នាយករដ្ឋមន្រ្តីថៃចេញមកប្រកាសពីស្ថានភាពកូវីដនៅខេត្តសាមុតសាខន
បាងកក ៖ បន្ទាប់ពីមានករណីផ្ទុះកូវីដ១៩នៅក្នុងខេត្តសាមុតសាខន លោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា បានបញ្ជាក់នៅថ្ងៃទី ២១ធ្នូនេះថា រដ្ឋាភិបាលនឹងត្រួតពិនិត្យស្ថានភាពនេះរយៈពេលមួយសប្តាហ៍សិន មុនពេលចាត់វិធានការបន្ថែម។ នេះបើយោងតាមសារព័ត៌មាន Channelnewsasia។
លោកថ្លែងទៅកាន់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា៖ «កុំទាន់អាលច្រួលច្របល់។ យើងពិតជាមានសង្ឃឹមយ៉ាងខ្លាំងថា អ្វីៗនឹងស្ងប់ស្ងាត់នៅក្នុងរយៈពេល ៧ថ្ងៃ។ ខ្ញុំមិនចង់ឈានទៅហួសឱ្យឆ្ងាយជាងនេះ ដោយការបិទដូចប្រទេសដទៃនោះទេ។ ការាលដាលនេះ គឺអាចតាមដានរកឃើញ»។
សូមជម្រាបថា នៅថ្ងៃទី២១ខែធ្នូនេះ ថៃរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន ៣៨២នាក់ ក្នុងនោះ ៣៦០នាក់ ជាពលករបរទេសនៅក្នុងខេត្តសាមុតសាខន។ គិតមកដល់ពេលនេះ ករណីវិជ្ជមាន ៨២១នាក់ហើយ ដែលពាក់ព័ន្ធនឹងខេត្តសាមុតសាខន។
មន្រ្តីសុខាភិបាលថៃ អះអាងថា ពលករមីយ៉ាន់ម៉ា អាចជាប្រភពដែលនាំយកកូវីដ១៩ ចូលក្នុងប្រទេសថៃ ដែលបណ្តាលឱ្យមានការផ្ទុះជំងឺនេះចូលសហគមន៍ ក្នុងខេត្តសាមុតសាខន។
បើតាមការបញ្ជាក់របស់លោកស្រី Amphai Harnkraiwilai ប្រធានសភាពាណិជ្ជកម្មខេត្តសាមុតសាខនបានលើកឡើងថា ការបិទខេត្តសាមុតសាខន ដោយសារការផ្ទុះនូវការឆ្លងរាលដាលនៃវីរុសកូវីដ១៩ នឹងធ្វើឱ្យខាតបង់សេដ្ឋកិច្ចប្រហែល ១ពាន់លានបាត (ជាង ៣៣លានដុល្លារ) ក្នុងមួយថ្ងៃ។
លោកស្រីលើកឡើងថា ឧស្សាហកម្មអាហារសមុទ្ររបស់ខេត្តនេះ មានទំហំនៃការលក់បានប្រមាណ ៤០០ ទៅ ៥០០លានបាតក្នុងមួយថ្ងៃ ព្រមទាំងអាជីវកម្មពាក់ព័ន្ធផ្សេងទៀត ឥឡូវសុទ្ធតែត្រូវបានបញ្ឈប់ ដោយសារការបិទខេត្ត។
យ៉ាងណាក៏ដោយ ទោះបីជាមានការខាតបង់សេដ្ឋកិច្ចធ្ងន់ធ្ងរក៏ដោយ ប៉ុន្តែវាប៉ះពាល់តែទៅលើអាជីវកម្មដែលជួលពលករបរទេសតែប៉ុណ្ណោះ ចំណែកអាជីវកម្មដែលមិនជួលពលករបរទេស គឺរងផលប៉ះពាល់តិចតួចទេ។
លោកស្រី Amphai Harnkraiwilai បន្តថា ចំពោះប្រតិបត្តិករដែលមិនស្ថិតក្នុងតំបន់ផ្ទុះនៃការឆ្លង ប៉ុន្តែរងផលប៉ះពាល់ពីការបិទខេត្តសាមុតសាខន សភាពាណិជ្ជកម្មខេត្តនេះ នឹងលើកយកបញ្ហានេះ ទៅកាន់រដ្ឋាភិបាល។
សូមជម្រាបថា រដ្ឋាភិបាលថៃ បានបិទខេត្តសាមុតសាខន ដោយសារការផ្ទុះនូវការឆ្លងរាលដាលនៃវីរុសកូវីដ១៩៕