ថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តមអភិបាលខេត្តបាត់ដំបងចាត់វិធានការបន្ទាន់លើជនល្មើសដែលឈូសឆាយដីព្រៃលិចទឹក និងប្រើអំពើហិង្សាលើប្រជាពលរដ្ឋ
Fri,02 October 2020 (Time 07:41 AM)
ដោយ ៖ (ចំនួនអ្នកអាន: 74នាក់)

ខេត្តបាត់ដំបង ៖ ឯកឧត្ដម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានចាត់កម្លាំងបញ្ជាការឯកភាពស្រុក ចុះពិនិត្យស្ថានភាព និងស្រាវជ្រាវយកភស្ដុតាងជាបន្ទាន់ដើម្បីកសាងសំណុំរឿងទៅតុលាការចំពោះជនល្មើសដែលបានឈូសរានទន្ទ្រានដីព្រៃលិចទឹក ដែលជាតំបន់ហាមឃាត់ និងបានប្រើអំពើហិង្សាដេញបុកឈូសបំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋ។

លោក ម៉ិល សុផល អភិបាលស្រុកឯកភ្នំបានដឹកនាំកងកម្លាំងបញ្ជាការឯកភាពស្រុកចុះទៅពិនិត្យស្ថានភាពនៃការខូចខាតដីព្រៃលិចទឹកតំបន់៣ ត្រង់ចំណុចបឹងក្រពើ ស្ថិតក្នុងភូមិព្រៃចាស់ ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បន្ទាប់ពីមានជនល្មើសយកគ្រឿងចក្រទៅឈូសឆាយបំផ្លាញព្រៃលិចទឹក ជាតំបន់ហាមឃាត់ជម្រកត្រីពងយកធ្វើកម្មសិទ្ធិ ហើយប្រើអំពើហឹ ង្សាមកលើប្រជាពលរដ្ឋ ដើម្បីស្រាវជ្រាវរកភស្ដុតាងបញ្ជូនទៅអាជ្ញាធរខេត្ត។

បើយោងតាមការឲ្យដឹងពីឈ្មោះ ឈឿង ឈី ប្រជាពលរដ្ឋរស់នៅតំបន់នោះបានឲ្យដឹងថា តំបន់ព្រៃលិចទឹកនេះ គឺទឹកលិចជម្រៅ១ម៉ែត្រកន្លះទៅ២ម៉ែត្រជារៀងរាល់រដូវវស្សា ហើយពួកគាត់ដែលរស់នៅក្នុងស្រុកនេះ តែងតែមកនេសាទត្រីចិញ្ចឹមគ្រួសារជារៀងរាល់ឆ្នាំ។ ក៏ប៉ុន្តែពួកអ្នកមានលុយបានមកលួចឈូសឆាយតាំងពីខែមីនាឆ្នាំ២០២០ ពួកគាត់បានរាយការណ៍តាមរយៈលោកមេភូមិ តែមិនមានសកម្មភាពអ្វីសោះ ហើយពួកគាត់ក៏បានទូរស័ព្ទទៅលោក គឹម សុផុន នាយសង្កាត់ជលផលបាក់ព្រៀ តែលោកឆ្លើយថា លោកមិនបានចុះទៅទេ ពីព្រោះលោកមិនមានកម្លាំង។

លោក ឈឿង ឈី បានបន្តទៀតថា ដោយសាររដ្ឋអំណាចមិនឃើញគេអើពើជាច្រើនខែមកហើយ នោះពួកគាត់ខ្លាចបាត់បង់តំបន់ព្រៃលិចទឹកនេះ ពួកគាត់ជាប្រជាពលរដ្ឋក៏បាននាំគ្នាមកដេកចាំឃ្លាំមើល ដើម្បីកុំឲ្យគេឈូសឆាយព្រៃយកដីនេះអស់រយៈពេលជាងមួយខែមកហើយ។

សកម្មភាពលួចយកគ្រឿងចក្រចូលឈូសឆាយរបស់ពួកល្មោភដី គេលួចចូលឈូសឆាយនៅពេលយប់។ រហូតដល់យប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ឈ្មោះ ផល បានបើកត្រាក់ទ័រមកដេញបុកពួកគាត់ៗ ខំរត់គេចខ្លួន ឈ្មោះ ផល នោះបានបើកត្រាក់ទ័ររុញបំផ្លាញរោងពួកគាត់ និងរុញកម្ទេចបំផ្លាញគោយន្តកន្ត្រៃរបស់ពួកគាត់ទៀតផង។ គាត់បានបញ្ជាក់ទៀតថា អ្នកដែលមកលួចឈូសឆាយ មានឈ្មោះ រ៉ា ; ឈ្មោះធូរ និងឈ្មោះ ផល។

លោក ម៉ិល សុផល អភិបាលស្រុកឯកភ្នំបានឲ្យដឹងតាមទូរស័ព្ទនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ នេះថា លោកបានដឹកនាំកម្លាំងចុះពិនិត្យស្ថានភាព និងស្រាវជ្រាវរកភស្ដុតាងដល់ទីតាំងហើយ តែការបញ្ជាក់ពីលទ្ធផលយ៉ាងណានោះ លោកមិនអាចបង្ហើបបានទេ ពីព្រោះ នីតិវិធីកំពុងដំណើរការមិនទាន់ចប់។

ដោយឡែកលោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបងបានឲ្យអ្នកសារព័ត៌មានយើងដឹងថា ការលួចឈូសឆាយដីព្រៃលិចទឹក ដែលជាតំបន់ហាមឃាត់នេះ ពិតជាមានមែន ហើយសកម្មភាពនេះមានតាំងពីខែមីនា ឆ្នាំ២០២០។ លោកបានសហការជាមួយកម្លាំងអាជ្ញាធរឃុំចុះទៅជាច្រើនដង មិនដែលបានប្រទះជនល្មើសធ្វើសកម្មភាពទេ ពីព្រោះពេលដែលយើងចុះទៅម្ដងៗ ត្រូវបែកការណ៍ ម្យ៉ាងមិនមានផ្លូវធ្វើដំណើរទៀតផង បើធ្វើដំណើរតាមទូកទៅមិនបានដោយសារទឹករាក់ ហើយកាលនោះមិនទាន់មានឈូសឆាយទំហំធំយ៉ាងនេះទេ ជនល្មើសទើបសម្រុកឈូសក្រោយពេលចូលឆ្នាំ។

លោកនាយខណ្ឌបន្តថា ប្រជាពលរដ្ឋពួកគាត់ស្ម័គ្រចិត្តវិចអង្ករនាំគ្នាជិះគោយន្តកន្ត្រៃទៅដេកចាំឃ្លាំមើលការពារដីព្រៃ ស្រាប់តែផ្ទុះរឿង ជនល្មើសបើកត្រាក់ទ័រដេញបុកសម្លាប់ប្រជាពលរដ្ឋទាំងយប់ និងរុញបំផ្លាញរោងដេកចាំ ព្រមទាំងគោយន្តកន្ត្រៃធ្វើឲ្យខូចខាតនៅយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ក្រោយពីផ្ទុះករណីប្រើអំពើហិង្សានេះ លោក ម៉ិល សុផល អភិបាលស្រុកឯកភ្នំក៏បានដឹកនាំកម្លាំងបញ្ជាការឯកភាពស្រុក ព្រមទាំងកម្លាំងស្ថាប័នពាក់ព័ន្ធ ដែលមានគ្នាជាង៣០នាក់ ចុះទៅចំណុចកើតហេតុ និងពិនិត្យស្ថានភាពនៃការខូចខាតព្រៃលិចទឹក ដើម្បីធ្វើរបាយការណ៍ជូនឯកឧត្ដមអភិបាលខេត្ត ក៏ប៉ុន្តែទំហំការខូចខាតព្រៃលិចទឹកពិតប្រាកដនេះ យើងនៅមិនដឹងនៅឡើយទេ។

លោកបន្តថា បើទោះជាយ៉ាងណា ខណ្ឌរដ្ឋបាលជលផលបានប្រជុំពិភាក្សាជាមួយមេឃុំ លោកអភិបាលស្រុក និងស្ថាប័នពាក់ព័ន្ធដើម្បីស្នើសុំទៅឯកឧត្ដមអភិបាលខេត្ត បង្កើតគណៈកម្មការចុះទៅប្រចាំការនៅតំបន់នោះ នៅរដូវទឹកស្រក ហើយខែទឹកឡើងមិនអាចឈូសឆាយបាន ទើបដកកម្លាំងបណ្ដោះអាសន្ន ពេលទឹកស្រកដាក់កម្លាំងប្រចាំការវិញ។

បើទោះជាយ៉ាងណា ឯកឧត្ដម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានមានប្រសាសន៍ថា ឯកឧត្ដមនឹងចាត់វិធានការជាបន្ទាន់ និងកសាងសំណុំរឿងទៅតុលាការ បន្ទាប់ពីស្រាវជ្រាវវែកមុខរកឃើញជនល្មើសទាំងនោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស សុខា នាំអំណោយចែកជូនប្រជាពលរដ្ឋ៥០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តបាត់ដំបង អញ្ជើញចូលរួមចុះចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ណុប ដារ៉ា អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង លោកអភិបាលក្រុង យុវជន ស.ស.យ.ក. ខេត្តនិងសហការីមួយចំនួន បានអញ្ជេីញសួរសុខទុក្ខ និងនាំអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី ជូនដល់បងប្អូនដែលកំពុងរងគ្រោះទឹកជំនន់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ អញ្ជើញទទួលអំណោយពីសប្បុរសជនក្នុងការងារមនុស្សធម៌ សម្រាប់ជួយជនគ្រួសាររងគ្រោះដោយសារទឹកជំនន់ ()

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តបន្ទាយមានជ័យ រួមជាមួយសប្បុរសជនបន្តចុះនាំយកស្បៀងសង្គ្រោះបន្ទាន់ផ្តល់ជូនប្រជាពលរដ្ឋ ()

វីដែអូ