ថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ក្រុមឈ្មួញសម្រុកនាំចូលទំនិញគេចពន្ធយ៉ាងពេញបន្ទុក តាមច្រក​ម៉ឺន​ជ័យ ខេត្តព្រៃវែង ឃុបឃិត​បើកដៃពីសំណាក់សមត្ថកិច្ចជាច្រើនស្ថាប័ន
Tue,29 October 2019 (Time 12:20 PM)
ដោយ ៖ (ចំនួនអ្នកអាន: 36នាក់)

ព្រៃវែង ៖ប្រភពពី​មន្ត្រី​នៅ​ច្រក​ទ្វេភាគី​ម៉ឺន​ជ័យ ស្រុក​កំចាយមារ ខេត្តព្រៃវែង បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​នៅ​ច្រក​ម៉ឺន​ជ័យ មាន​ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​នាំចូល​ទំនិញគេចពន្ធ​តាម​ច្រក​នេះ​យ៉ាង​ពេញបន្ទុក​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន​។

បើតាម​ការអះអាង​រប​ស់​ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​ដែល​នាំចូល​ទំនិញ​តាម​ច្រក​ទ្វេភាគី​ម៉ឺន​ជ័យ បាន​ឲ្យ​ដឹងថា ការដែល​ពួកគាត់​អាច​នាំចូល​ទំនិញគេចពន្ធ​បាន​រលូន គឺ​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​សមត្ថកិច្ច​គយ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត ហើយ​ពួកគាត់​បង់លុយ​តាម​ការកំណត់​។

ក្នុងនោះ​មេ​គយ​ច្រក​ម៉ឺន​ជ័យ ឈ្មោះ គង់ សឺ​ឌី ត្រូវបាន​ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​បញ្ជាក់ថា តម្រូវ​ឲ្យ​ពួកគាត់​បង់លុយ​តាម​ការកំណត់ ហើយ​បើ​ឈ្មួញ​ឬ​អាជីវក​រណា​មិន​បង់លុយ​តាម​ការកំណត់​ទេនោះ ត្រូវ​ប្រឈម​នឹង​ការលំបាក​ជាមិនខាន​។

​សេចក្ដីរាយការណ៍​ពី​អាជីវករ​មួយចំនួន​បាន​ឲ្យ​ដឹងថា នៅពេល​ពួកគាត់​ដឹកទំនិញ​ប្រភេទ​គ្រឿង​ជ័រ ដូចជា​កៅអី និង​ឧបករណ៍​ផ្សេងៗ​ទៀត​តាម​រថយន្ត​ចំណុះ​២​តោន​កន្លះ​ចូល​តាម​ច្រក​ម៉ឺន​ជ័យ ហើយ​យកទៅលក់​នៅ​ខេត្ត​ត្បូងឃ្មុំ និង​ខេត្តកំពង់ចាម ត្រូវ​បង់លុយ​ឲ្យ​ស្នាក់ការ​ច្រក​ម៉ឺន​ជ័យ ចំនួន​១០​ម៉ឺន​រៀល បង់​ឲ្យ​សមត្ថកិច្ច​គយ​២០​ម៉ឺន​រៀល សរុប​អស់​៣០​ម៉ឺន​រៀល​ទើប​ចេញ​ផុតពី​មាត់ច្រក​។

ទន្ទឹមនឹងនេះ​ក្រុមអាជីវករ​ដែល​នាំចូល​ផ្លែឈើ​តាម​រថយន្ត​កូរ៉េ​ចំណុះ​១​តោន​កន្លះ បាន​ឲ្យ​ដឹងថា ក្នុង​មួយ​ជើង​ពួកគេ​បង់លុយ​ឲ្យ​ប្រធាន​សា្ន​ក់​ការ​ច្រក​ម៉ឺន​ជ័យ ចំនួន​១០​ម៉ឺន​រៀល​និង​បង់​ឲ្យ​សមត្ថកិច្ច​គយ​១៥​ម៉ឺន​រៀល ហើយ​នៅពេល​ចេញ​ផុតពី​ច្រក​ម៉ឺន​ជ័យ ត្រូវ​បង់លុយ​ឲ្យ​គយ​ចល័ត​លើផ្លូវ​ជាតិ​លេខ​៨ ក្នុង​ឃុំ​ដូន​កឹង ចំនួន​៣០​ម៉ឺន​រៀល​ថែមទៀត​។

ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​បាន​ឲ្យ​ដឹងថា រាល់​ការបង់​លុយ​របស់​ពួកគាត់​មិនដែល​ទទួលបាន​បង្កាន់ដៃ​ឬ​វិក្កយបត្រ​អ្វី​ទេ ព្រោះ​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​ស្គាល់​ពួកគាត់​យ៉ាងច្បាស់​រួចទៅហើយ​។

​ចំណែក​ក្រុម​ឈ្មួញ​ដែល​នាំចូល​បន្លែ​តាម​រថយន្ត​ធំៗ​ចំណុះ​៥​តោន​ឡើង​ទៅបាន​បញ្ជាក់ថា ក្នុង​មួយ​ជើង​ពួកគាត់​ត្រូវ​បង់លុយ​ឲ្យ​ប្រធាន​ស្នាក់ការ​ច្រក​ម៉ឺន​ជ័យ ចំនួន​១១​ម៉ឺន​រៀល​និង​បង់លុយ​ឲ្យ​សមត្ថកិច្ច​គយ​ចំនួន​៤០​ម៉ឺន​រៀល ហើយ​បង់​ឲ្យ​គយ​ចល័ត​នៅ​ប៉ុស្ដិ៍​ផ្លូវជាតិ​លេខ​៨ ឃុំ​ដូន​កឹង ចំនួន​៣០​ម៉ឺន​រៀល​ផ្សេងទៀត​។

ដូច្នេះ​មុខរបរ​របស់​ពួកគាត់​សល់ផល​ចំណេញ​តិចតួច​បំផុត ព្រោះ​សម្រាប់​រថយន្ត​ដឹក​បន្លែ​ចំណុះ​៥​តោន​ត្រូវ​ចំណាយ​អស់​ប្រមាណ​ជាង​១​លាន​រៀល ទើប​អាច​ទៅដល់​គោលដៅ​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​បានលើកឡើង​ថា លោក គង់ សឺ​ឌី ដែលជា​មេ​គយ​ច្រក​ម៉ឺន​ជ័យ កំពុង​សប្បាយ​ប្រមូល​លុយ​តាមរបៀប​ពុករលួយ ហើយ​ប្រធាន​ស្នាក់ការ​ច្រក​ម៉ឺន​ជ័យ ព្រមទាំង​សមត្ថកិច្ច​តាម​ដងផ្លូវ​ក៏​គាប​យកលុយ​ពី​ពួកគាត់​តាម​អំពើ​ចិត្ត​ដែរ​។

បញ្ហា​នេះ​ជា​រឿង​ដែល​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​អំពើពុករលួយ​របស់​ស​ម​ត្ថ​កិច្ច​គយ​នៅ​ច្រក​ម៉ឺន​ជ័យ ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រាង សែនក្រុងពាលី បញ្ចុះបឋមសិលា សាងសង់ អាគារមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ដ៏ប្រណិតទាន់សម័យ! ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តបាត់ដំបង៖ យើទាំងអស់គ្នាចងចាំមិនភ្លេចបានឡើយនូវស្មារតី ២ធ្នូ ដែលជាថ្ងៃប្រវត្តិសាស្រ្តរំដោះជាតិ ចេញពីរបបកម្ពុជាប្រជាធិបតេយ្យ ()

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តបាត់ដំបង ប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពត ទុកពេល១៥ថ្ងៃ ឲ្យអាជ្ញាធរស្រុកកំពង់ត្រាច ចុះសិក្សារាល់បញ្ហាពាក់ព័ន្ធនឹងសំណូមពររបស់ពលរដ្ឋ រួចរាយការណ៍ជូនក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលរាជធានីភ្នំពេញរៀបចំពិធីបួងសួងសុំសេចក្តីសុខ ក្នុងព្រះរាជពិធីបុណ្យអុំទូក ()

វីដែអូ