ថ្ងៃសៅរ៍ ទី០៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្ដេច ស ខេង ដឹកនាំកិច្ចប្រជុំត្រៀមវិធានការបន្ទាន់សម្រាប់ការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩
Fri,20 March 2020 (Time 03:05 PM)
ដោយ ៖ (ចំនួនអ្នកអាន: 61នាក់)

ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ១២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមវិធានការបន្ទាន់សម្រាប់ការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ប្រព្រឹត្តទៅនៅទីស្ដីការក្រសួងមហាផ្ទៃ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថាជំងឺកូវីដ១៩ មកដល់ពេលនេះបានរីករាលដាលពេញពិភពលោក ហើយសម្រាប់កម្ពុជាយើង ក៏មានការកើនឡើងនូវអ្នកដែលមានផ្ទុកជំងឺនេះដែរ។ សម្ដេចបន្តថា ក្រសួងមហាផ្ទៃ បានបន្តអនុវត្តតាមគោលការណ៍រាជរដ្ឋាភិបាល និងក្រសួងជំនាញគឺក្រសួងសុខាភិបាល ដោយបានយកចិត្តទុកដាក់ទប់ស្កាត់ការពារជំងឺនេះតាំងពីដើមទីមក តាមរយៈការណែនាំឱ្យមន្ត្រីទាំងអស់ក្នុងក្រសួងត្រូវមានអនាម័យ មានការវាស់កំដៅ ពោលគឺបើមានកំដៅមិនធម្មតាមិនអនុញាតឱ្យចូលរួមកិច្ចប្រជុំនានានោះឡើយ។

សម្ដេចក៏បានមានប្រសាសន៍ថា នៅក្នុងផ្ទៃក្នុងក្រសួង ក៏បានណែនាំជាលាយលក្ខណ៍អក្សរ ប្រុងប្រយ័ត្នការពារ អនាម័យតាមការិយាល័យធ្វើការដែរ ហើយសម្រាប់អង្គភាពដោយឡែកៗ ដូចជាអង្គភាពខាងពន្ធនាគារ ដើម្បីការពារកុំឱ្យឆ្លងដល់អ្នកជាប់ឃុំក៏ក្រសួងបានគិតគូរដែរ។ សម្ដេចបានបន្ថែមថានឹងផ្អាកជាបណ្ដោះអាសន្នការសួរសុខទុក្ខអ្នកជាប់ឃុំ ហើយអ្នកដែលទើបឃាត់ខ្លួនថ្មីៗក៏ត្រូវបានគិតសម្រាប់ការរៀបចំទុកដាក់ពួកគាត់ ដើម្បីកុំឱ្យឆ្លងដល់អ្នកជាប់ឃុំផ្សេងទៀតដែរ។

ទន្ទឹមនឹងនេះ សម្ដេចក្រឡហោម ស ខេង ក៏បានមានប្រសាសន៍ថាកងអន្តរាគមន៍ដែលជាកន្លែងប្រមូលផ្ដុំកងកម្លាំងក៏ត្រូវបានណែនាំឱ្យអនុវត្តវិធានការការពារនេះ។ បន្ថែមពីនេះក្រសួងក៏បានណែនាំឱ្យបិទសាលាចំណុះទាំងអស់ ទាំងសាលាបណ្ដុះបណ្ដាលនគរបាលតាមភូមិភាគទាំង៦ និងបណ្ឌិត្យសភានគរបាល។ សម្ដេចបានបន្តថាក្រសួងមហាផ្ទៃក៏បានបង្កើតគណៈកម្មការដោយឡែកសម្រាប់ក្រសួង និងមានក្រុមការងារតាមអគ្គនានា ព្រមទាំងផ្សព្វផ្សាយដល់មន្ត្រីបុគ្គលិកទាំងអស់ក្នុងក្រសួងមហាផ្ទៃ។

ដោយឡែកសាលាផ្នែកស៊ីវិលបណ្ដុះបណ្ដាលមន្ត្រីរដ្ឋបាលមូលដ្ឋានក៏ត្រូវបានសម្រេចឱ្យផ្អាកដូចគ្នា។ ចំណែកការគាំទ្ររដ្ឋបាលមូលដ្ឋាន សម្ដេចក៏បានចេញគោលការណ៍ណែនាំឱ្យមានការរៀបចំផ្ទាំងផ្សព្វផ្សាយនានា ដើម្បីចែកយកទៅបិទនៅតាមសាលាឃុំសង្កាត់ និងទីប្រជុំជននៅមូលដ្ឋាន។ ជាមួយគ្នានេះ សម្ដេចក៏បានមានប្រសាសន៍ពីការយកចិត្តទុកដាក់ចំពោះច្រកផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។ សម្ដេចបានមានប្រសាសន៍ជំងឺនេះភាគច្រើនចូលកម្ពុជាតាមច្រកអាកាស និងច្រកទឹក ដូចជាតាមកាប៉ាល់ពីវៀតណាម។

សម្ដេចក្រឡាហោមបានមានប្រសាសន៍ថាកន្លងមកអាចមានការចោទសួរថាម្ដេចបានជានគរបាលអន្តោប្រវេសន៍ឱ្យជនទាំងនោះចូលតាមច្រកទឹក ឬអាកាសស្រួលម្លេះ? សម្ដេចផ្ដល់ការពន្យល់ជូនសាធារណៈមតិថាជាការពិត ព្រោះកន្លងមកមន្ត្រីអន្តោប្រវេសន៍មិនបានទទួលការណែនាំណាមួយពីខាងក្រសួងសុខាភិបាល ដូចជាគោលការដាក់ឱ្យនៅដាច់ដោយឡែក១៤ថ្ងៃនោះទេ។ សម្ដេចបានមានប្រសាសន៍ថាអ្នកដែលបានរកឃើញថាមានឆ្លងជំងឺពីម៉ាឡេ គឺបានឆ្លងចូលប្រទេសកម្ពុជាតាំងពីដើមខែមីនា។

