ថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ព្រះរាជជីវប្រវត្តិសង្ខេបព្រះមហាក្សត្រខ្មែរព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
Tue,29 October 2019 (Time 07:41 AM)
ដោយ ៖ (ចំនួនអ្នកអាន: 35នាក់)

ភ្នំពេញ ៖ នៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០១៩ នេះ កាលពី១៥ឆ្នាំមុន គឺជាថ្ងៃនៃការយាងសោយរាជសម្បត្តិរបស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ។ ខាងក្រោមនេះ គឺជាព្រះរាជ្យជីវប្រវត្តិសង្ខេប របស់ព្រះអង្គ។

*កុមារភាព និងការសិក្សា

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រសូត នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ នារាជធានីភ្នំពេញ ជាព្រះរាជបុត្រារបស់ ព្រះករុណា ព្រះបាទ សម្ដេចព្រះនរោត្ដម សីហនុ និងព្រះមហាក្សត្រី មុនិនាថ សីហនុ ។ ព្រះអង្គមានព្រះរៀម និងព្រះអនុជ មាតាទីទៃសរុបចំនួន ១៣ អង្គ ប៉ុន្តែព្រះអង្គមានព្រះអនុជបង្កើត តែមួយអង្គប៉ុណ្ណោះ គឺសម្តេចនរោត្តម នរិន្ទ្រពង្ស។

ពីឆ្នាំ១៩៥៩ ដល់ឆ្នាំ១៩៦២ ព្រះអង្គបានចូលសិក្សា នៅសាលាបឋមសិក្សា នរោត្ដម និងវិទ្យាល័យដេកាត នៅរាជធានីភ្នំពេញ។ បន្ទាប់មក ព្រះអង្គ ត្រូវបានព្រះរាជបិតា បញ្ជូនទៅទីក្រុងប្រាគ ប្រទេសឆេកូស្លូវ៉ាគី នាឆ្នាំ១៩៦២។ នៅទីនោះ ព្រះអង្គបានសិក្សាផ្នែកតន្ត្រី និងរបាំបុរាណ រហូតដល់ឆ្នាំ១៩៧៥។

ព្រះអង្គ ស្ទាត់ជំនាញខាងភាសាសាស្ត្រ ដោយទ្រង់ចេះភាសាបារាំង និងភាសាឆែក យ៉ាងស្ទាត់ជំនាញ ហើយព្រះអង្គ ក៏ជាក្សត្រខ្មែរ តែមួយព្រះអង្គគត់ ដែលចេះភាសាឆែក។ ទីទៃពីនេះ ទ្រង់ក៏អាចប្រាស្រ័យភាសាអង់គ្លេសនិងរុស្សីបានយ៉ាងប្រសើរផងដែរ។

អំឡុងរដ្ឋប្រហារ ដឹកនាំដោយលោក សេនាប្រមុខ លន់ នល់ នាឆ្នាំ១៩៧០ ព្រះអង្គគង់នៅប្រទេសឆេកូស្លូវ៉ាគី។ ក្នុងឆ្នាំ១៩៧៥ ព្រះអង្គ បានយាងចាកចេញ ពីទីក្រុងប្រាគ ប្រទេសឆេកូស្លូវ៉ាគី និងបានចាប់ផ្តើមសិក្សា វិស័យភាពយន្ត នៅប្រទេសកូរ៉េខាងជើង។ លុះដល់ឆ្នាំ១៩៧៧ ព្រះអង្គ បានយាងមាតុភូមិនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញ។ ភ្លាមៗនោះ ខ្មែរក្រហមដែលកំពុងកាន់អំណាចនៅកម្ពុជា បានប្រឆាំងនឹងរាជានិយម ក៏បានឃុំព្រះអង្គនៅក្នុងព្រះបរមរាជវាំង ជាមួយព្រះរាជវង្សានុវង្សដទៃទៀត រហូតដល់ ឆ្នាំ១៩៧៩ ជាពេលដែលរបបខ្មែរក្រហមត្រូវបានផ្តួលរំលំ។

* ការបំពេញការងារ និងព្រះគោរមងារ

ឆ្នាំ១៩៨១ ព្រះអង្គ បានយាងទៅកាន់ទីក្រុងប៉ារីស ដើម្បីបង្ហាត់បង្រៀន របាំបាឡេ និងបានទទួលព្រះតួនាទី ជាប្រធានសមាគមរបាំខ្មែរ។ ព្រះអង្គគង់នៅប្រទេសបារាំងជិត២០ឆ្នាំ ប៉ុន្តែជាញឹកញាប់ព្រះអង្គក៏យាងទៅទីក្រុងប្រាគជាទីដែលព្រះអង្គបានចំណាយពេលជាច្រើនកាលព្រះអង្គនៅវ័យក្មេងផងដែរ។

