ក្រសួងសុខាភិបាល ៖ វីរុសកូវីដ១៩ ដែលបំលែងខ្លួនថ្មី គឺមិនធ្វើឱ្យប៉ះពាល់ដល់ការតេស្តធ្វើរោគវិនិច្ឆ័យដែលត្រូវបានប្រើនៅកម្ពុជាឡើយ
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបញ្ជាក់នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ថា វីរុសកូវីដ១៩ ដែលបំលែងខ្លួនថ្មី គឺមិនធ្វើឱ្យប៉ះពាល់ដល់ការតេស្តធ្វើរោគវិនិច្ឆ័យដែលត្រូវបានប្រើនៅក្នុងប្រទេសកម្ពុជាឡើយ។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានឱ្យដឹងថា ការរកឃើញវីរុសកូវីដ-១៩ ប្រភេទថ្មី (new strain) គឺអ្នកវិទ្យាសាស្ត្រកំពុងតែធ្វើការសិក្សាលើប្រភេទវីរុសកូវីដ-១៩ ដែលបានបំលែងខ្លួន (Mutation) នេះ ដែលធ្លាប់មានការចុះផ្សាយកន្លងមកដែរ។
លោកជំទាវបន្តថា វីរុសកូវីដ-១៩ មានការផ្លាស់ប្តូរជាបន្តបន្ទាប់ ដែលនាំឱ្យមានការលេចឡើងនូវបំលែងវីរុស ឫ វ៉ារ្យ៉ង់ថ្មី។ វ៉ារ្យ៉ង់ SARS-Cov-2 ថ្មីមួយដែលត្រូវបានគេហៅថា SARS-CoV-2 VUI 202012/01 មានដើមកំណើតនៅភាគអាគ្នេយ៍នៃប្រទេសអង់គ្លេសក្នុងខែកញ្ញា ហើយឥឡូវនេះ កំពុងរីករាលដាលយ៉ាងឆាប់រហ័ស និងមានភាពលេចធ្លោនៅក្នុងចក្រភពអង់គ្លេស ដែលត្រូវបានគេរកឃើញផងដែរ នៅក្នុងប្រទេសដាណឺម៉ាក អូស្ត្រាលី និងហូឡង់។
លទ្ធផលសិក្សាបឋមនៅចក្រភពអង់គ្លេសបង្ហាញថា ប្រភេទវ៉ារ្យ៉ង់ថ្មីនៃវីរុសនេះ អាចឆ្លងបានច្រើនជាងវ៉ារ្យ៉ង់ដែលបានចរាចរពីពេលមុនៗ ហើយរហូតមកដល់បច្ចុប្បន្ននេះ មិនទាន់មានការបង្ហាញពីការកើនឡើងនៃភាពធ្ងន់ធ្ងរនៃការឆ្លងនេះនៅឡើយ។ ការស៊ើបអង្កេតកំពុងបន្តធ្វើនៅចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប សម្រាប់ស្វែងរកព័ត៌មានបន្ថែមអំពីភាពធ្ងន់ធ្ងរនៃគ្លីនិក ការឆ្លង ការផ្លាស់ប្តូរអង់ទីគ័រ និងផលប៉ះពាល់ដែលអាចនឹងកើតមានលើប្រសិទ្ធភាពវ៉ាក់សាំង និងការតាមដានករណីឆ្លងឡើងវិញ (re-infection)ផងដែរ។
យ៉ាងណាមិញ អ្នកនាំពាក្យខាងលើបញ្ជាក់ថា អ្វីដែលសំខាន់នៅពេលនេះ គឺនៅពេលដែលកម្ពុជា កំពុងរងចាំនូវលទ្ធផលសម្រេចនៃវ៉ាក់សាំងកូវីដ-១៩ ដែលនឹងត្រូវចែកចាយមកបណ្តាប្រទេសជាសមាជិក ដោយមជ្ឈមណ្ឌលកូវ៉ាក់ និងការវាយតម្លៃជាមុននូវប្រសិទ្ធភាព និងគុណភាពវ៉ាក់សាំង មុនការប្រើប្រាស់នៅកម្ពុជានោះ ដើម្បីការពារខ្លួនអ្នកពីការចម្លងវីរុសកូវីដ-១៩ (បំលែងបែបណាក៏ដោយ) គឺត្រូវនាំគ្នាអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារខ្លួន៕