ពាក់ព័ន្ធនឹងច្រកផ្លូវគោកជាមួយបណ្ដាប្រទេសជិតខាង សម្ដេចបានមានប្រសាសន៍ពីការដាក់វិធានការពីភាគីវៀតណាម ហើយភាគីកម្ពុជាក៏បានដាក់ចេញវិធានការនេះដូចគ្នា។ យ៉ាងណាក៏ដោយសម្ដេចបានមានប្រសាសន៍ថាការផ្លាស់ប្ដូរទំនិញនៅរក្សាភាពប្រក្រតី ដោយមានបញ្ហាតែនៅច្រកត្រពាំងផ្លុង ប៉ុន្តែក៏ត្រូវបានដោះស្រាយរួចរាល់ហើយដែរ។ ដោយឡែកជាមួយខាងឡាវមិនមានបញ្ហាអ្វីទេ ប៉ុន្តែខាងថៃសម្ដេចបានទទួលព័ត៌មានក្រៅផ្លូវការថាថៃអាចនឹងបិទច្រកទ្វារអូស្មាច់ ដោយក្រសួងនៅបន្តតាមដាន។

ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មាន សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថាកម្ពុជាមិនទាន់មានគោលការថ្មីក្នុងការហាមជនបរទេសមិនឱ្យចូលប្រទេសកម្ពុជា ក្រៅតែពីអ្វីដែលបានប្រកាសកន្លងមកនោះទេ។ ដោយឡែកពាក់ព័ន្ធនឹងការរើសអើងប្រកាន់ដល់បងប្អូនខ្មែរឥស្លាមដែលត្រូវបានរកឃើញមានជំងឺកូវីដ១៩បន្ទាប់ពីទៅធ្វើពិធីសាសនានៅម៉ាឡេស៊ីនោះ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថាច្បាប់ និងគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជាប្រឆាំងដាច់ខាតប្រកាន់រើសអើងនេះ កុំថាឡើយបងប្អូនខ្មែរឥស្លាមយើង សូម្បីតែជនបរទេសផ្សេងទៀតដែលមានបញ្ហា គឺយើងមើលថែទាំទាំងអស់។

ដោយឡែកពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មាន សម្ដេចក្រឡាហោម បានមានប្រសាសន៍ថាការរិះគន់ ឬតិទៀនដោយផ្អែកលើព័ត៌មានពិត គឺមិនមានអ្វីជាការខុសឆ្គងទេនៅក្នុងសង្គមប្រជាធិបតេយ្យដូចកម្ពុជា ប៉ុន្តែការសរសេរបង្ហោះព័ត៌មានដែលមិនមែនជាការពិត មិនគួរកើតមានឡើយ ពិសេសនៅក្នុងបរិបទដែលសាកលលោកកំពុងប្រឈមមុខននឹងការរាតត្បាតជំងឺកូវីដ១៩។ សម្ដេចបានមានប្រសាសន៍ថាអ្នកទាំងឡាយណា ដែលនៅតែប្រើព័ត៌មានក្លែងក្លាយដើម្បីបំពុលសង្គម នឹងប្រឈមមុខចំពោះផ្លូវច្បាប់។

ពាក់ព័ន្ធនឹងការលើកឡើងដែរថាការបិទច្រកព្រំដែន ពិសេសជាមួយវៀតណាម ដែលអាចប៉ះពាល់ដល់ជីវភាពពលរដ្ឋ ដូចជាទំនិញឡើងថ្លៃជាដើមនោះ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថាជាការពិតយើង និងប្រទេសផ្សេងៗដែលកំពុងប្រឈមមុខនឹងបញ្ហាកូវីដ១៩នេះ គឺបានដឹងជាមុនហើយថាប្រាកដជាមានការប៉ះពាល់ ប៉ុន្តែកិច្ចការចំពោះមុខគឺការពារអាយុជីវិតពលរដ្ឋ ទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩។ ដោយឡែកបញ្ហាអ្វីៗផ្សេងទៀតរាជរដ្ឋាភិបាល នឹងខិតខំដោះស្រាយទៅតាមស្ថានភាពជាក់ស្ដែង៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ទោ​ អ៊ុ​ច​ សុ​ខុន​ បរិច្ចាគ​ប្រាក់បៀវត្សរ៍​រយៈពេល​០៦​ខែ​ ជូន​ដល់​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជម្ងឺ​ Covid​ -19 ()

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គស្នងការនគរបាលជាតិបញ្ជាឱ្យកងកម្លាំងតាមដានដើម្បីទប់ស្កាត់ការប្រមូលផ្តុំក្នុងពិធីបុណ្យចូលឆ្នាំ បញ្ជៀសការរីករាលដាលជំងឺកូវីដ-១៩​ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានសាលាដំបូងរាជធានីភ្នំពេញ ប្រកាសបរិច្ចាគប្រាក់បៀវត្ស៥០% រយៈពេល៩ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ()

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហត្ថរាជធានីភ្នំពេញ បង្កើនការការពារជំងឺឆ្លងកូវីឌ-១៩ បន្ថែមលើផែនការដែលបានដាក់ចេញ! ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តបាត់ដំបង យកម៉ាស អាល់កុល ថវិកាចែកជូនសមត្ថកិច្ចនៅតាមព្រំដែនខ្មែរ-ថៃ និងអប់រំពលករឆ្លងដែនមកពីប្រថៃ ឱ្យយល់ច្បាស់ពីវិធានការការពារ វីរុស COVID-19 ()

វីដែអូ