ថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តកំពត អំពាវនាវប្រជាពលរដ្ឋ និងសាធារណជន ចូលរួមសំអាតអនាម័យ និងបរិស្ថាន ដើម្បីទាក់ទាញទេសចរណ៍ ជាពិសេសនៅបុណ្យសមុទ្រថ្ងៃទី២០-២២ ធ្នូ
Thu,28 November 2019 (Time 02:59 PM)
ដោយ ៖ (ចំនួនអ្នកអាន: 12នាក់)

(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានអំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណជនទូទៅ ចូលរួមសំអាតអនាម័យ បរិស្ថាន ដើម្បីក្រុងស្អាត មានអនាម័យ សោភ័ណ្ឌភាព ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ជាពិសេសនៅថ្ងៃបុណ្យសមុទ្រ ដែលខេត្តកំពតរៀបចំឡើង នៅថ្ងៃទី២០ ដល់២២ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ។

ការអំពាវនាវរបស់លោកអភិបាលខេត្តកំពត ធ្វើឡើងក្នុងឱកាស ដែលរដ្ឋបាលខេត្តកំពត ប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា ឆ្នាំ២០១៩ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីលានមាត់ព្រែកកំពង់បាយ ស្ថិតក្នុងសង្កាត់កំពង់បាយ ក្រុងកំពត ដោយចូលរួមពីសំណាក់ មន្ត្រី កងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ គ្រូបង្រៀន សិស្សានុសិស្ស និងយុវជនកាកបាទក្រហម យុវជនកាយឫទ្ធិ យុវជន(ស.ស.យ.ក) និងប្រជាពលរដ្ឋជាង ១៣០០នាក់។

លោកអភិបាលខេត្ត បន្តអំពាវនាវដល់មហាជនទូទៅ សូមចូលរួមធ្វើអនាម័យរៀបចំសោភ័ណភាពសំអាតតាមលំនៅស្ថាន និងទុកដាក់សំរាម សំណល់រឹង និងរាវឲ្យបានត្រឹមត្រូវ ដោយត្រូវវេចខ្ចប់ និងញែកសំរាមតាមប្រភេទដូចជា សំណល់អាចកែច្នៃបាន(អេតចាយ), សំណល់សរីរាង្គ(សំណល់ផ្ទះបាយ ធ្វើជាជីកំប៉ុស), សំណល់ផ្ទុកសារធាតុគ្រោះថ្នាក់ ឬអេឡិចត្រូនិច(ថ្មពិល ទូរស័ព្ទ និងទូរទស្សន៍) និងសំណល់ប្លាស្ទិក ដើម្បីប្រែក្លាយសំណល់មួយចំនួន ឲ្យមានតម្លៃសេដ្ឋកិច្ច និងកាត់បន្ថយបរិមាណសំណល់នៅទីលានសាធារណៈ។

លោកអភិបាលខេត្ត ក៏បានកោតសរសើរ ដល់អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរអង្គភាពជំនាញ បងប្អូនអាជីវករលក់ដូរ ប្រជាពលរដ្ឋ ក្នុងខេត្តកំពត ជាពិសេសនៅក្រុងកំពត កន្លងមកនិងបច្ចុប្បន្ន បានចូលរួមចំណែកយ៉ាងសកម្មជាប្រចាំ ក្នុងការរៀបចំកែលំអសោភ័ណភាពអនាម័យនៅតាមទីសាធារណៈ តាមដងផ្លូវមុខផ្ទះ អាគារធ្វើការ កន្លែងលក់ដូរ ទីកំសាន្តតាមសួនច្បារនានា ក្នុងក្រុងកំពត មានលក្ខណៈល្អប្រសើរ និងមានការកោតសរសើរ ពីបណ្ដាភ្ញៀវទេសចរណ៍មកសំរាកកម្សាន្តនៅក្រុងកំពតផងដែរ។