ឆ្នាំ១៩៩៣ ព្រះអង្គ ត្រូវបានតែងតាំង ជាប្រតិភូកម្ពុជា ប្រចាំអង្គការយូណេស្កូ ដែលមានទីស្នាក់ការ នៅទីក្រុងប៉ារីស ប្រទេសបារាំង ជាទីដែលព្រះអង្គ មានប្រជាប្រិយភាពចំពោះការតស៊ូ ធ្វើការយ៉ាងស្វិតស្វាញ និងភក្តីភាព ចំពោះវប្បធម៌ខ្មែរ។ ឯកសារនានា បានអះអាងថា ព្រះអង្គ ធ្លាប់បានបដិសេធចំពោះការតែងតាំង ជាឯកអគ្គរាជទូតខ្មែរ ប្រចាំប្រទេសបារាំង ប៉ុន្តែឯកសារទាំងនោះ មិនបានបញ្ជាក់ អំពីកាលបរិច្ឆេទ និងហេតុអ្វីឡើយ ។

ព្រះអង្គទទួលបានព្រះគោរមងារ ជាស្ដេចក្រុមឃុន នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ១៩៩៤ ហើយត្រូវបានដំឡើងជាសម្ដេចព្រះបរមនាថ នាថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០០៤ ។

* ការយាងសោរាជ្យសម្បត្តិ និងគ្រឿងឥស្សរិយយស

បន្ទាប់ពីបានសោយរាជ្យ ជាលើកទី២ អស់រយៈពេល ១១ ឆ្នាំមក ព្រះករុណា ព្រះបាទ សម្ដេចព្រះនរោត្តម សីហនុ បានប្រកាសដាក់រាជ្យ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០០៤ គឺជាការប្រកាសដាក់រាជ្យយ៉ាងភ្លាមៗ និងបង្កឱ្យមានការភ្ញាក់ផ្អើល ពីជនានុជន គ្រប់មជ្ឈដ្ឋាន ជាពិសេសនៅក្នុងសង្គមខ្មែរ ។

មួយសប្តាហ៍ក្រោយមក ពោលគឺនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានសមាជិកទាំង ៩ រូប នៃក្រុមប្រឹក្សារាជបល្ល័ង្ក ជ្រើសតាំងជាឯកច្ឆន្ទ ដើម្បីសោយរាជ្យ ជាព្រះមហាក្សត្រ នៃកម្ពុជា ស្នងព្រះបិតារបស់ព្រះអង្គ ។ ដោយហេតុនោះ ព្រះរាជពិធីរាជាភិសេកព្រះអង្គ ជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធឡើង ជាផ្លូវការ នៅក្នុងព្រះបរមរាជវាំង រាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤។ ចាប់ពីពេលនោះមក ថ្ងៃទី ២៩ ខែតុលា បានក្លាយជាថ្ងៃសម្រាកសាធារណៈ។

* គ្រឿងឥស្សរិយយស

ព្រះអង្គទទួលបានគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍, គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍, មន្ត្រីធំនៃកងពលកិត្តិយស នៃសាធារណរដ្ឋបារាំង និងមេដាយប្រាក់ នៃក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រាង សែនក្រុងពាលី បញ្ចុះបឋមសិលា សាងសង់ អាគារមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ដ៏ប្រណិតទាន់សម័យ! ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តបាត់ដំបង៖ យើទាំងអស់គ្នាចងចាំមិនភ្លេចបានឡើយនូវស្មារតី ២ធ្នូ ដែលជាថ្ងៃប្រវត្តិសាស្រ្តរំដោះជាតិ ចេញពីរបបកម្ពុជាប្រជាធិបតេយ្យ ()

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តបាត់ដំបង ប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពត ទុកពេល១៥ថ្ងៃ ឲ្យអាជ្ញាធរស្រុកកំពង់ត្រាច ចុះសិក្សារាល់បញ្ហាពាក់ព័ន្ធនឹងសំណូមពររបស់ពលរដ្ឋ រួចរាយការណ៍ជូនក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលរាជធានីភ្នំពេញរៀបចំពិធីបួងសួងសុំសេចក្តីសុខ ក្នុងព្រះរាជពិធីបុណ្យអុំទូក ()

វីដែអូ