកសិករ ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត សម្តេចមហាពញាចក្រីប្រធានរដ្ឋសភា និងសម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា មកជូនបងប្អូនខេត្តពោធិ៍សាត់ ពិសេសបងប្អូនក្នុងស្រុកតាលោសែនជ័យដែលកំពុងញាប់ដៃ ញាប់ជើងក្នុងការខិតខំប្រឹងប្រែងលើការងារបង្កបង្កើនផល ហើយសម្តេចបានជូនពរឱ្យបងប្អូនប្រជាពលរដ្ឋគ្រប់ៗក្រុមគ្រួសារឲ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន សុភមង្គលក្នុងក្រុមគ្រួសារ និងមានសុខភាពល្អ ឆ្លងឲ្យផុតពីវិបត្តិជំងឺឆ្លងកូវីដ-១៩។

ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសំខាន់ដែលគម្រោងសម្រេចបាន ជាក់ស្តែងក្រៅពីការបណ្តុះបណ្តាលចំណេះដឹងទាក់ទងការចិញ្ចឹម និងដាំដុះដូចបានរៀបរាប់ជូនដោយឯកឧត្តមសាកលវិទ្យាធិការ គម្រោងបាននិងកំពុងផ្តល់ធាតុចូលមួយចំនួន ដល់កសិករគោលដៅចំនួន ៧៥០គ្រួសារ ក្នុងខេត្តពោធិ៍សាត់ ដើម្បីចាប់ផ្តើមអនុវត្តប្រព័ន្ធកសិកម្មចម្រុះ ដែលរួមមាន៖ កូនឈើហូបផ្លែ សរុបចំនួន ២១ ៧១៥ដើម មាន់ពូជ និងទា សរុបចំនួន១ ១៧០ក្បាល កូនត្រី និងកូនកង្កែបសរុបចំនួន ៨៥ ៩១៣ក្បាល ចំណីមាន់ចំនួន ៣៧បាវ ចំណីត្រីចំនួន ៥០បាវ និងជីធម្មជាតិចំនួន ៤២បាវ។

ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់ក្តីសង្ឃឹម និងការជឿជាក់យ៉ាងមុតមាំដល់ប្រជា ពលរដ្ឋថាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាវៃបំផុតរបស់សម្តេចតេជោហ៊ុន សែន “មិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយខ្វះស្បៀងបានឡើយ” ។ ដូច្នេះហើយ ក្នុងនាមឲ្យថ្នាក់ដឹកនាំក្រសួង និងអភិបាលខេត្តបានខិតខំប្រឹងប្រែងយកអស់កំលាំងកាយចិត្ត ប្រាជ្ញាស្មារតី ដោយបានដាក់ចេញនូវវិធានការចំបាច់សំខាន់ៗមួយចំនួនចំពោះមុខដើម្បីចូលរួមថែរក្សាការពារ និងទ្រទ្រង់សេដ្ឋកិច្ចគ្រួសារឲ្យមានចីរភាព និងនិរន្តរភាព រក្សាសុវត្ថិភាពស្បៀងក្នុងគ្រួសារ តាមរយ:ការបង្កើនផលិតភាពផលិតកម្មកសិកម្ម ប្រែក្លាយវិបត្តិ ទៅជាឱកាសដើម្បីពង្រីក និងពង្រឹងសមត្ថភាពផលិត និងចិញ្ចឹមតាមគ្រប់រូបភាព។ សកម្មភាពទាំងអស់នេះ ទទួលបានការគាំទ្រទាំងកំលាំងចិត្ត ស្មារតី និងជាពិសេសថវិកាដោយផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន ចំនួន ២០០០ លានរៀល សម្រាប់ពង្រីកវិស័យវារីរប្បកម្ម។

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះម្ចាស់ជំនួយ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រលើការអនុវត្តគម្រោងនេះ និងជាពិសេសថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ ដែលបានគិតគូ យកចិត្តទុកដាក់ខ្ពស់ និងផ្តល់អនុសាសន៍ល្អៗដែលជាត្រីវិស័យសម្រាប់ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីជំនាញគ្រប់ជាន់ថ្នាក់យកទៅអនុវត្តឲ្យទាន់សភាពការណ៍ជាក់ស្តែង នាពេលបច្ចុប្បន្ន ធ្វើយ៉ាងណាពង្រឹង និងពង្រីកវិស័យផលិតកម្មស្បៀង ធានាដល់ការផ្គត់ផ្គង់តម្រូវការក្នុងគ្រួសារ និងទីផ្សារក្នុងតំបន់។ ចំពោះការងារបច្ចេកទេស និងធ្វើយ៉ាងណាឲ្យគម្រោងមាននិរន្តរភាព ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យនាយកគ្រប់គ្រងគម្រោង មន្រ្តីអនុវត្តគម្រោង អាជ្ញាធរមូលដ្ឋាន និងប្រជាកសិករ ត្រូវបន្តសហការគ្នាឲ្យបានកាន់តែល្អប្រសើរក្នុងការផ្សព្វផ្សាយ បណ្តុះបណ្តាល និងអនុវត្តបច្ចេកទេស លើការងារចិញ្ចឹម បង្កាត់ ភ្ញាស់កូន វិធីលាយផ្សំចំណី និងការថែទាំសត្វ និងដំណាំ ហើយជាងនេះទៅទៀត និងសូមចូលរួមថែរក្សាសន្តិភាពឲ្យបានគង់វង្ស មានសន្តិភាព ទើបមានការអភិវឌ្ឍ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ បាននាំយកសាររំលែកមរណទុក្ខ និងបច្ច័យរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ប្រគល់ជូនដល់ក្រុមគ្រួសារសព ដែលស្លាប់ដោយសារឧបទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់ នៅក្នុង ស្រុករុក្ខគិរី ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម លោកជំទាវ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង បាននាំយកទេយ្យទាន ទេយ្យវត្ថុ គ្រឿងឧបរិភោគ និងបច្ច័យប្រគេនជូនព្រះសង្ឃ គង់នៅវត្តស្វាយដង្គំ ភូមិព្រែកឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាននាំយកទេយ្យទាន គ្រឿងបរិក្ខា និងបច្ច័យប្រគេនជូនព្រះសង្ឃចំនួន ៣ វត្ត ដែលស្ថិតនៅក្នុងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់តំណែងស្នងការនគរបាលខេត្តឧត្តរមានជ័យ, ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងខេត្តសៀមរាប ជំនួសឧត្តមសេនីយ៍ទោ ម៉ែន លី ដែលផ្ទេរទៅកាន់តំណែងជាស្នងការខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

វរសេនីយ៍ទោ លឹម ពុទ្ធីឡា ប្រគល់ភារកិច្ចថ្នាក់ដឹកនាំនៅអធិការដ្ឋាននគរបាលស្រុកបវេល​ ខេត្ត​បាត់ដំបង ()

វីដែអូ