លោកអភិបាលខេត្ត បញ្ជាក់ថា បច្ចុប្បន្ននេះខេត្តកំពត គឺជាតំបន់ទាក់ទាញភ្ញៀវទេសចរបែបធម្មជាតិ និងវប្បធម៌ ដ៏មានប្រជាប្រិយ និងការបង្កើតភាពស្រស់ស្អាតរបស់ក្រុងកំពត នាពេលរាត្រី ដែលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ពិសេសនៅត្រឹមខែតុលា ឆ្នាំ២០១៩នេះ គឺមានភ្ញៀវទេសចរណ៍ សរុបប្រមាណជិត១លាន៥សែន២ម៉ឺននាក់។ ហើយខេត្តកំពត បានរៀបចំបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅក្រុងកំពត គឺនៅថ្ងៃទី២០-២១ និង២២ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ ហើយរដ្ឋបាលខេត្ត បាននិងកំពុងដុតដៃដុតជើង យកចិត្តទុកដាក់ខិតខំរៀបចំកែលម្អសោភ័ណភាព តាមដងផ្លូវ តាមសួនច្បារទីសារធារណៈ តាមមាត់ព្រែក ដើម្បីជាការទាក់ទាញចាប់អារម្មណ៍ ពីភ្ញៀវជាតិ-អន្តរជាតិ មកទស្សនាលើទឹកដីខេត្តកំពត ឲ្យបានចូលរួមកាន់តែកុះករ និងទាក់ទាញបំផុត។

លោក ស៊ុយ ធា ប្រធានមន្ទីរបរិស្ថានខេត្ត បានឲ្យដឹងថា ទិវាបរិស្ថានជាតិ២៣ វិច្ឆិកា គឺបង្កើតឡើងក្នុងគោលបំណងចលនាប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ សិស្សនិស្សិតគ្រប់ភូមិសិក្សា ឱ្យចូលរួមធ្វើអនាម័យ កែលម្អសោភ័ណភាពទីក្រុង ទីផ្សារ និងមជ្ឈមណ្ឌលសេដ្ឋកិច្ច សំដៅរួមចំណែកកសាងកម្ពុជាល្អស្អាត និងភាពស្រស់បំព្រង នៅឆ្នាំ២០១៩នេះ។ ទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា ក្រសួងបរិស្ថានបានលើកជាប្រធានបទ «ភូមិស្អាត សុខភាពល្អ»។

ជារៀងរាល់ឆ្នាំ ក្នុងនាមជាសេនាធិការជូនរដ្ឋបាលខេត្ត មន្ទីរបរិស្ថានខេត្តកំពត បានប្រារឰទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ដោយបានបំពេញការងារស្នូល លើកិច្ចគាំពារបរិស្ថាន ផ្ដោតលើទស្សនៈទាន ស្អាត ៣គឺ «ទឹកស្អាត ដីស្អាត និងខ្យល់ស្អាត» ដើម្បីធានាបាននូវសុខភាពសាធារណៈល្អប្រសើរ ដោយផ្សារភ្ជាប់ជាមួយការអប់រំផ្សព្វផ្សាយ ការចុះត្រួតពិនិត្យសកម្មភាពបំពុលនានាការគ្រប់គ្រងសំរាម សំណល់រឹង-រាវសំណល់គ្រោះថ្នាក់ និងតាមដានគុណភាពខ្យល់ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រាង សែនក្រុងពាលី បញ្ចុះបឋមសិលា សាងសង់ អាគារមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ដ៏ប្រណិតទាន់សម័យ! ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តបាត់ដំបង៖ យើទាំងអស់គ្នាចងចាំមិនភ្លេចបានឡើយនូវស្មារតី ២ធ្នូ ដែលជាថ្ងៃប្រវត្តិសាស្រ្តរំដោះជាតិ ចេញពីរបបកម្ពុជាប្រជាធិបតេយ្យ ()

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តបាត់ដំបង ប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពត ទុកពេល១៥ថ្ងៃ ឲ្យអាជ្ញាធរស្រុកកំពង់ត្រាច ចុះសិក្សារាល់បញ្ហាពាក់ព័ន្ធនឹងសំណូមពររបស់ពលរដ្ឋ រួចរាយការណ៍ជូនក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលរាជធានីភ្នំពេញរៀបចំពិធីបួងសួងសុំសេចក្តីសុខ ក្នុងព្រះរាជពិធីបុណ្យអុំទូក ()

វីដែអូ